ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន និង​តំណាង​UN ប្តេជ្ញា​លើកកម្ពស់​​អក្ខរកម្ម​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​​ការ​ទទួល​ព័ត៌មាន​ត្រឹមត្រូវ និង​មាន​សុវត្ថិ​ភាព​​នៅ​កម្ពុជា

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ព័ត៌មាន និង​តំណាង​អង្គការសហប្រជាជាតិ​(UN) ប្តេជ្ញា​លើកកម្ពស់​អក្ខរកម្ម​ព័ត៌មាន ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ការ​ទទួល​ព័ត៌មាន​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​នៅ​កម្ពុជា​ ។ កាលពីរសៀល​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ព័ត៌មាន និង​តំណាង​អង្គការសហប្រជាជាតិ​(UN) ប្តេជ្ញា​លើកកម្ពស់​អក្ខរកម្ម​ព័ត៌មាន ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ការ​ទទួល​ព័ត៌មាន​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​នៅ​កម្ពុជា​ ។

កាលពីរសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន ពិសេស​ ផ្តោត​លើ​ការ​លើកកម្ពស់​អក្ខរកម្ម​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ និង​សុវត្ថិភាព​ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ក្នុង​អាណត្តិ​ទី​៧​នេះ ក្រសួង​ព័ត៌មាន​បាន​ប្រែក្លាយ​ខ្លួន​ជា​ស្ថាប័ន​កិច្ចការ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ការងារ​គ្រប់គ្រង​សន្តិសុខ​ព័ត៌មាន​ដោយ​ផ្អែក​លើ​សសរស្តម្ភ​៣ គឺ​៖ សិទ្ធិ​ទទួល​ព័ត៌មាន គុណភាព​ព័ត៌មាន និង​សុវត្ថិភាព​ព័ត៌មាន​ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ក្នុង​បរិបទ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប និង​បណ្តាញ​សង្គម​កើន​ឡើង ការ​ធានា​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ដែល «​ពិត​មាន​ប្រភព​ច្បាស់លាស់ និង​មាន​សុវត្ថិភាព​» គឺជា​កិច្ចការ​ចម្បង​បំផុត​មួយ​របស់​ក្រសួង​ ។

ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​លោកស្រី Vladanka អំពី​វឌ្ឍនៈភាព​និង​ភាព​ជោគជ័យ​នៃ​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ដែល​បាន​អនុវត្ត​នៅ​ក្នុង​២៥​រាជធានី​-​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​រំលេច​ពី​សារសំខាន់​នៃ​យុទ្ធនាការ​នេះ​ថា​ បាន​រួមចំណែក​ក្នុង​ការ​បង្កើន​សមត្ថភាព​ពលរដ្ឋ​ឱ្យ​មាន​ភាព​ធន់​នឹង​ឥទ្ធិពល​អវិជ្ជមាន​នៃ​ព័ត៌មាន​ក្លែងក្លាយ​ ។ មិនតែប៉ុណ្ណោះ យុទ្ធនាការ​នេះ ​បាន​បណ្តុះ​ស្មារតី និង​បង្កើត​ទម្លាប់​មហាជន​ឱ្យ​ចេះ​វិភាគ ត្រិះ​រិះ និង​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ រាប់​ទាំង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​បច្ចេកវិទ្យា​Ai ផង​ដែរ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ ។

លោកស្រី Vladanka Andreeva បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​យ៉ាង​សកម្ម​របស់​ក្រសួង​ព័ត៌មាន ក្នុង​នាម ​ជា​សេនាធិការ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​បំពុល​ព័ត៌មាន​នានា​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម និង​សុខុមាលភាព​របស់​យុវវ័យ​ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​បាន​ជម្រាប​ជូន​លោកស្រី Vladanka អំពី​ការ​ពង្រឹង​សណ្តាប់ធ្នាប់ និង​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ក្រសួង​ព័ត៌មាន​បាន​និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ក្នុង​ចំណោម​កិច្ចការ​អាទិភាព​ដទៃ​ទៀត ដើម្បី​ធានា​សុវត្ថិភាព​ព័ត៌មាន តាម​រយៈ​ការ​ពង្រឹង​ការ​គោរព​ក្រមសីលធម៌ និង​និយាម​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន សម្រាប់​ផ្តល់​ព័ត៌មាន​ពិត មានគុណ​ភាព​ក្នុង​បរិបទ​ឌី​ជី​ថ​ល និង​ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ដើម្បី​គាំទ្រ​ដល់​ការ​លើកកម្ពស់​គុណភាព​ព័ត៌មាន និង​ការ​ពង្រឹង​តួនាទី​របស់​សារព័ត៌មាន​ក្នុង​ការ​បម្រើ​ប្រយោជន៍​សង្គម ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ចូលរួម​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដូច​ជា UNESCO និង OHCHR ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ព័ត៌មាន​។ ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​នៃ​បច្ចេកវិទ្យា ឱ្យទៅ​ជា​កាលានុវត្តភាព ដើម្បី​កសាង​សង្គម​កម្ពុជា​ឱ្យ​មាន​ភាព​ធន់ ពោរពេញ​ដោយ​ចំណេះដឹង និង​ព័ត៌មាន​ពិត​ច្បាស់លាស់ សម្រាប់​ការ​អភិវឌ្ឍ​ដោយ​បរិ​យា​បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ