ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​​ព្រៃ​លិច​ទឹក​ដែល​ហាមឃាត់​ដាច់​ខាត​មិន​​​ឱ្យបំពាន គេ​នៅ​​តែ​ផ្គើន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​នានា ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​តំបន់ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​មានការ​រំលោភ​បំពាន នៅ​តែ​រង​ការ​កាប់​ទន្ទ្រាន​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ ដែល​បង្ក​ឡើង​ដោយ​ពួក​ជន​ទុច្ចរិត ដែល​គេ​សង្ស័យ​​​អាច​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់ហាមឃាត់​នេះ​។ ជាក់ស្ដែង…

ខេត្តបាត់ដំបង​៖ ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​នានា ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​តំបន់ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​មានការ​រំលោភ​បំពាន នៅ​តែ​រង​ការ​កាប់​ទន្ទ្រាន​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ ដែល​បង្ក​ឡើង​ដោយ​ពួក​ជន​ទុច្ចរិត ដែល​គេ​សង្ស័យ​​​អាច​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់ហាមឃាត់​នេះ​។

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ អាជ្ញាធរ​ស្រុក​សង្កែ សហការ​ជាមួយ​មន្ត្រី​ជលផល បាន​ចុះ​ត្រូ​ត​ពិនិត្យ​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​​ ​«​តំបន់​៣» ដែល​ជា​តំបន់ហាមឃាត់ ក្នុងភូមិ​សាស្ត្រ ឃុំ​កំពង់ព្រះ បាន​រក​ឃើញ​មានការ​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​ថ្មី​ៗ ដែល​បង្ក​ឡើង​ដោយ​ជន​ទុច្ចរិត តែ​អាជ្ញារ​ធរ​បាន​អះអាង​ថា គេ​បាន​ស្គាល់​អត្តសញ្ញាណ ជន​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​នោះ​ហើយ​។

អភិបាលរង​ស្រុក​សង្កែ លោក ហែម សុ​ភ័​ក្រ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លើ​ទីតាំង​បទល្មើស​ផ្ទាល់ បាន​ថ្លែងប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ ដោយ​ទ​ទូល​ស្គាល់​ថា «​បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង នៅ​តំបន់​ព្រៃ​លិច​ទឹក​នោះ ពិតជា​មានការ​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​មែន​»​។ លោក​អភិបាលរង បាន​ប្រាប់​ថា ទីតាំង​ដែល​លោក​ដឹកនាំ​កម្លាំង​ចុះ​ត្រូ​ត​ពិនិត្យ​នោះ ស្ថិត​នៅ​ក្នុង​«​តំបន់​៣» ក្នុងភូមិ​សាស្ត្រ ឃុំ​កំពង់ព្រះ ដែល​ជា​តំបន់ហាមឃាត់​ដាច់ខាត​មិន​អនុញាត​ឲ្យ​កាប់​រុន​រាន​។​បើ​តាម​ពិនិត្យ​ជាក់ស្ដែង​នៅ​តំបន់​នោះ គឺ មាន​ស្នាម​ឈួ​ស​ឆាយ​ចាស់​និង​ទើប​ឈួ​ស​ឆាយ​ថ្មី​ៗ​។

បើ​យោង​របាយ​ការ​ណ៏​បឋម​ពី​មន្ត្រី​ដែល​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​ដែរ បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង ទំហំ​ដី​ដែល​ជន​ទុច្ចរិត​បាន​ឈួ​ស​ឆាយ​កាលពី​ឆ្នាំទៅ​ម៉ិ​ញ និង ទើប​កាប់​រាន​ថ្មី​ៗ​នេះ​មាន​ប្រហែល​ជាង​៤០​ហិច​តា​។ ទីតាំង​ដី​ព្រៃ​លិច​ទឹក ដែល​ពួក​ឈ្មួញ​កំពុង​ឈួ​ស​ឆាយ​រំលោភ​បំពាន​យក​នេះ នៅ​ចំណុច​បឹង​កុ​ល ស្ថិត​ក្នុងភូមិ​អណ្ដូង​ត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។

លោក ហែម សុ​ភ័​ក្រ បាន​បញ្ជាក់​ថា យើង​មិន​ទាន់​ដឹង​ពី​ទំហំ​ដី​ជាក់លាក់ ដែល​ត្រូវ​បាន​រំលោភ​បំពាន​នោះ​នៅឡើយ​ទេ ព្រោះ​ខាង​មន្ត្រី​ជលផល​កំពុង​ធ្វើ​របាយ​ការ​ណ៏​នេះ​។ ប៉ុន្តែ​យើង​បាន​ស្គាល់​អត្តសញ្ញាណ​ជន​ដែល​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ​ហើយ​។ ពេល​នេះ​យើង​កំពុង​ធ្វើ​របាយ​ការ​ណ៏​ដាក់​ជួន​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ជុំវិញ​ករណី កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​«​តំបន់​៣» ក្នុង​ខេត្តបាត់ដំបង ពី​សំណាក់​ជន​ទុច្ចរិត ដែល​គេ​អះអាង​ថា អាច​មានការ​ឃុំ​ឃិ​ត​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​ផង​នោះ​។ បច្ចុប្បន្ន​បទល្មើស​នេះ​ហាក់​កំពុង​កើតឡើង​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​«​តំបន់​៣»​នៃ​ទឹកដី​បាត់ដំបង​។ ដោយសារ​តែ​ជន​ទុច្ចរិត​បង្កើន​សកម្មភាព​កាន់តែ​គ​គ្លើ​ន​ស្ទើរ​មិន​អាច​ទប់​ស្កាត់​បាន ទើប​អាជ្ញាធរ​ខេត្ត​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដេក​យាម​ការពារ​ដី​ព្រៃ​លិច​ទឹក​នៅ​«​តំបន់​៣»​នោះ​តែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ដី​ព្រៃ​លិច​ទឹក​នៅ ​«​តំបន់​៣» ដែល​រង​ការ​កាប់​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ រហូត​អាជ្ញាធរ​សម្រេច​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅ​បោះជំរុំ​ដេក​ការពារ​នោះ មា​នទី​តាំងនៅ​ចំណុច​«​ក្រពើ​ស្គម​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ​។ ហើយ​រហូត​មក​ដល់​ពេល​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្ដូ​រវេ​ណ​គ្នា​ចុះ​ទៅ​ដេក​យាម​ប្រចាំ​ការ​អស់​រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ​។

ហើយ​បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា កម្លាំង​សមត្ថកិច្ច​អាច​ដេក​យាម​ដី​ព្រៃ​នៅ​តំបន់​នោះ រហូត​ដល់​រដូវវស្សា ទើប​អាច​ដក​កម្លាំង​ត្រឡប់​ចូល​អង្គភាព​វិញ​បាន​។ ព្រោះ​ជនល្មើស​នៅ​តែ​ចិ​ញ្ចិ​ម​ចិត្ត​រង​ចាំ​ឪ​កាស​ឆ្មក់​ចូល​រុករាន​បន្ត​ទៀត ប្រសិនបើ​អាជ្ញាធរ​ដក​កម្លាំង​ចេញពី​តំបន់​នោះ​មុន​ពេល​រដូវ​ទឹក​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ