ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ៖ មិន​ហាមឃាត់​ក្រុម​ណាមួយ​បង្កើត​គណបក្ស​នយោបាយ​ទេ តែ​កុំ​យកឈ្មោះ​គាត់​ប្រើ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា លោក​មិន​បាន​ហាមឃាត់​បុគ្គល​ណា ឬ​ក្រុម​ណាមួយ ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា លោក​មិន​បាន​ហាមឃាត់​បុគ្គល​ណា ឬ​ក្រុម​ណាមួយ ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នោះ​ទេ ។ នេះ​បើ​តាម​មេធាវី​របស់​លោក ។

លោកស្រី ម៉េ​ង សុភា​រី មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ​ឆ្នាំ​២០២១​ថា​« ដើម្បី​ជៀសវាង​ការ​ភ័ន្ត​ច្រឡំ ឬ​បកស្រាយ​ខុស​ពី​បំណង​របស់​ឯកឧត្តម កឹ​ម សុខា នាង​ខ្ញុំ​សូម​ជំរាប​ថា ឯកឧត្តម កឹ​ម សុខា មិន​បាន​ហាមឃាត់ ឬ​រារាំង ឬ​ចោទប្រកាន់​បុគ្គល ឬ​ក្រុម​ណា​ដែល​បាន​បង្កើត​បក្សនយោបាយ ឬ​ចង់​បង្កើត​បក្សនយោបាយ​ថ្មី ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ​» ។

លោកស្រី​ថា បំណង​របស់​លោក កឹ​ម សុខា គ្រាន់តែ​មិន​ចង់​ឲ្យ​យកឈ្មោះ ឬ​ករណី​របស់​គាត់​ទៅ​ប្រើ​ដូច​មាន​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​សហ​មេធាវី ចុះ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​មក ។ លោកស្រី​មេធាវី​លើក​ឡើង​ថា ដូច​យើង​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា កន្លង​មក​មាន​បុគ្គល​មួយ​ចំនួន​បាន​យកឈ្មោះ និង​ករណី​របស់​ឯកឧត្តម កឹ​ម សុខា ទៅ​ភ្ជាប់​ដូច​ជា ការ​ប្រើ​ពាក្យ​ថា សម​រង្សី កឹ​ម សុខា ជា​មនុស្ស​តែ​មួយ ហើយ​បាន​យកសារ​ដែល​មានឈ្មោះ​លោក កឹ​ម សុខា ទៅ​ធ្វើការ​រៃ​អង្គាស់ប្រាក់ ដែល​មិន​ពាក់ព័ន្ធ​លោក កឹ​ម សុខា ទាល់តែ​សោះ ក៏​ដូច​ជា​មានការ​យកឈ្មោះ លោក​ទៅ​ភ្នាល់​គ្នា​ការ​បង្កើត​ចលនា​២​ធ្នូ ដែល​មិន​មានការ​យល់ព្រម និង​ការ​គាំទ្រ​ពី​លោក​កឹ​ម សុខា ឡើយ ហើយ​ករណី​នេះ​សហ​មេធាវី​របស់​លោក ក៏​ធ្លាប់​បាន​ចេញ​សេចក្តីថ្លែងការណ៍​ក្នុង​នាម​លោក​កឹ​ម សុខា រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​២ ធ្នូ​២០១៨ កន្លង​មក ។

លោកស្រី​បន្ត​ថា ដោយឡែក​ថ្មី​ៗ​នេះ​មាន​បុ​គ្ក​ល និង​ក្រុម​មួយ​ចំនួន​ដែល​បាន​បង្កើត​គណបក្ស​ថ្មី​ៗ មានការ​ភ្ជាប់​ឈ្មោះ​លោក​កឹ​ម សុខា ផង​ដែរ ដើម្បី​ប្រយោជន៍​គណបក្ស​ថ្មី​នោះ ។ លោកស្រី​បន្ថែម​ថា​លោក កឹ​ម សុខា ចង់​បញ្ជាក់​ថា​ការ​បង្កើត​គណបក្ស​នយោបាយ​ណាមួយ​គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ ប៉ុន្តែ​សូម​ធ្វើ​នយោបាយ​ប្រកបដោយ​គុណ​ធ​ម៏​និង​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ។

លោកស្រី​មេធាវី​ថា​« ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ឯកឧត្តម កឹ​ម សុខា បច្ចុប្បន្ន​កំពុង​ជាប់​បំរាម​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ ហេតុនេះ​សកម្មភាព​នយោបាយ​សុំ​មិន​អោយ​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម ឡើយ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​មេធាវី​ថា ការ​ចេញ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​៧ ខែកុម្ភ​: ឆ្នាំ​២០២១ គឺ​ចង់​បញ្ជាក់​ជំហរ​របស់​ឯកឧត្តម​ថា បុគ្គល ឬ​ក្រុម​ណា​ដែល​មាន​បំណង​បង្កើត ឬ​បាន​កំពុង​បង្កើត ឬ​បាន​បង្កើត​គណបក្ស​នយោបាយ ឬ​ចលនានយោបាយ​ណាមួយ គឺ​ឯកឧត្តម​មិន​ពាក់ព័ន្ធ​ឡើយ ដើម្បី​កុំអោយ​មតិ​សាធារណៈជន​មានការ​ភ័ន្ត​ច្រឡំ​ថា​ឯកឧត្តម កឹ​ម សុខា មាន​ទំនាក់ទំនង​នយោបាយ​ជាមួយ ។

សូម​ជម្រាប​ថា​ការ​លើក​ឡើង​របស់​មេធាវី​បន្ទាប់​ពី​ក្រុម លោក អ៊ូ ច័ន្ទ​រ័​ត្ន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រួម​នឹង​មន្ត្រី​មួយ​ចំនួន​ទៀត​បាន​សម្រេច​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ​ថា​៖«​គណបក្ស​កែទម្រង់​កម្ពុជា​»​ដែល​គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ​នៅ​ពេល​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ