ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង8និង30នាទីព្រឹកថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2021 នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែថ្មី ស្រុករលាប្អៀរ បន្ទាប់ពីមន្ត្រីនគរបាលប៉ុស្តិ៍ទៅដាសលោកនាយប៉ុស្តិ៍នគរបាលដែលដេកយាមប្រចាំការ ទើបដឹងថា បាត់បង់ជីវិតបាត់ទៅហើយ ។
លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលដែលបានបាត់បង់ជីវិតនៅនឹងប៉ុស្តិ៍នគរបាលខាងលើ ឈ្មោះ កែវ សុផង់ អាយុ55ឆ្នាំ មានអត្ថលេខ 45 770 និងមានប្រពន្ធឈ្មោះប៉ែន សុខនី អាយុ53ឆ្នាំ មានកូន7នាក់ រស់នៅភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅយប់កើតហេតុ គឺវេលាម៉ោងជាង1 រំលងអធ្រាត្រឈានព្រឹកថ្ងៃកើតហេតុទៅហើយ លោកនាយនគរបាលប៉ុស្តិ៍រងគ្រោះខាងលើ មិនទាន់ដេកនៅឡើយទេ គឺនៅជជែកតាមវិទ្យុទាក់ទងជាមួយនឹងអធិការនគរបាលស្រុករលាប្អៀរ ប៉ុន្តែបន្ទប់លោកនាយនគរបាលប៉ុស្តិ៍រងគ្រោះបិទទ្វារ និងខ្ទាស់គន្លឹះពីក្នុង ។
តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោងជាង8ព្រឹកទៅហើយ មិនឃើញលោកនាយនគរបាលប៉ុស្តិ៍រងគ្រោះងើបចេញមកក្រៅ ទើបមន្ត្រីនគរបាលប៉ុស្តិ៍ក៏បានចូលទៅដាស ប៉ុន្តែមិនឃើញឆ្លើយពីក្នុងបន្ទប់វិញទេ ហើយមន្ត្រីនគរបាលប៉ុស្តិ៍ក៏មើលតាមប្រឡោះជញ្ជាំង ឃើញនាយនគរបាលប៉ុស្តិ៍រដ្ឋបាលដេកមិនកំរើក ដោយមានការសង្ស័យ ក៏បានប្រាប់ទៅលោកមេឃុំដែលនៅជិតនោះ ហើយក៏បាននាំគ្នាគាស់បង្អួចចូលមើល ទើបដឹងថា លោកនាយនគរបាលប៉ុស្តិ៍រងគ្រោះរូបនោះបានបាត់បង់ជីវិតទៅហើយ។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយមកក៏រាយការណ៍ទៅស្នងការនគរបាលខេត្ត ហើយមន្ត្រីនគរបាលបច្ចេកទេសក៏បានទៅពិនិត្យសពជនរងគ្រោះដែលជានាយប៉ុស្តិ៍ ដល់កន្លែងកើតហេតុ និងបានសន្និដ្ឋានថា ជនរងគ្រោះបានបាត់បង់ជីវិតដោយសារជំងឺលើសឈាម នៅចន្លោះពីម៉ោងប្រហែល២ទៅ៣ទៀបភ្លឺ រួចក៍បានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
តាមការបញ្ជាក់ពីលោក នូ ឃាន ដែលជាមេឃុំស្រែថ្មី បានឲ្យដឹងថា លោក កែវ សុផង់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ជាមនុស្សល្អ ស្លូតបូតសុភាពរាបសា និងចេះគោរពបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលរូបនោះ ក៏មានជំងឺប្រចាំកាយ គឺជំងឺលើសឈាម និងលេបថ្នាំជាប្រចាំផងដែរ លុះនៅវេលាម៉ោងកើតហេតុ ក៏ប្រទះឃើញលោកនាយនគរបាលប៉ុស្តិ៍រូបនេះបានបាត់បង់ជីវិតទៅហើយ៕











ចែករំលែកព័តមាននេះ