ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ម៉្លេះ? បោះពួយ​យ៉ាង​លឿន​​បុក​បន្តកន្ទុយ​គ្នា​៥​គ្រឿង​ឆក់​ជីវិត​អ្នក​បើក​កង់​​បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ប៊ែ​ន​ដឹក​ដី​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី និង​រថយន្ត​ចំនួន​៣​គ្រឿង​ទៀត​បន្តកន្ទុយ​គ្នា​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​រង​របួសធ្ងន់​ចំនួន​២​នាក់ ។ ហេតុការណ៍​ដ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ប៊ែ​ន​ដឹក​ដី​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី និង​រថយន្ត​ចំនួន​៣​គ្រឿង​ទៀត​បន្តកន្ទុយ​គ្នា​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​រង​របួសធ្ងន់​ចំនួន​២​នាក់ ។ ហេតុការណ៍​ដ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ស្តុ​ប​បា​គូ តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ជើងឯក​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ចំនួន​៣​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​បា​គូ ដោយ​រថយន្ត​ទី​១​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BI-1766 បើកបរ​ជា​លក្ខណៈ​គ្រួសារ​មាន​គ្នា​៣​ទៅ​៤​នាក់​។ រថយន្ត​ទី​២ ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-4719 បើកបរ​ដោយ​បុរស​ម្នាក់ និង​បាន​បន្ត​ពីក្រោយ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ខាងលើ ។

ប្រភព​ដដែល​បន្ត​ថា រីឯ​រថយន្ត​ទី​៣ ជា​រថយន្ត​កុងតឺន័រ ម៉ាក​ហ៊ី​ណូ ពណ៌​បៃតង់​លាយ​លឿន ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7372 បើកបរ​ដោយ​បុរស​ម្នាក់ និង​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​ទន្ទឹម​ខាងស្តាំ​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ។ ចំណែកឯ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ទៀត​ម៉ាក​បា​ចា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GS-6894 បើកបរ​ដោយ​បុរស​ជា​ប្តី និង​ស្ត្រី​ជា​ប្រពន្ធ រួម​ទាំង​កូនប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ទៀត​រួម​ដំណើរ​ពីក្រោយ បាន​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​នៅ​ពីក្រោយ​រថយន្ត​ទាំង​៣​គ្រឿង​នោះ រួម​ជាមួយ​យានយន្ត​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​នោះ ស្រាប់តែ​មាន​រថយន្ត​ប៊ែ​ន​ដឹក​ដី​មួយ​គ្រឿង​ទៀត​ម៉ាក UD TRUCKS ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-2760 បើកបរ​ដោយ​បុរស​ម្នាក់ តាម
បណ្ដោយ​​ផ្លូវ​៥០​ម៉ែត្រ ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះដល់​ចំណុច​ស្តុ​ប​កើតហេតុ រថយន្ត​ប៊ែ​ន​ដឹក​ដី​នោះ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ឥណ្ឌា​ទាំង​កំរោល និង​រុញ​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​កុងតឺន័រ​ពេញទំហឹង​ទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​រថយន្ត​ប៊ែ​ន​ដឹក​ដី​នោះ​ដោយ​មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ជ្រុល​ទៅ​មុខ​ទៀត រួច​ក៏​ទៅ​បុក​ពីក្រោយ​រថយន្ត​តា​កូ​ម៉ា​ព្រូស ពណ៌​ទឹកប្រាក់ ធ្វើ​ឲ្យ​រថយន្ត​រុញ​ទៅ​បុក​បន្ត​ពីក្រោយ​រថយន្ត​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ដែល​ឈប់​នៅ​ខាង​មុខ​គេ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាងក្រោយ​។ រីឯ​រថយន្ត​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ បាន​រង​ការ​ខូចខាត​ក្រពឹត​ទាំង​ផ្នែក​ខាង​មុខ និង​ខាងក្រោយ​យ៉ាងដំណំ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែកឯ​រថយន្ត​កុងតឺន័រ​បាន​រង​ការ​ខូចខាត​បន្តិចបន្តួច រីឯ​ម៉ូតូ​កង់​បី​ឥណ្ឌា​វិញ​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង និង​បណ្តាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ត្រូវជា​ប្តី​វ័យ​៥០​ឆ្នាំ​បាន​រង​របួស​បាក់ជើង​ខាងឆ្វេង​សន្លប់​ស្ដូកស្ដឹង រីឯ​ស្ត្រី​ជា​ប្រពន្ធ និង​កូន​ដែល​រួម​ដំណើរ​ពី​ក្រោយ​បាន​រង​របួសធ្ងន់​។ ដោយឡែក​រថយន្ត​ប៊ែ​ន​ដឹក​ដី​បង្ក​បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​កាង​ខាង​មុខ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ក៏​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​តែ​ម្តង​។

បន្ទាប់​មក​មាន​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្តកន្ទុយ​គ្នា​ខាងលើ​នេះ ក៏​មាន​រថយន្ត​របស់​គ្លីនិក​ឯក ស៊ឹង​ម៉ា​រី បាន​មក​ដឹក​យក​បុរស​ជា​ប្តី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។ ចំណែកឯ​ប្រពន្ធ និង​កូន​ក៏​ត្រូវ​បាន​រថយន្ត​របស់​គ្លីនិក​ឯក​មួយទៀត​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​ភ្លាម​ៗ​។ តែ​ជា​អកុសល​បុរស​រង​គ្រោះជា​ប្តី​ក៏​បាន​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​ដោយ​រថយន្ត តូ​យ៉ូ​តា​ព្រូស ពណ៌​ស មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ ក៏​ព្រម​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​។ ដោយឡែក​រថយន្ត​ទាំង​៣​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ។ រីឯ​សព​ជន​រង​គ្រោះ​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ