ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បញ្ជា​រដ្ឋមន្ត្រី​២​រូប​បង្កើន​លុយ​ផាកពិន័យ​ឲ្យ​ធ្ងន់​ចំពោះ​អ្នក​គេចវេះ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ ដើម្បី​ធ្វើ​វិ​សោត​ន​កម្ម​នូវ​មាត្រា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផាកពិន័យ​អន្តរការណ៍ចំពោះ​ជន​ណា​ដែល​គេចវេស​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក ។

«​មាន​បងប្អូន​យើង​មួយ​ចំនួន​បាន​លួច​ឆ្លង ពី​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ចូល​មក​ផ្ទៃក្នុង​ប្រទេស​ដោយ​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ ប៉ុន្តែ​នៅ​ផ្នែក​ខាងក្រៅ​របស់​យើង​ដែល​រួម​មាន ភូមិ ឃុំ ស្រុក រហូត​ដល់​ខេត្ត ជា​ពិសេស​ប្រជាពលរដ្ឋ គឺ​មិន​ព្រម​ឲ្យ​អ្នក​ដែល​មក​ពី​ខាងក្រៅ ដោយ​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​នាំ​អាច​ទៅ​ការ​ឆ្លង​ដល់​សហគមន៍​នោះ​ទេ ។ ដូច្នេះ​យើង​បាន​យក​បងប្អូន​ទាំងនោះ យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ប៉ុន្តែ​យើង​មិន​ទាន់​បាន​អនុវត្ត​នូវ​វិធាន​ការ​ទណ្ឌកម្ម​នៅឡើយ ។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នៅ​ក្នុង​សារ​សម្លេង​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១​។

រូបតំណាង

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ត​ថា «​តែ​ខ្ញុំ​គិត​ថា​ស្នើ​សុំ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ពិភាក្សា​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អាច​ធ្វើការ​កែតម្រូវ​ធ្វើ​វិ​សោត​ន​កម្ម មាត្រា​ទី ៨ ឡើង​វិញ ដោយ​បង្កើន​ចំនួន ការ​ពិន័យ​នេះ ឲ្យ​មានការ​កើនឡើង ព្រោះថា​ការ​ពិន័យ​តិចតួច​យ៉ាងនេះ គឺ​អាច​នឹង​ធ្វើ​ឲ្យ​អ្នកមាន​ប្រាក់​ចំណូល​ច្រើន​គួរសម​មិន​ខ្លាច​នឹង​ការ​បង់ប្រាក់​នោះ​ទេ​» ។

សម្តេច​បន្ត​ថា «​ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល ក៏​ដូច​ជា​មន្ត្រី​មូលដ្ឋាន​អនុវត្ត​នូវ​មាត្រា​ទី ៨ ទាក់ទង​នឹង​ការ​ផាកពិន័យ​អន្តរកាល សម្រាប់​អ្នក​ដែល​គេចវេស​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​ខាន​តែ​បាន ។ ពិន័យ​នេះ​គឺជា​វិធាន​ការ​ស្រាល​ណាស់​សម្រាប់ ប្រសិនបើ​មាន​បញ្ហា​ទាក់ទង​ទៅ​នឹង​ជំងឺឆ្លង​» ។

រូបតំណាង

យោង​តាម​មាត្រា​៨ នៃ​អនុក្រឹត្យ​ស្តី​ពី វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅ​តាម​ច្រក​ចេញចូល ចុះ​ថ្ងៃ​ទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ បាន​ចែង​ថា «​អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹក​ជ​ញ្ជួ​ន​ណា​ដែល​គេច​វះ មិន​ឲ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ​ដែល​មាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ២០ ម៉ឺន​រៀល ដល់​១​លាន​រៀល ទៅ​តាម​ទំហំ​នៃ​បទល្មើស និង​តម្រូវ​ឲ្យ​អនុវត្ត​វិធានការ​សុខ​ភិ​បាល​» ។

សម្តេច​បាន​បញ្ជា​ថា​រដ្ឋមន្ត្រី​ទាំង ២ រួប និង​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ត្រូវ​រៀបចំ​ធ្វើ​វិ​សោត​កម្ម​អនុក្រឹត្យ​ដែល​មាន​រួច​មក​ហើយ​នេះ តែ​ពង្រឹង​ចំណុច​ទាក់ទិន​និង​ការ​ផាកពិន័យ «​ដើម្បី​ធានា​ថា​យើង​អនុវត្ត​ទៅ​នឹង​មាន​ប្រសិទ្ធភាព​» ។

សម្តេច​បាន​បន្ត​ថា​នៅ​ក្នុង​អនុក្រឹត្យ​ខាងលើ​នេះ​ផង​ដែរ ក៏​បាន​បញ្ជាក់​ថា «​ការ​ទទួល​ពិន័យ​អន្តរការណ៍​នេះ​មិន​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស​រួច​ផុត​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ឡើយ​» ។ ដូច្នេះ​ជន​ណា​ដែល​ក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​សុខភាព ក្នុង​គោលបំណង​គេចវេះ​ពិការ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ​ន្ទា​ទោស​តាម​ច្បាប់ព្រហ្មទណ្ឌ​ជា​ធរមាន ។

សម្តេច​បាន​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ធានា​ថា​យើង​ត្រូវធ្វើ​ឲ្យ​បាន​ម៉ត់ចត់ អំពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ យើង​មិន​ត្រូវ​មានការ​អត់ធ្មត់ ឬ​ក៏​មិន​មានការ​មើល​រំលង​អនុវត្ត​លិខិត​បទដ្ឋាន​គតិ​យុ​តរបស់​រាជរដ្ឋាភិបាល​ទៅ​ទៀត​ទេ ។ តែ​មុន​នេះ​យើង​បាន​អនុវត្ត​ខ្លះទៅ​លើ​អ្នក​ដែល​បាន​រត់គេច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក សំដៅ​ពលរដ្ឋ​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​វិល​មក​កម្ពុជា​ហើយ​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ធ្លាប់​អនុវត្ត​ត្រឹម ២ ឬ ៣ ករណី រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ