ខេត្តកែប៖ អ្នកធ្វើដំណើរមកលំហែកាយនៅឆ្នេរកែប ក៏ដូចអ្នកនេសាទ បានត្អូញត្អែរពីរឿងគេហ៊ុំព័ទ្ធបិទផ្លូវ តាមបណ្ដោយឆ្នេរ គឺខាងត្បូង និងខាងជើង នៅជាប់មជ្យ្ឍមណ្ឌលធនធានតំបន់ឆ្នេរខេត្តកែប។ ការធ្វើរបងបាំងដោយសង្ក័សីទាំងសង់ខាង ដល់មាត់ទឹកបែបនេះ ធ្វើអោយអោយអ្នកទេសចរ ក៏ដូចជាអ្នកនេសាទ រអ៊ូរទាំ រកផ្លូវដើរ តាមបណ្ដោយឆ្នេរ មិនកើត។
លោក ណុប សំអុន ចៅសង្កាត់កែប បានមានប្រសាសន៍ថា ការធ្វើរបងបិទផ្លូវនោះ លោកមិនបានដឹងទេ។
លោក ណុប សំអុន បានបង្វែរអោយអ្នកយកព័ត៌មាន ទៅសួរខេត្តវិញម្ដងទៅ។
ប៉ុន្តែលោកស្រី ទិត្យ សុខា អភិបាលក្រុងកែប បានមានប្រសាសន៍ តាមទូរស័ព្ទ ប្រាប់អ្នកយកព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះថា ដីដែលនៅជាប់មជ្ឈមណ្ឌលធនធានតំបន់ឆ្នេរខេត្តកែបនោះ គេគ្រាន់តែហ៊ុំព័ទ្ធដីរបស់គេទេ ព្រោះដីនោះ គេមានប្លង់កម្មសិទ្ធិ។
យ៉ាងណាក៏ដោយ មន្ត្រីម្នាក់នៅសាលាខេត្តកែប ហើយសុំមិនបញ្ចេញឈ្មោះ និយាយថា បើដីគេមានប្លង់ គួរណាស់ទុកផ្លូវតាមបណ្ដោយឆ្នេរនោះ អោយគេដើរកំសាន្តទៅ ល្អមើលដែរ ហើយបើចាប់ផ្ដើមបិទបណ្ដើរៗទៅហើយនោះ វាមិនមានសោភ័ណ្ឌភាពអី្វទៀតទេ នៅឆ្នេរសមុទ្រ៕ ដោយ៖ កែវ ឆាត




ចែករំលែកព័តមាននេះ