ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំរឿងកប៉ាល់ Westerdam? អូស្ត្រាលីថ្លែងអំណរគុណដល់កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំប្រទេសកម្ពុជា រួមទាំងស្ថានទូតអូស្ត្រាលី បានបញ្ចេញសារជាហូរហែរកាលពី ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១​ដែលជាថ្ងៃគម្រប់ខួប ១ឆ្នាំនៃការចូលចតកប៉ាល់…


រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំប្រទេសកម្ពុជា រួមទាំងស្ថានទូតអូស្ត្រាលី បានបញ្ចេញសារជាហូរហែរកាលពី ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១​ដែលជាថ្ងៃគម្រប់ខួប ១ឆ្នាំនៃការចូលចតកប៉ាល់ Westerdam នៅកម្ពុជា ដោយក្នុងនោះស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាក៏បានសម្តែងការអរគុណដល់ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍កប៉ាល់នេះ ព្រមទាំងបដិសណ្ឋារកិច្ចដែលបានផ្តល់ដល់ប្រជាជនអូស្ត្រាលីជាច្រើននាក់នៅដែលនៅលើកប៉ាល់ ខណៈពេលនោះកប៉ាល់មួយនេះត្រូវបានបណ្តាប្រទេសមួយចំនួនមិនឲ្យចូលចតដោយការភ័យខ្លាចនៃវីរុសកូវីដ ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងក្លានោះ ។



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារបញ្ជាក់ថា ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១  (១៣ កុម្ភៈ ២០២០ -១៣ កុម្ភៈ ២០២១) ដែលប្រទេសកម្ពុជាបានទទួលនាវាទេសចរណ៍ខ្នាតអន្តរជាតិ Westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណ ១៤៥៥នាក់ និងនាវិកចំនួន៨០២នាក់មកពី៤១ប្រទេស អោយចូលចតនៅក្រុងព្រះសីហនុ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា «យើងចាំច្បាស់ណាស់គឺនៅពេលពេលនោះពិភពលោកមានការភ័យខ្លាចរន្ធត់យ៉ាងខ្លាំងអំពីការរីករាលដាលជម្ងឺកូវីដ-១៩ ដែលបានធ្វើអោយប្រទេសជាច្រើនមិនអនុញ្ញាតអោយនាវាទេសចរណ៍ Westerdam ចូលចតដាច់ខាត ទោះបីបានដឹងថានៅក្នុងនាវានោះមានជីវិតមនុស្សរាប់ពាន់នាក់ដែលកំពុងអស់សង្ឃឹមហើយប្រឈមនឹងអត់ស្បៀងអាហារ និងជាពិសេសប្រឈមនឹងគ្រោះកាចនៃជំងឺឆ្លងកូវីដ១៩» ។

សម្តេចបានបញ្ជាក់បន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់ សម្តេច«មិនអាចទុកជីវិតមនុស្សរាប់ពាន់នាក់អោយស្លាប់នៅកណ្តាលមហាសាគរបានឡើយ។ បើទោះបីកម្ពុជាជាប្រទេសតូចគ្មានធនធានដូចប្រទេសធំៗមួយចំនួនមែនពិត ប៉ុន្តែកម្ពុជាមានបេះដូងមនុស្សធម៍ធំទូលាយបានទទួលស្វាគមន៍នាវាចូលចត និងបានសង្គ្រោះអ្នកទេសចរនិងនាវិកទាំងអស់ចេញពីនាវាហើយបានរៀបចំកន្លែងអោយស្នាក់នៅព្យាបាល និងបានរៀបចំអោយបងប្អូនអ្នកទេសចរណ៍ទំាងអស់បានធ្វើដំណើរតាមយន្តហោះវិលទៅជួបជុំក្រុមគ្រួសារនៅប្រទេសកំណើតខ្លួនវិញប្រកបដោយសុវត្ថិភាព» ។

នៅថ្ងៃគម្រប់ខួប១ឆ្នាំ នៃការចូលចតរបស់កប៉ាល់ Westerdam ខាងស្ថានទូតអូស្ត្រាលីក៏បានផ្ញើសាររម្លឹកផងដែរថា ថ្ងៃទី ១៣ ខែកុម្ភៈ មានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីកប៉ាល់ទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីត្រូវបានបដិសេធមិនអនុញ្ញាតចុះចតនៅប្រទេសផ្សេងៗ។ សម្រាប់ស្ថានទូតអូស្រ្តាលីនៅភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល វាបានបង្ហាញពីការចាប់ផ្តើមឆ្នាំថ្មី ដែលមិនដូចជាឆ្នាំមុនៗ។


ប្រភពដដែលបានបន្តថា ចាប់តាំងពីវីរុសនេះត្រូវបានគេរកឃើញដំបូង មនុស្សជាង ២,៣១ លាននាក់ នៅទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺកូវីដ-១៩។ មនុស្សជាង ១០៦ លាននាក់ បានធ្លាក់ខ្លួនឈឺ – ពួកគេភាគច្រើនកំពុងរងផលប៉ះពាល់ពីវីរុសនេះ ជាបន្តនិងក្នុងរយៈពេលវែង។ សេដ្ឋកិច្ចនៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ត្រូវបានខូចខាត។

ស្ថានទូតអូស្ត្រាលីបានបន្ថែមថា «យើងចង់ប្រើឱកាសនៃថ្ងៃគម្រប់ខួប១ឆ្នាំនេះ គោរពដល់អ្នកដែលរងផលប៉ះពាល់ដោយរោគរាតត្បាតនៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ព្រមទាំងទទួលស្គាល់ការខិតខំប្រឹងប្រែង ជាពិសេសពីសំណាក់បុគ្គលិកក្នុងស្រុករបស់យើង ក្នុងការធានាថាជំនួយជាបន្តដល់ប្រជាជនកម្ពុជានិងជនជាតិអូស្រ្តាលីនៅកម្ពុជា នៅតែអាចធ្វើទៅបាន» ។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ១២ខែកន្លងមក ស្ថានទូតបាននិងកំពុងធ្វើការមិនឈប់ឈរដើម្បីផ្តល់ជំនួយកុងស៊ុលដល់ប្រជាជនអូស្រ្តាលីនៅកម្ពុជា។ យើងក៏បានធ្វើការជាមួយដៃគូកម្ពុជា ក្នុងការផ្តោតការយកចិត្តទុកដាក់ជាថ្មី លើកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់យើងដើម្បីជួយដល់ការស្តារកម្ពុជាឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ តាមរយៈការផ្តល់ថវិកាជាង ៦៥ លានដុល្លារអូស្រ្តាលីរាល់ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ៣៥,៧ លានដុល្លារអូស្រ្តាលី សម្រាប់ការទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពនៅកម្ពុជា។

ស្ថានទូតអូស្ត្រាលីបានបន្តថា «យើងសូមថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍កប៉ាល់នេះ ព្រមទាំងបដិសណ្ឋារកិច្ចដែលបានផ្តល់ដល់ប្រជាជនអូស្ត្រាលីជាច្រើននាក់នៅដែលនៅលើកប៉ាល់។ មួយឆ្នាំក្រោយមកហើយ យើងនៅតែស្ថិតនៅជាមួយគ្នា» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ