ខេត្តកំពង់ចាម ៖ កងកម្លាំងយុទ្ធពលខេមរៈភូមិន្ទ ដែលកំពុងតែរុករកបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅបាតទន្លេមេគង្គក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ស្នើឲ្យបន្តរុករកគ្រាប់មិនទាន់ផ្ទុះ នៅទីតាំង៤ កន្លែងផ្សេងទៀត តាមបណ្ដោយដងទន្លេមេគង្គ ។

នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១២កុម្ភៈ ២០២១ ក្នុងបរិវេណវត្តមាន់ដប់ ក្នុងស្រុកស្រីសន្ធរ ។ សូមបញ្ជាក់ថារហូតមកដល់ពេលនេះគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទត្រូវបានរាវរកឃើញមានទម្ងន់ សរុបជាង១០តោនហើយ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា មានប្រសាសន៍ដោយលើកឡើងថា មជ្ឈមណ្ឌលជាតិបានសហការជាមួយបញ្ជាការដ្ឋានកងទ័ពពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោកបានចាប់ផ្ដើមអនុវត្តជាបន្ទាន់ក្រោយពីទទួលបានការណែនាំពីសម្ដេចក្រឡាហោម ស ខេង ដោយកម្លាំងជំនាញបានចុះរាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងជំរៅទឹកពី២៥ ទៅ៣០ម៉ែត្រ ដែលកប់ទៅដោយដីកម្រាស់ជាង៥ម៉ែត្រ បានប្រទះឃើញគ្រាប់ជាច្រើន ត្រូវបានរាយប៉ាយនៅបាតទន្លេ ។

ជាមួយនោះកម្លាំងបានអនុវត្តដោយល្បឿនយឺត ត្រូវធ្វើតាមកម្រិតស្តង់ដាសំខាន់បំផុត គឺដើម្បីសុវត្ថិភាពដល់អ្នករុករក ។
នាយឧត្តមសេនីយ៍សែម សុវណ្ណនី មានប្រសាសន៍បន្តថា ចំពោះប្រភេទគ្រាប់ដែលកម្លាំងបានមុជរាវរកឃើញមានប្រភេទ៦០ដល់១០៥ មីលីម៉ែត្រ មានចំនួន៧៧២គ្រាប់ និងប្រភេទគ្រាប់កាំភ្លើងនឹងកាំភ្លើងយន្ដចំនួន៥៤.៩២៥គ្រាប់ សរុបមានចំនួន៥៥.៦៩៧គ្រាប់ ដែលបានរករកឃើញនៅក្នុងឃ្លុបទីមួយ នៃនាវាដែលបានលិចនៅបាតទន្លេ និងកំពងរុករកឃ្លុបចំនួនបីទៀត ។

ជាមួយនោះកម្លាំងជំនាញក៏បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ដោយមានការយល់ដឹងខ្ពស់ប្រជាពលរដ្ឋមួយចំនួនបានយកគ្រាប់មិនទាន់ផ្ទុះមកប្រគល់ជូនកម្លាំងជំនាញសរុបមាន១៥៣គ្រាប់ ដែលនឹងត្រៀមយកកម្ទេចចោលក្នុងពេលខាងមុខ ។ លើសពីនេះទៀតមជ្ឈមណ្ឌលជាតិ ក៏បានរួមចំណែកក្នុងការងារសង្គមដោយបានជួយដល់ប្រជាពលរដ្ឋក្រីក្រផ្ទះស្លឹកត្រូវបានរុះចេញ ដោយដាក់ប្រក់ស័ង្កសីជំនួស និងចែកថ្នាំសង្កូវជូនប្រជាពលរដ្ឋ ។ ចំពោះបេសកកម្មរុករកគ្រាប់មិនទាន់ផ្ទុះនៅបាតទន្លេក្នុងស្រុកស្រីសន្ធរ គ្រោងបញ្ចប់នៅក្នុងខែឧសភាខាងមុខនេះ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ឲ្យដឹងដែរថា ដំបូងមានសាឡង់បូមខ្សាច់ នៅក្នុងស្រុកស្រីសន្ធរ ដោយបូមបានគ្រាប់ហើយអាជ្ញាធរមូលដ្ឋានក៏បានរាយការណ៍មកឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ហើយក៏បានរាយការណ៍បន្តមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជាមួយនោះ ក៏បានសុំគោលការណ៍ពីសម្ដេចតេជោ ហើយសម្ដេចបានអនុញ្ញាតឱ្យកម្លាំងរកគ្រាប់មិនទាន់ផ្ទុះនៅបាតទន្លេដោយមានរូបលោកផ្ទាល់ (ស ខេង) ជាប្រធានអន្តរក្រសួង ឯកឧត្តមនាងផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិជាអនុប្រធានអចិន្ត្រៃយ៍រួមនឹងសហការីជាច្រើនរូបទៀត ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថាចំពោះសកម្មភាពរុករកគ្រាប់ដោយកម្លាំងជំនាញនោះមិនត្រូវប្រើពេលវេលាឆាប់ពេកនោះទេ ព្រោះអាចប្រថុយប្រថាននឹងគ្រោះថ្នាក់ ហើយនឹងត្រូវខាតបង់ទៅវិញ។ធ្វើយ៉ាងណាឱ្យមានការទទួលខុសត្រូវយកសុវត្ថិភាពជាកត្តាចម្បង ដល់កម្លាំងប្រតិបត្តិករ រហូតមកដល់ពេលនេះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកប់នៅបាតទន្លេជិតកន្លះសតវត្ស គឺគ្រាប់ទាំងនោះនៅមានគុណភាពមានទម្ងន់សរុបជាង១០តោន ចំពោះគ្រាប់នៅក្នុងខ្លុបនាវាចំនួន៣ថតទៀត ដូច្នេះសរុបទាំងអស់អាចក្នុងរង្វង់ពី៤០ទៅ៥០តោន ។ សម្ដេចបានរំឭកថា ក្នុងសម័យសង្គ្រាមជំនាន់១៩៧០ ដល់១៩៧៥ គ្រាដែលមាននាវារបស់កងទ័ពលន់ ណុល ឡើងមក ពេលដែលមកដល់ទឹកដីស្រុកស្រីសន្ធរ កម្លាំងខ្មែរក្រហមបានប្រើប្រាស់ដើមគ ចងបណ្ដែតកាត់ទទឹងទន្លេមេគង្គ ព្រមទាំងមានដាក់គ្រាប់បំផ្ទុះ ពេលណានាវាឡើងមកបុកប៉ះដើមគរនោះនឹងផ្ទុះបណ្ដាលឱ្យលិច ។
កម្លាំងយុទ្ធពលខេមរភូមិន្ទ ដែលកំពុងប្រចាំការនិងរុករកគ្រាប់ក្នុងស្រុកស្រីសន្ធរ ត្រូវបែងចែកកម្លាំងទៅតំបន់ចំនួន៤ ទៀតនៅក្នុងខេត្តព្រៃវែងនិងខេត្តកណ្ដាល ដែលមានគ្រាប់ជាច្រើនទៀត ។ ដោយឡែកនៅម្ដុំស្រុកកោះសូទិន ក្នុងខេត្តកំពង់ចាម ក៏មាននាវាលិចនៅទីនោះដែរ ដូច្នេះស្នើសុំឲ្យអភិបាលខេត្តកំពង់ចាមត្រូវសហការជាមួយអាជ្ញាធរដែនដី ឬក៏ចាស់ទុំដែលមានអាយុចាប់ពី៦០ឆ្នាំឡើងអាចនឹងស្គាល់ទីតាំងច្បាស់ត្រូវសហការជាមួយអាជ្ញាធរដើម្បីបន្តការងាររុករកគ្រាប់មិនទាន់ផ្ទុះបន្ថែមទៀត។
សម្ដេចក្រឡាហោមក៏បានអំពាវនាវដល់សមាជិកក្រុមគ្រួសារ ដែលបាត់បង់សមាជិកដែលមានឈ្មោះឈីម ឈាងលី ដែលបានស្លាប់បាត់បង់ជីវិត ដោយរកឃើញគ្រោងឆ្អឹងនៅបាតទន្លេមេគង្គ សូមមេត្តាទំនាក់ទំនងជាមួយ និងកម្លាំងរករកគ្រាប់មិនទាន់ផ្ទុះ ដើម្បីយកធាតុទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ