ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​​៥​ក្បាលត្រូវ​​លែងឱ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ រដ្ឋបាល​ជលផល និង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ នៅ​ក្នុង​ពេល​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ចាប់​ត្រី ដែល​នេសាទ​បាន​ដោយ​ឧបករណ៍​ល​បឡុក ដោយ​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ បាន​លែង​ពស់ថ្លាន់​ចំនួន​៥​ក្បាល…

ខេត្តសៀមរាប​៖ រដ្ឋបាល​ជលផល និង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ នៅ​ក្នុង​ពេល​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ចាប់​ត្រី ដែល​នេសាទ​បាន​ដោយ​ឧបករណ៍​ល​បឡុក ដោយ​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ បាន​លែង​ពស់ថ្លាន់​ចំនួន​៥​ក្បាល ចូល​ទៅ​ក្នុង​ព្រៃ​លិច​ទឹក​ដែល​ជាទី​ជម្រក​ធម្មជាតិ​វិញ នៅ​តំបន់​ចុង​ឃ្នៀស ស្រុក​សៀមរាប ខេត្តសៀមរាប​ ។

រូបភាព ៖ facebook page ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

យោង​តាម​រយៈ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ លោក ស្រី កែវ​សុភៈ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប បាន​ថ្លែង​ថា ពស់ថ្លាន់​ចំនួន​៥​ក្បាល​នេះ គឺ​បាន​មក​ពី​អ្នកនេសាទ ដែល​គាត់​ស្ម័គ្រចិត្ត​យក​មក​លែង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​សៀមរាប ដើម្បី​អភិរក្ស និង​បង្កើន​ផល​ស្តុក​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ ឲ្យ​សម្បូរ​ឡើង​វិញ​។

លោក កែវ​សុភៈ បន្ត​ថា​៖ «​នេះ​គឺជា​សកម្មភាព​គំរូ​មួយ របស់​ប្រជា​នេសាទ​ម្នាក់​។ ពស់ថ្លាន់ គឺជា​សត្វ​ល្មូ​ន​ដែល​គ្មាន​ពិស និង​មាន​ទំហំ​ខ្លួន​ធំ​គួរ​ឲ្យ​ទាក់ទាញ​។ ជា​ការ​ល្អ បើ​យើង​អភិរក្ស​ពួក​វា​ទុក​សម្រាប់​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ដើម្បី​ទាក់ទាញ​ទេសចរណ៍ នោះ​យើង​នឹង​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​ផង​ដែរ​»​។

លោក កែវ​សុភៈ ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​នេសាទ​ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រជា​នេសាទ​ទាំងអស់ បើ​ចាប់​បាន​ពពួក​ប្រភេទ​សត្វ​កម្រ ឬ​ពពួក​ត្រី​កម្រ ដូច​ជា​ត្រី​គល់រាំង ត្រី​រាជ​ជាដើម សូម​មេត្តា​ផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​ដែនដី និង​ខណ្ឌ​រដ្ឋបាល​ជលផល ដើម្បី​យក​ទៅ​លែង​ក្នុង​តំបន់​អភិរក្ស ឬ​ទីជម្រក​ធម្មជាតិ​វិញ​»​។

លោក​គង់ សីឡា ជា​ប្រជា​នេសាទ​រស់នៅ​ក្នុង​ឃុំ​ចុង​ឃ្នៀស ស្រុក​សៀមរាប ខេត្តសៀមរាប ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ប្រគល់​ពស់ថ្លាន់​ទាំង​ប្រាំ​ក្បាល​នោះ បាន​និយាយ​ថា គាត់​តែងតែ​លែង​ពស់ថ្លាន់​ឲ្យ​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ មិន​ថា​ធំ ឬ​តូច​ទេ បន្ទាប់​ពី​វា​បាន​ចូល​ក្នុង​លប​របស់​គាត់​។

រូបភាព ៖ facebook page ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

បុរស​កូន​បី វ័យ​៣៨​ឆ្នាំ រូប​នេះ​បន្ត​ថា​៖ «​ពស់ថ្លាន់ ជា​ប្រភេទ​ល្មួ​ន​គ្មាន​ពិស វា​ពុំ​បង្ក​គ្រោះ​ដល់​មនុស្ស ដូច​ប្រភេទ​ពស់មានពិស​ដទៃ​ឡើយ​។ ផ្ទុយ​ទៅ​វិញ វា​អាច​ជួយ​កំចាត់​សត្វ​ចង្រៃ ដូច​ជា​កណ្តុរ​ជាដើម ដែល​បំផ្លាញ​ដំណាំ​កសិកម្ម របស់​ប្រជា​កសិករ​»​។

កញ្ញា អេ​លី​ហ្សា​បែ​ត អេ​វើ​រេស និស្សិត​ហាត់​ការ​មក​ពី​សហរដ្ឋអាមេរិក របស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ន​ទន្លេមេគង្គ ដែល​បាន​ចូលរួម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ផល​ចាប់​ត្រី ដោយ​ឧបករណ៍​ល​បឡុក ក្នុង​បឹង​ទន្លេសាប តំបន់​ចុង​ឃ្នៀស ខេត្តសៀមរាប បាន​បញ្ចេញ​ចំណាប់អារម្មណ៍​រំភើប​រីករាយ បន្ទាប់​ពី​បាន​ចូលរួម​លែង​ពស់ថ្លាន់​ចំនួន ៥ ក្បាល ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ​នេះ​។

កញ្ញា អេ​លី​ហ្សា​បែ​ត បាន​និ​យា​យា​ថា នេះ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត ដែល​កញ្ញា​មាន​ឳ​កាស​បាន​លែង​ពស់ថ្លាន់​ជាមួយនឹង​អ្នកនេសាទ​។ កញ្ញា​បន្ត​ថា ៖ «​ខ្ញុំ​មាន​ក្តី​រំភើប ដែល​បាន​ចូលរួម​លែង​ពស់ថ្លាន់​ទាំង​ប្រាំ​ក្បាល​នេះ និង​រីករាយ​ណាស់ ពេល​បានឃើញ​ពួក​វា​មាន​សេរីភាព លូន​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។ ខ្ញុំ​សង្ឃឹមថា ពស់ថ្លាន់​ទាំងនេះ នឹង​អាច​ជួយ​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កំសាន្ត​ក្នុង​តំបន់​បាន​កាន់តែ​ច្រើន​»​។

ប្រភព​ដដែល​បាន​បន្ថែម​ថា បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា គឺ​ចំណុច​ស្នូល​នៃ​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប​។ ជា​ពិសេស ត្រី​ទឹកសាប ច្រើន​ជាង ៣០០​ប្រភេទ​។ ព្រៃ​លិច​ទឹក ភូមិ​បណ្តែត​ទឹក ផ្ទះ​ជើង​សសរ​ខ្ពស់​ៗ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​នេសាទ គឺជា​ប៉ូ​ល​ទាកទាញ​ទេសចរណ៍​ដ៏​សំខាន់​។ ការ​បាត់បង់​ព្រៃ​លិច​ទឹក ជីវៈចម្រុះ​អាច​នឹង​បាត់បង់​តាម​ដែរ​។ សូម​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដើម្បី​និរន្តរភាព​នៃ​ជីវៈចម្រុះ និង​ទេសចរណ៍​ ៕

អត្ថបទសរសេរ ដោយ