រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា បានស្នើអោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅតួសម្តែងរឿង«ទុំទាវ២០២១» ដែលគេស្គាល់ច្បាស់ថា ជាក្រុម Ah Gi អ្នកលក់ឡេ យកមកចាត់ការតាមនីតិវិធីច្បាប់ឡើងវិញ ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ «HC ហ៊ុន ជា ដើម្បីខ្មែរ» ជារបស់លោក ហ៊ុន ជា បានលើកឡើងនៅម៉ោង៩និង៣៧នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដូច្នេះថា «រឿងទុំទាវ២០២១ ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះ យើងត្រូវតែមានតម្លាភាពជាមួយគ្នា ។ ខ្ញុំសុំស្នើ ក្រសួងវប្បធម៌ កោះហៅបុគ្គល ដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនីតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា ។ កុំអោយរាស្ដ្រគិត ថា វាខុសគ្នាត្រង់ណា ? » ។
ក្រោយបង្ហោះសារខាងលើនេះរួច នៅព្រឹកថ្ងៃទី១២ កុម្ភៈនេះ លោក ហ៊ុន ជា សរសេរទៀតថា «មិនថាខមិន(Comment) រឺឆាតមកផ្ទាល់ដល់រូបខ្ញុំ គឺសឹងតែ ៩៩ភាគរយ ដែលចង់អោយមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមិនមែន ដុតអោយខ្លោច រោលអោយឆៅនោះទេ គ្រាន់តែចង់អោយមានយុត្តិធម៍ដល់ខ្មែរគ្រប់គ្នា ។ ក្នុងនាមខ្ញុំ ក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថាក្រសួងដែលមានសមត្ថភាពពាក់ព័ន្ធ ក្នុងរឿងទុំទាវ ២០២១ ដែលអាចមាន ៖
ទី១. ក្រសួងព័ត៍មាន
ទី២. ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ
ទី៣. ក្រសួងធម្មការ និងសាសនា
ទី៤. ក្រសួងអប់រំ
មេត្តាត្រួតពិនិត្យឡើងវិញនូវកំហុសឆ្គងដែលមានចេតនាគ្រោងទុកនេះឡើងវិញ ពោលគឺកុំអោយរាស្ត្រគិតថា ច្បាប់លំអៀង ហើយច្បាប់អនុវត្ត គឺមានសំរាប់អ្នកក្រ និងអ្នកមាន។ មន្ដ្រីធ្វើ រាស្ត្ររងចាំមើល ពីពលរដ្ឋខ្មែរមួយរូបដែលស្រលាញ់ខ្មែរ» ។
សូមរម្លឹកថា ក្រុមសម្ដែងរឿងទុំទាវ២០២១ ព្រមធ្វើកិច្ចសន្យា ៨ចំណុច តាមវិធានការរបស់ក្រសួង ក្រោយពីប្រជុំបិទទ្វារអស់រយៈពេលជាង ៣ម៉ោង រួចមកក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចដាក់ចេញនូវចំណាត់ការចំនួន ៨ចំណុច ដល់អ្នកពាក់ព័ន្ធទាំងនោះរួមមាន ៖
១. មិនត្រូវប្រព្រឹត្ត និងចូលរួមប្រព្រឹត្តនូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឱ្យប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ ។
២. មិនបង្ហាញភាពស៊ិចស៊ីបែបអនាចារ ក្នុងបណ្តាញសង្គម ។
៣. ប្រើប្រាស់ចំណេះ ជំនាញ ដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ។
៤. យល់ព្រមប្រគល់ Page account ឈ្មោះ Hokima និង Account Tik Tok ឈ្មោះ Gi Leader261 ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន ជូនក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីគ្រប់គ្រង និងលុបចោលទាំងស្រុង។
៥. សន្យាមិនទាញយកទិន្នន័យក្នុង Page account ឈ្មោះ Hokima និង Account Tiktok ឈ្មោះ Gi Leader261 ដែលបានប្រគល់ជូនក្រុមការងាររបស់ក្រសួងទៅរក្សាទុក ឬប្រើប្រាស់ឡើយ។
៦. សន្យានឹងសហការជាមួយម្ចាស់ account Facebook ឬ/និង Page account ដែលជួលពីមិត្ត ជូនទៅសមត្ថកិច្ច ដើម្បីលុប account Facebook ឬ/និង Page accountទាំងអស់។
៧. ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័តមាន ។
៨. ប្រសិនបើនៅប្រព្រឹត្តនូវរាល់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ភាពស៊ិចស៊ីបែបអនាចារ បណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិជាបន្តទៀត នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕
អត្ថបទពាក់ព័ន្ធ រួមមាន ៖
លោក គួច ខេវិន បង្ហោះសារចាក់ដោតរឿង“ទុំទាវ ២០២១”
រឿងទុំទាវ២០២១ លោកពេជ្រ ស្រស់ ថា«ច្បាប់គឺច្បាប់ ខុសហើយសុំទោសរួចខ្លួន ជាគំរូអាក្រក់ដល់អ្នកដទៃ»
ក្រុមសម្ដែងរឿងទុំទាវ២០២១ ព្រមធ្វើកិច្ចសន្យា ៨ចំណុច តាមវិធានការរបស់ក្រសួង
ទីបំផុត! ម្ចាស់ផេក និងអ្នកសម្តែងទុំទាវ២០២១ ត្រូវក្រសួងហៅចូលបំភ្លឺថ្ងៃទី១០កុម្ភៈ ជាកំហិត








ចែករំលែកព័តមាននេះ