ខេត្តស្វាយរៀង ៖ រថយន្តក្រុមហ៊ុនវិរៈប៊ុនថាំមួយគ្រឿង សង្ស័យអ្នកបើកបរបើកក្នុងល្បឿនលឿនក៏រេចង្កូតធ្លាក់ផ្លូវទៅបុកក្មេងប្រុសម្នាក់ដែលកំពុងឈរកាន់កង់នៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយមកក៏បានបាត់បង់ជីវិតពេលឳពុកម្តាយបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។ ចំណែករថយន្តបង្កបានជ្រុលទៅបុកដើមឈើបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើទៅមុខលែងរួច។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៣៩-១៤០ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
រថយន្ត១គ្រឿងខាងលើជារបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ២BJ-៦៤៥៨ បើកបរដោយកឈ្មោះធឿន ផាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្តឱ្យក្រុមហ៊ុនវរៈប៊ុនថាំ រស់នៅភូមិថ្មសឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ចំណែកក្មេងរងគ្រោះឈ្មោះរុំ វិរះ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងរបស់ក្រុមហ៊ុនវិរៈប៊ុនថាំខាងលើ បើកបរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវទៅខាងស្តាំ ក៏បានជ្រុលទៅបុកក្មេងប្រុសម្នាក់ដែលកំពុងឈកាន់កង់នៅលើចិញ្ចើមថ្នល់ខាងត្បូងយ៉ាងពេញទំហ៊ឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានឪពុកម្តាយបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះដែរ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក ក្មេងប្រុសរងគ្រោះក៏បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ រថយន្តដែលរងការខូចខាតធ្ងន់ធ្ងរ និងកង់ដែលរងការខូចខាត ស្រាល ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំណែកឯអ្នកបើកបររថយន្តក៏ត្រូវបានឃាត់ខ្លួន ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។ ដោយឡែក សពក្មេងប្រុសរងគ្រោះត្រូវបានប្រគលឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




ចែករំលែកព័តមាននេះ