ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ខេ​វិ​ន បង្ហោះ​សារ​ចាក់​ដោតរឿង​“​ទុំ​ទាវ ២០២១”

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក គួ​ច ខេ​វិ​ន អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ម្នាក់ បាន​បង្ហោះ​សារ​ចាក់​ដោត​ដាក់​ចំ​ៗ​ថា “​ទម្រាំ​តែ​ពពួក​បំពុលសង្គម ជាន់ពន្លិច​ប្រពៃណី បំផ្លាញ​វប្បធម៌…

រាជធានី​ភ្នំពេញ ៖ លោក គួ​ច ខេ​វិ​ន អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​ម្នាក់ បាន​បង្ហោះ​សារ​ចាក់​ដោត​ដាក់​ចំ​ៗ​ថា “​ទម្រាំ​តែ​ពពួក​បំពុលសង្គម ជាន់ពន្លិច​ប្រពៃណី បំផ្លាញ​វប្បធម៌ អក្សរសិល្ប៍ ប្រមាថ​ដល់​សាសនា​ជាតិ ងាក​មុខ​មក​សុំ​ទោស ឬ​ទទួលទោស​នោះ ឥទ្ធិពល​អាក្រក់​ៗ វា​បាន​សាយភាយ ជះ​ទៅ​ឆ្ងាយ ហើយ​ដិត​ជាប់​ខួរក្បាល​ក្មេង​ៗ ក្នុង​សង្គម​ខ្មែរ​រួច​ទៅ​ហើយ ពេល​ណាមួយ ថ្ងៃ​ណា មួយ​វា​ហ្នឹង ផុស​ចេញ​មក​ជា​ថ្មី​ម្តងទៀត​មិន​ខាន​” ។

លោក គួ​ច ខេ​វិ​ន ថ្លែង​ចំ​ៗ​បែប​នេះ បន្ទាប់​ពី​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​កោះហៅ​កញ្ញា​តេ​ង ស៊ី​ណាត និង​កញ្ញា តេ​ង ដា​ណា រួម​នឹង​អ្នក​ពាក់ព័ន្ធ ក្នុង​ការ​ផលិត​វី​ដេ​អូ​ឃ្លី​បរឿង “​ទុំ​ទាវ ២០២១” មក​អប់រំ​ណែនាំ ដោយ​ទទួល​ចំណាត់ការ​ចំនួន ៨​ចំណុច កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ។

លោក គួ​ច ខេ​វិ​ន បាន​សរសេរ​កាលពី​ម៉ោង​៧​និង​២៣​នាទី​យប់ ថ្ងៃ​ទី​១០ កុម្ភៈ​ម្សិលមិញ​នេះ​ថា «​បើក​សករាជ​ថ្មី នៃ​ដើមឆ្នាំ​២០២១ វា​បាន​ធ្វើ​ឲ្យ​ផ្អើល​អស់​អ្នកតា​ស្រុក លោកតា​ព្រៃ ព្រាយ​ចុង​ចេក អាប​ចុង​ឫស្សី ដោយសារ​តែ​ការ​លេងសម្តី​អសុរ​ស លោតកញ្ឆេង​សម្តែង​អាស​អាភា​.​ស បញ្ចេញ​កេរ្តិ៍​គ្មាន​ខ្មាស មក​ធ្វើ​ជា​ត្រីមុខ បាត់​អស់​សុជីវធម៌ អត់​សីលធម៌ គ្មាន​គុណធម៌ មិន​ចេះ​អៀនខ្មាស របស់​ពួក​អ្នក​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក ពីរ​បី​ដំបរ​ស្វា ធ្វើ​ឲ្យ​ពុល​ពេញ​ក្នុង​សង្គម​ខ្មែរ ។

ដើម្បី​តែ​ផលប្រយោជន៍ និង​ចង់​ឲ្យ​ល្បី ដោយ​គ្មាន​សមរម្យ ពួក​មួយ​ក្តាប់​តូច​នោះ ហាក់​ធ្វើ​ជាលី​លាលែង​ដឹង លែង​ឮ លែង​ស្គាល់ និង​ធ្វើ​មិនឃើញ​អ្វី​ទាំងអស់ ។ បើ​និយាយ​ពី​អំនួត គឺ​អួត​កប់​ពពក តែ​មើលទៅ​ឬក​ពារ អ​កប្ប​កិរិយា សម្ដីសំដៅ គឺ​ជ្រក​ក្រោម​អាច​ម៌​ជន្លេន ផ្ទឹម​ពុំ​បាន​ទៅ​នឹង​អ្នកទិញ​អេ​ត​ចាយ​ផង ! ។

ក៏​ប៉ុន្តែ ទិដ្ឋិ​ភាព​ច្របូកច្របល់​បែប​នេះ​កើតឡើង វា​ពិបាក​នឹង​ស្តីបន្ទោស​ពួកក្មេង​ៗ​ទាំង​ហ្នឹង ? ព្រោះ​ដោយសារ​តែ ពួក​ចាស់​ៗ​ជា​ម៉ែ ជា​ឪ ជា​អ្នកមាន​សមត្ថកិច្ច​ត្រួតត្រា​ការងារ​នេះ មិន​ចេះ មិន​ធ្លាប់ មិន​ដែល​អប់រំ ពួក​វា​ពី​មុន​ៗ​មក​ទេ​ដឹង ។

“​ស្វា​ទោះ​ឆ្លាត ទោះ​ល្ងង់ ទោះ​ខ្លៅ វា​ងាយ​ចេះ​នឹង​ធ្វើ​ត្រាប់​” (Monkey see monkey do) គេ​រមែង​សង្កេត​ឃើញ​ថា ជា​រឿយ​ៗ​ទាល់តែ​ភ្លើង​ឆេះ​ព្រៃ អណ្តាតភ្លើង​ផុត​ចុង​ឫស្សី ទើប​គេ​នាំ​គ្នា​ធ្វើ​ជា​ផ្អើល បៀមទឹក​ទៅ​ព្រួស ! មាន​អ្នក​មុខ អ្នក​មាត់ មាន​មន្ត្រី​តិចតួច​ដែល​ម្តងម្កាល ចេញ​មុខ​ឲ្យ​យោបល់ ណែនាំ​អប់រំ កែ​លម្អរ​ពួក​បំពុលសង្គម​តាម​ហ្វេ​ស​ប៊ុ​ក ទោះបីជា​ដឹង​មុន​ថា បាន​ផល​ល្អ​តិចតួច​ក្តី តែ​ជា​ជាង​មិន បាន​ធ្វើ​សោះ ។

ទម្រាំ​តែ​ពពួក​បំពុលសង្គម ជាន់ពន្លិច​ប្រពៃណី បំផ្លាញ​វប្បធម៌ អក្សរសិល្ប៍ ប្រមាថ​ដល់​សាសនា​ជាតិ ងាក​មុខ​មក​សុំ​ទោស ឬ​ទទួលទោស​នោះ ឥទ្ធិពល​អាក្រក់​ៗ វា​បាន​សាយភាយ ជះ​ទៅ​ឆ្ងាយ ហើយ​ដិត​ជាប់​ខួរក្បាល​ក្មេង​ៗ​ក្នុង​សង្គម​ខ្មែរ​រួច​ទៅ​ហើយ ពេល​ណាមួយ ថ្ងៃ​ណាមួយ​វា​នឹង ផុស​ចេញ​មក​ជា​ថ្មី​ម្តងទៀត​មិន​ខាន ។

តើ​មន្ត្រី​ៗ នៃ​ក្រសួង​ពាក់ព័ន្ធ ដូច​ជា​៖ ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​កិច្ចការ​សាសនា ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​តុលាការ​ជាដើម ដែល​ស៊ីប្រាក់ខែ​រាស្ត្រ ហើយ​មាន​កាតព្វកិច្ច​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គួរ​គប្បី​ធ្វើ​អ្វី​ដើម្បី លុប​បំបាត់​ប្រភេទ​ល្បែង​ល្ងី​ល្ងឺ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ពពួក​បំពុលសង្គម​ខ្មែរ​មួយ​ក្តាប់​តូច ឬ​ពីរ​បី​ដំបរ​ស្វា​នោះ ? ។ ប្រិ​យ​មិត្ត​ណា​ដឹង​ជួយ​ប្រាប់​ផង ព្រោះ​ខ្ញុំ​ក៏​មិនដឹង ដោយសារ​តែ​ខ្ញុំ​ជា​រាស្ត្រ​សាមញ្ញ​ៗ ធម្មតា​ៗ មិនសូវ​យល់​ការ​រាក់​ជ្រៅ ! » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ