ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កាត់​ខ្សែស្រឡាយ​ចិន​សម្រុក​ទិញ​នំចំណី និង​ផ្កា​យក​ទៅ​សែន ខណ​:​បុណ្យចូលឆ្នាំ​ចិន​ឈាន​ចូល​មក​ដល់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភ​: ឆ្នាំ​២០២១ ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​សាច់ឈាម​កាត់​ខ្សែស្រឡាយ​ចិន បាន​នាំ​គ្នា​សម្រុក​ទិញ​នំចំណី…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភ​: ឆ្នាំ​២០២១ ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​សាច់ឈាម​កាត់​ខ្សែស្រឡាយ​ចិន បាន​នាំ​គ្នា​សម្រុក​ទិញ​នំចំណី ធូប ទៀន និង​ផ្កា​ភ្ញី យក​ទៅ​ដាក់​តាំងនៅ​ក្នុងផ្ទះ និង​រៀបចំ​សែនព្រេន ព្រោះ​ជា​ទំនៀមទម្លាប់​តាំងពី​ដូនតា​របស់​គេ​មក​ផង​ដែរ ។

ចំណែកឯ​អាជីវករ​នៅ​ក្នុង​ផ្សារ​ក៏​មានការ​មមាញឹក​ក្នុង​ការ​លក់ដូរ ស្ទើរតែ​រក​ពេលទំនេរ​មិន​បាន​នោះ​ឡើយ ដោយ​អ្នកខ្លះ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ពេល​លក់​ឥ​វ៉ា​ន់​ដាច់​គ្រប់​ៗ​មុខ តែ​អ្នកខ្លះ​បាន​បិទ​តូប​ឈប់​លក់ ដើម្បី​ត្រៀម​សែនព្រេន​ដល់​កុងម៉ា​របស់​គេ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ហ៊ា​សេង​ទ្រី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ នៅ​ព្រឹក​ថ្ងៃនេះ គាត់​បាន​នាំ​គ្នា​ទៅ​ទិញ​ម្ហូប អាហារ ផ្លែ​ឈើ ផ្កា​អង្គា​រ៍​សិ​ល និង​ក្រដាសប្រាក់​ដុល្លារ​ខ្មោច ដើម្បី​យក​ទៅ​ដាក់​តាំងនៅ​ក្នុងផ្ទះ និង​សែនព្រេន​ដល់​កុងម៉ា ជីដូន ជីតា នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ។

លោក​បន្ត​ទៀត​ថា ឱ្យ​តែ​ដល់​រដូវ​នេះ​ម្តង​ៗ គឺ​នាំ​គ្នា​ត្រៀមខ្លួន​រៀបចំផ្ទះ​សម្បែង និង​ម្ហូបអាហារ​សែនព្រេន ដើម្បី​រំលឹក​គុណ និង​ទទួល​បាន​នូវ​ពរ​ជ័យ​ពី​ជីដូន​ជីតា សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ទៅ​មុខ​បន្ត​ទៀត ។

ចំណែក​អាជីវករ​ម្នាក់ ឈ្មោះ យាយ​ម៉ា​ប់ លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី បានឱ្យ​ដឹង​ថា ឱ្យ​តែ​ដល់​ពេល​ជិត​រដូវ​ចូល​ឆ្នាំ​ចិន ជា​ពិសេស គឺ​នៅ​មុន​ថ្ងៃ​សែន​ចិន ឥ​វ៉ា​ន់​របស់​គាត់ ដូច​ជា ធូប ទៀន ក្រដាសប្រាក់ ដើម​ផ្កា គឺ​លក់ដាច់​ខ្លាំង ។ គាត់​បន្ត​ទៀត​ថា នៅ​រៀង​រាល់​ឆ្នាំ ការ​លក់ដូរ​របស់​គាត់ មានការ​កាក់កប​ខ្លាំង​ជាងគេ គឺ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ដោយ​គាត់​មិន​ហ៊ាន​ឈប់​សម្រាក​នោះ​ទេ ។

ចំណែក​ស្ត្រី​វ័យក្មេង​ម្នាក់ ឈ្មោះ រិ​ទ្ធិ លក់ដូរ​នៅ​ក្នុង​ផ្សារ​ប៉ា​ហ៊ី បានឱ្យ​ដឹង​ដែរ​ថា គ្រាន់តែ​បើកទ្វារ​តូប​នៅ​ពេល​ព្រឹក​ភ្លាម គឺ​មាន​ប្រជាពលរដ្ឋ ក៏​ដូច​ជា ម៉ូយ​ចូល​មក​ទិញ​ឥ​វ៉ា​ន់​របស់​ខ្លួន​យ៉ាង​មមាញឹក ដែល​ធ្វើ​ឱ្យ​គាត់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ទោះបីជា​ផ្លូវ​នៅ​ក្នុង​ផ្សារ​មានការ​ចង្អៀត​បន្តិច ខណ​:​ប្រជាពលរដ្ឋ​ចូល​ទៅ​ទិញ​របស់របរ ដើម្បី​យក​ទៅ​សែន​ចិន កុងម៉ា​របស់​ខ្លួន កាន់តែ​ច្រើន​ឡើង​ៗ គួរ​ឱ្យ​កត់សម្គាល់ ។

តែ​ក្រោយ​ពេល​គេ​ទិញ​យក​ទៅ​សែន​រួចរាល់​អស់ហើយ នៅ​ថ្ងៃ​បន្ទាប់​អាច​នឹង​មានការ​ស្ងប់ស្ងាត់​ភ្ញៀវ ដោយ​អ្នកខ្លះ​ជាប់រវល់​ជប់លៀង ហូប​អាហារ​ជាមួយ​បងប្អូន​នៅផ្ទះ អ្នកខ្លះ​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ក្រុងប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ