ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សប្បាយចិត្ត ខណៈ​តម្លៃផ្លែ​តា​ង៉ែ​ន​បាន​ថ្លៃ​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ខែ​មុន​ៗ កសិករ​បាន​នាំ​គ្នា​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ដែល​ពួក​គាត់​ទទួលផល គឺ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ដោយ​ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម ១៨០០​រៀល ទៅ​២០០០​រៀល​ប៉ុណ្ណោះ ។ តែ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​ខែ​មុន​ៗ កសិករ​បាន​នាំ​គ្នា​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ដែល​ពួក​គាត់​ទទួលផល គឺ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ដោយ​ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម ១៨០០​រៀល ទៅ​២០០០​រៀល​ប៉ុណ្ណោះ ។ តែ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន ជិត​ឈាន​ចូល​មក​ដល់ ពួក​គាត់​មានការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណ​:​ទីផ្សារ​កសិផល​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​នេះ មានការ​ស្ទុះ​ឡើង​ជាង​មុន​បន្តិច ។

ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភ​: ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ម៉ៅ ហៅ​តា​សណ្តែក អាយុ​៥០​ឆ្នាំ មាន​ចម្ការ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ដាំ​ដំណាំ​តា​ង៉ែ​ន​ចំនួន​៣៨០​ដើម លុះ​ពេល​ទុំ​ល្មម​ប្រមូល​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ គាត់​បាន​ម៉ៅ​លក់​ឱ្យ​ឈ្មួញ​ម្នាក់ ក្នុង​តម្លៃ​១០០០០​ដុល្លារ ដើម្បី​ចូល​ប្រមូល​ផល ។

ម្ចាស់​ចម្ការ​បញ្ជាក់​ថា ការ​ដាំ​ដំណាំ​តា​ង៉ែ​ន​ហាក់ដូចជា កាន់តែ​ធ្លាក់​ចុះ​ខ្លាំង ខណ​:​ចំណាយ​ទុន​អស់​ច្រើន ដូច​ជា ដាក់​អក​ម៉ូ​ន​បញ្ចេញ​ផ្កា​ផ្លែ ប្រើ​ថ្នាំ​កំចាត់​សត្វល្អិត ប្រើ​ថ្នាំ​ប៉ូវ​ផ្លែ ក៏​ដូច​ជា ជួល​កម្មករ​ឱ្យ​កាត់​មែក កាត់​ស្លឹក ជាដើម ពោល គឺ​ចំណាយ​អស់​ថវិកា​ច្រើន ស្ទើរតែ​ស៊ូទ្រាំ​បន្ត​ទៀត លែង​កើត​ហើយ បើសិនជា​ទីផ្សារ​នៅ​តែ​ធ្លាក់​ចុះ ។

ប្រភព​ព័ត៌មាន​ពី​ឈ្មួញ​ម្នាក់ ឈ្មោះ តឹក សុខុម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ម៉ៅ​ទិញ​ផ្លែ​តា​ង៉ែ​ន​ហៅ មៀន​ប៉ៃលិន នៅ​ក្នុង​ចម្ការ​ខាងលើ ដែល​មាន​ចំនួន​៣៨០​ដើម ក្នុង​តម្លៃ​១០០០០​ដុល្លារ ។ លោក​បន្ត​ទៀត​ថា ការ​ម៉ៅ​ទិញ​នេះ ហាក់ដូចជា តម្លៃ​ខ្ពស់​បន្តិច ព្រោះ​ប្រមូល​ផល​លក់​នៅ​ក្នុង​ក្រុងប៉ៃលិន និង​ដឹក​រហូត​ដល់​ទៅ​ខេត្ត​នានា ដូច​ជា​បាត់ដំបង ពោធិ៍សាត់ និង​ភ្នំពេញ ក្នុង​១​គីឡូក្រាម​៣០០០​ទៅ​៣៥០០​រៀល ។ តែ​កាលពីមុន​តា​ង៉ែ​ន​១​គីឡូ​គ្រាម គាត់​ហ៊ាន​ទិញ​ត្រឹមតែ​១៨០០​រៀល​ទៅ​២០០០​រៀល ព្រោះ​តម្លៃ​ទីផ្សារ​ដំណាំ​មួយ​នេះ មានការ​ធ្លាក់​ចុះ​ខ្លាំង ខណ​:​ខាង​ឈ្មួញ​ថៃ​អត់​ចូល​មក​ទិញ​ដូច​កាលពី​មិន​ទាន់​មាន​ករណី​ជម្ងឺ​កូ​វី​ដ​១៩ វាយលុក ។

លោក​បញ្ជាក់​ថា នៅ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ជិត​ឈាន​ចូល​មក​ដល់​នេះ ការ​លក់ដូរ​ផ្លែ​តា​ង៉ែ​ន ហាក់ដូចជា​មានការ​ឡើងថ្លៃ​ខ្ពស់​ជាង​មុន​បន្តិច ដែល​ធ្វើ​ឱ្យ​កសិករ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។ ចំពោះ​ការ​ដើរ​ម៉ៅ​ទិញ​ផ្លែ​តា​ង៉ែ​ន​នេះ ក៏​មិន​ទៀង​ដែរ ជួនកាល​យក​ទៅ​លក់​មានការ​ខាត​អស់​ជា​ញឹក​ញយផង​ដែរ ។ តែ​ទោះបីជា​យ៉ាងណា ក៏​លោក​មិន​បោះបង់​ចោល​មុខរបរ​ដើរ​ម៉ៅ​ផ្លែ​ឈើ​លក់​នា​ឱកាស​បុណ្យ​ទាន​នេះ​ដែរ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ