ខេត្តសៀមរាប ៖ មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរាដោយមានកិច្ចសហការ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានសង្កាត់នគរធំបានចុះពិនិត្យស្ថានភាពដើមឈើដែលដុះនៅលើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្តដល់ខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវ៉ាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា មានដើមឈើចំនួន២៣ដើម ត្រូវមានវិធានការ ដែលក្នុងនោះ ដើមឈើចំនួន៤ដើម គួរដកហូតចេញជាបន្ទាន់ រួមមានដើមយាង១ដើម , ដើមដកព១ដើម ,ត្រាច១ដើម និងចំបក់១ដើម ដែលដើមឈើទាំង៤ដើមនេះ មានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយដុះទ្រេតខ្លាំងជាប់គន្លងផ្លូវកង់ និងនៅជាប់ចំណុចផ្លូវកោងទៀតផង ។

វិធានការនេះ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតអ្នក ដំណើរដែលបានឆ្លងកាត់ទីនោះ ។ ចំណែកឯដើមឈើចំនួន១៩ដើមទៀត ដែលមានហានិភ័យមធ្យមរួមមានដើមធ្លក៤ដើម យាង៧ដើម ចំបក់៦ដើម និងត្រាច២ដើម អាជ្ញាធរជាតិអប្សរា នឹងដាក់ផ្លាកសញ្ញាចំណាំងផ្លាតនៅលើដើមឈើទាំងនោះ និងបកកៅស៊ូផ្លូវកង់ដែលវាងដើមឈើចេញ ដែលវិធានការមួយនេះអាចរក្សាទុកដើមឈើទាំង១៩ដើមជាបន្តទៀត ។


សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមអនុវត្តន៍កិច្ចការខាងលើក្នុងសប្ដាហ៍នេះ រហូតដល់បញ្ចប់ការងារ ៕


ចែករំលែកព័តមាននេះ