ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ បន្តចុះបង្ក្រាបទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ បានចំនួន ០៦ទីតាំងទៀត កាលពីម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចខ្នងភ្នំដុបកំសត់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានកាប់ និងដុតបំផ្លាញចោលដើមកញ្ឆា លើផ្ទៃដីសរុបចំនួន ៩៨២ ម៉ែត្រការ៉េ និងអាងស្ដុកទឹកចំនួន ០៥អាង ។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអោយដឹងថា កម្លាំងជំនាញកំពុងស្រាវជ្រាវ ស្វែងរកម្ចាស់ដាំដំណាំកញ្ឆា ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
គួរជម្រាបថា ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ ធ្វើការរុករកស្រាវជ្រាវកាប់ដុតបំផ្លាញដំណាំកញ្ឆា ខុសច្បាប់ចំនួន ១២ទីតាំង បំផ្លាញអាងស្តុកទឹក០៨ នៅចំនុចខ្នងភ្នំដុបទឹកត្របែក ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ លើផ្ទៃដីប្រមាណ២៥៧១ ម៉ែត្រក្រឡា ។
សូមបញ្ជាក់ថា នៅប្រទេសកម្ពុជា ដំណាំកញ្ឆាមិនត្រូវអនុញ្ញាតឲ្យដាំដុះ ប្រើប្រាស់ និងកែច្នៃឡើយ ដោយច្បាប់ចាត់ចូលជាប្រភេទ និងវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន ៕








ចែករំលែកព័តមាននេះ