ខេត្តកំពង់ចាម ៖ មកដល់ពេលនេះ កម្លាំងនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបោះសំអាតមីន និងកាកសំណល់សង្គ្រាម (NPMEC) កំពុងតែសស្រាក់សស្រាំមុជរាវរកគ្រាប់ជាច្រើនប្រភេទពីក្នុងម៉ារីន មួយគ្រឿង ដែលលិចនៅបាតទន្លេមេគង្គ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកស្រីសន្ធរ ។

ដំណើរការរុករកនេះ បានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ និងបន្តរហូតមកដល់ពេលនេះ គឺប្រមូលគ្រាប់បានប្រមាណជាង៦តោនហើយ ។ ក្រៅពីរកឃើញគ្រាប់ក្រុមអ្នករុករកបានប្រទះឃើញគ្រោងឆ្អឹងសាកសពទាហានម្នាក់ផងដែរ ។ គ្រាប់យុទ្ធភណ្ឌទាំងអស់ត្រូវបានយកមកដាក់នៅក្នុងរណ្ដៅសុវត្ថិភាព មាត់ទន្លេដោយមិនឱ្យប្រជា ពល រដ្ឋណាម្នាក់មកក្បែរនោះទេ ។

លោក សុីម គង់ អភិបាលស្រុកស្រីសន្ធរប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តរួមនឹងសហការី បានចុះមកត្រួតពិនិត្យនៅតំបន់ដែលម៉ារីនរបស់ទាហានលន់ ណុល លិចនៅកណ្ដាលទន្លេមេគង្គចំណុចព្រំ ប្រទល់ស្រុកកងមាស-ស្រីសន្ធរ ។

លោកអភិបាលស្រុកស្រីសន្ធរប្រាប់បន្តថា រហូតមកដល់ថ្ងៃទី៩ កុម្ភៈ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អមដោយលោក កៅ សុខអាន អភិបាលរងខេត្តរួមនឹងឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតយុទ្ធ ភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក បានអញ្ជើញមកពិនិត្យទីតាំងរណ្ដៅដីដាក់គ្រាប់ ដែលស្រង់បានដោយប្រមូលដាក់នៅមាត់ទន្លេក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលមានបរិមាណជាង៦តោន ក្នុងនោះឃើញមានស្លាកឈ្មោះទាហាន លន់ នល់ ម្នាក់ឈ្មោះChhim-chheang-ly មានមួកដែក១ និងគ្រោងឆ្អឹងដែលមិនទាន់កំណត់អត្តសញ្ញាណច្បាស់ថាអ្នកនោះជាទាហានឬក៏ជាអ្នកបើកម៉ារីននោះទេ ។

លោកអភិបាលស្រុកស្រីសន្ធរ បញ្ជាក់ថា ចំពោះម៉ារីនដែលលិចនៅបាតទន្លេមេគង្គក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរនេះ បើតាមកម្លាំងរុករកគ្រាប់បានប្រាប់លោកថា ម៉ារីននោះមានទទឹង៦ម៉ែត្រនិងបណ្ដោយ៤០ម៉ែត្រចំពោះគ្រាប់ ដែលនៅក្នុងម៉ារីននេះអាចមានរហូតដល់៥០តោន ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ចំពោះម៉ារីនដឹកគ្រាប់ជាច្រើនប្រភេទដែលលិច នៅបាតទន្លេមេគង្គនោះ គឺជាកន្លែងវាយប្រយុទ្ធគ្នា រវាងកងទ័ព លន់ នល់ និងខ្មែរក្រហមក្នុងអំឡុងឆ្នាំ ១៩៧០ ដល់១៩៧៥ គ្រាដែលម៉ារីនឡើងតាមខ្សែទឹកហូរ ។

ពេលមកដល់ឃុំមានជ័យ ស្រុកស្រីសន្ធរ កម្លាំងខ្មែរក្រហមបានដាក់ដើមគចងបណ្ដែតកាត់ទទឹងទន្លេមេគង្គរួមទាំងបង្កៃគ្រាប់ ពេលណាដែលម៉ារីនឡើងមកប៉ះនោះវានឹងផ្ទុះរួមទាំងកម្លាំងខ្មែរក្រហម បាញ់ស្រោចពីលើច្រាំងជាហេតុបណ្ដាលឱ្យលិចបែបនេះ ។ ចំពោះគ្រោងឆ្អឹងដែលកម្លាំងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម រកឃើញមកដល់ពេលនេះមិនទាន់មានសាច់ញាតិណាម្នាក់មកសួរនាំនៅឡើយទេ ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានឧបត្ថម្ភអង្ករ១តោន និងថវិកា១០លានរៀល ដល់កម្លាំងដែលចុះរុករកគ្រាប់មិនទាន់ផ្ទុះនៅបាតទន្លេនេះ ។

ពាក់ព័ន្ធនឹងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីនាវាចម្បាំង(ម៉ារីន)ដែលបានលិចកប់ក្នុងទន្លេនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានប្រាប់ពីបញ្ហា និងឧបសគ្គមួយចំនួន ដែលតម្រូវឱ្យក្រុមការងារជំនាញសិក្សាបន្ថែមព្រោះថា មានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍នេសាទចាស់ៗជាច្រើន បានដាច់ហើយមកតោងជាប់នឹងតួម៉ារីន ដែលចំណុចនេះទាមទារឱ្យក្រុមជំនាញធ្វើការប្រមូលចេញ និងជាមូលហេតុធ្វើឱ្យមានការលំបាកក្នុងការប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមចេញពីនាវា ។

នត្រឹមតែគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៦តោន ដែលស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌជាច្រើននោះទេ គឺកម្លាំងជំនាញរបស់លោកបានប្រមូលវត្ថុតាងជាច្រើនរួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ លន់ ជាដើម ។ បើតាមលោកមេបញ្ជាការរូបនេះ គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន៖ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីល្លីម៉ែត្រ និងគ្រាប់ កាំភ្លើង យន្ត ១២,៧មីលី្លម៉ែត្រផងដែរ ។

មេបញ្ជាការរូបនេះ បានគូសបញ្ជាក់ថា សម្រាប់គ្រាប់យុទ្ធនៅក្នុងក្លូបទី១ ខាងលើអាចមានគ្រាប់យុទ្ធភណ្ឌចាប់ពី១០តោន ទៅ២០តោន ដូច្នេះគ្រាប់យុទ្ធភណ្ឌទាំងនេះ គឺមានចំនួនច្រើនណាស់។ ប៉ុន្តែ បើទោះបីជាចំនួនច្រើនយ៉ាងណាក៏ដោយ ក្នុងនាមលោកជាមេបញ្ជាការនឹងខិតខំប្រឹងសម្រេចការងារនេះ ឱ្យរួចរាល់តាមគោលការណ៍ ។ ដូច្នេះដើម្បីជំរុញកិច្ចប្រតិបត្តិការប្រកបដោយភាពស្មុគ្រស្មាញ និងប្រឈមមុខចំពោះការគ្រោះថ្នាក់នេះ កិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹកនេះ ត្រូវបានបែងចែកយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមអនុសាសន៍របស់ថ្នាក់ដឹក នាំ។

សូមបញ្ជាក់ថា នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ចូលរួមជាមួយក្រុមស៊ីមាក់ ប្រទះឃើញកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន៣ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ គ្រាប់៦០មីលី្លម៉ែត្រចំនួន១៦គ្រាប់ និងគ្រាប់៨០មីលី្លម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ។ ដើម្បីដោះស្រាយករណីនេះ រាជរដ្ឋាភិបាល បានបង្កេីតក្រុមការងារអន្តរក្រសួងមួយ ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត ដេីម្បីពិនិត្យ និងដោះស្រាយបញ្ហានេះ ។

ពាក់ព័ន្ធនឹងការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តែងដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យដល់ទីតាំងដោយផ្ទាល់ និងបានលើកទឹកចិត្តដល់ក្រុមការងារជំនាញបន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័សទៅតាមផែនការដែលបានកំណត់ ។

បើយោងតាមតាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ១,៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេ ប្រមាណ១៥០ហិកតា ៕










ចែករំលែកព័តមាននេះ