រដ្ឋមន្រ្តីបញ្ជាឲ្យធ្វើយ៉ាងណាចំណូលទេសចរណ៍ត្រូវធ្លាក់ដល់ដៃប្រជាសហគមន៍
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជនបទ…
រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជនបទ…
រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រប់ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជនបទ ត្រូវប្រើប្រាស់សេវាកម្មរបស់សហគមន៍ឱ្យបានច្រើន ដាច់ខាតមិនអាចរំលងការទំនាក់ទំនងជាមួយប្រជាសហគមន៍ឡើយ ដោយហេតុថាកិច្ចសហការ និងទំនាក់ទំនងល្អជាមួយសហគមន៍ ។ និយាយឲ្យចំលោករដ្ឋមន្រ្តីទំនងចង់បញ្ជាក់ថា អ្នកទេសចរណ៍ទៅដល់សហគមន៍ណា ត្រូវប្រើប្រាស់សេវាមាន អាហារ ការស្នាក់នៅ ដឹកជញ្ជួន ជាដើម របស់សហគមន៍នោះ ធ្វើដូច្នេះ អាចចូលរួមជំរុញជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកានតែប្រសើរឡើង ។
ការលើកឡើងរបស់លោកថោង ខុន បែបនេះ ស្របពេលសហគមន៍ទេសចរណ៍បានកំពុងដើរតួនាទីសំខាន់នៅក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញនៅក្នុងពេលនេះនិងក្រោយពេលវិបត្តិកូវីដ ១៩ ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីដូច្នេះ ក៍ស្របពេលដែលពលរដ្ឋជាច្រើន ដែលរស់នៅតាមសហគមន៍ទេសចរណ៍ បានត្អូញត្អែរពីការមិនទទួលបានចំណូលពីវិស័យទេសចរណ៍ទោះបីជាពួកគាត់រស់នៅក្នុងសហគមទេសចរណ៍ ឬជិតប្រាសាទបុរាណ ដែលមានអ្នកទេសចរចេញចូលមិនដាច់ក្តី ។ មែនទែនទៅការត្អូញត្អែរពីការមិនទទួលបានចំណូលពីវិស័យទេសចរណ៍នេះ ធ្លាប់មានឮតំាងពីយូរមកហើយពិសេសមុនពេលមិនទាន់មានវត្តមានកូវីដ១៩មកម្លេះ ។ ការត្អូញត្អែរជាច្រើនកោះសន្តិភាព ធ្លាប់ទទួលបានពីពលរដ្ឋនៅក្នុងខេត្តសៀមរាប ផងដែរ ។ ពលរដ្ឋដែលជាកូនចៅដូនតាអ្នកសាងប្រាសាទអង្គរវត្តបាននិយាយថាកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរបរទេស ត្រូវគេបានរៀបចំទៅកន្លែងធំ រាប់ទំាងការស្នាក់នៅ អាហារ កន្លែងទិញវត្ថុអនុស្សាវរីយ៍ ។ ពលរដ្ឋរកទទួលទានតាមចិញ្ចើមផ្លូវមិនមានឱកាសលក់ទំនិញ ផ្តល់សេវាកម្មអ្នកទេសចរណ៍ដែលបានទិញកញ្ចប់ទេសចរណ៍តាមរយៈក្រុមហ៊ុននោះឡើយ ។
ការដាក់បញ្ជារបស់លោកថោង ខុន នៅពេលនេះមិនដឹងថាមានប្រសិទ្ធភាពប៉ុណ្ណានោះទេ។ លោកមិនបានបញ្ជាក់ពីទោសទណ្ឌសម្រាប់អ្នកមិនប្រតិបត្តិតាមនោះឡើយ។ ក្រសួងទេសចរណ៍បានត្រឹមបញ្ជាក់ថា លោករដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់យ៉ាងដាច់អហង្កាថា «គ្រប់ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ជនបទ ត្រូវតែប្រើប្រាស់សេវាកម្មរបស់សហគមន៍ឱ្យបានច្រើន ដាច់ខាតមិនអាចរំលងការទំនាក់ទំនងជាមួយប្រជាសហគមន៍បានឡើយ»។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ត្រូវបានតែផ្ដល់ចំណូលទៅឱ្យប្រជាសហគមន៍ ពីព្រោះប្រជាសហគមន៍ជាអ្នកបង្កើតឱ្យមានផលិតផលទេសចរណ៍ ជាអ្នកអភិរក្សការពារធនធានធម្មជាតិ ជីវចម្រុះ ក៏ដូចជាសក្ដានុពលទេសចរណ៍ដទៃទៀត រីឯវិស័យសាធារណៈដែលមានក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ ភូមិ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ដទៃទៀត ជាអ្នកគាំទ្រដល់ការអភិវឌ្ឍ និងការអភិរក្សនៅក្នុងមូលដ្ឋានសហគមន៍ ក៏ដូចជាជួយផ្សព្វផ្សាយ បណ្ដុះបណ្ដាលប្រជាសហគមន៍ឱ្យចេះទទួលភ្ញៀវទេសចរ។
ការដាក់បញ្ជាដូចខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក ថោង ខុន អញ្ជើញទៅប្រកាន់ចូលកាន់តួនាទី លោកប្រធានថ្មី មន្ទីរទេសចរណ៍ខេត្តកោះកុងនាថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២១នេះ ៕
ចែករំលែកព័តមាននេះ