ខេត្តសៀមរាប ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់ កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ។ អ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨%ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន ៥០%។

បើតាមការឲ្យដឹងពីអ្នកជំនាញចិនមួយរូប បានឧទ្ទេសនាមជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់គឺលោក ទៀ សីហា នាថ្ងៃសៅរិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងដំណើរទស្សនកិច្ចស្វែងយល់ អំពីវឌ្ឍនភាពនៃការដ្ឋានសំណង់ទាំងនោះ។ នៅក្នុងបទបង្ហាញនោះដែរ បានរំលឹកឲ្យដឹងដែរថា ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។

ទីតាំងការដ្ឋាននេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណជា៥១គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត ដែលធានាបានថា ការហោះហើរ និងចុះចតមិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាស យានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។ ម្យ៉ាងទៀតការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀតផង។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេស និងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសារុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣ពាន់ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោកកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះអ្នកជំនាញក៏បានសំណូមពរដល់រដ្ឋបាលខេត្ត ក្នុងកិច្ចសហការជាមួយក្រុមហ៊ុន ក្នុងការជួយសម្រួលនូវបណ្តាញចរន្តអគ្គិសនី ដើម្បីបំពេញតម្រូវការក្នុងការប្រើបាស់ឲ្យបានគ្រប់គ្រាន់ នៅក្នុងបរិវេណអាកាសយានដ្ឋាននៅពេលបើក ដាក់ឲ្យដំណើរការហោះហើរ និងតភ្ជាប់បណ្តាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ប្រើប្រាស់នៅអាកាសយានដ្ឋាននេះ និងតភ្ជាប់ប្រព័ន្ធអ៊ិនធើណែត ព្រមទាំងសុំជួយធ្វើការសម្របសម្រួលការធ្វើបណ្ណ័កម្មសិទ្ធដីផ្លូវចូលមកព្រលាន ដើម្បីធ្វើរបងការពារសុវត្ថិភាពទៀតផង។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជា និងចិន ហើយក៏ជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជំរុញកិច្ចដំណើរការគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះដែរលោកអភិបាលខេត្ត ក៏បានលើកផងដែរថា រដ្ឋបាលខេត្តត្រៀមលក្ខណៈក្នុងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ទៅតាមរាល់សំណូមពររបស់ក្រុមហ៊ុន ដែលបានលើកឡើង ។ លោកក៏បានបញ្ជាក់ផងដែរថា រាល់សំណូមពរនេះដែរក៏យើងទាមទាឲ្យមន្ទីរអង្គភាពជំនាញចុះមកធ្វើការសិក្សាជាមុន ដើម្បីក្នុងការធានាឲ្យបានទៅតម្រូវការចាំបាច់ ប្រើប្រាស់នៅក្នុងអាកាសយានដ្ឋាន និងធ្វើការជំរុញដល់គណៈកម្មការ និងមន្ទីរជំនាញ ចុះធ្វើការពិនិត្យ និងកំណត់ព្រំដីឲ្យបានច្បាស់ លាស់ជាមុនផងដែរ៕ ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ