រាជធានីភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន បានចាប់ខ្លួនជនជាតិចិន ០២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម ក្នុងរាជធានីភ្នំពេញ ។
ករណីបង្ក្រាបការជួញដូរគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរ ផ្ទះលេខ៣៥ ផ្លូវ P០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លទ្ធផលដូចខាងក្រោម ៖
ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ០២នាក់រួមមាន ៖
ទី១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន (មេក្លោង ធ្លាប់ជាប់គុក១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត) ។ និងទី២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ។ វត្ថុតាងដកហូតបានមាន ៖ គ្រឿងញៀនមេតំហ្វេតាមីន (ICE) សរុប ជិត ១០គីឡូក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ