លោក សូត្រ សួរ បានផ្តួចផ្តើមបង្កើតសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំឡើង ដើម្បីឲ្យអ្នកភូមិ ទទួលបានចំណូលពីវិស័យទេសចរណ៍បន្ថែមពីរបរធ្វើស្រែចម្ការ។ លោកត្រូវបានវាយតម្លៃដោយក្រសួងទេសចរណ៍ និងអ្នកដឹកនាំសហគមន៍ទេសចរណ៍នានាក្នុងប្រទេសថា បានដឹកនាំសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដោយបាន បំពេញបានគ្រប់តម្រូវជូនភ្ញៀវទេសចរនិងបានលើកកម្ពស់ជីវភាពសហគមន៍កាន់តែប្រសើរឡើង ។

សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ មានទីតាំងស្ថិតភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពោលគឺនៅខាងកើតប្រាសាទបាគង ។ លោក សូត្រ សួរ ជាប្រធានសហគមន៍នេះ លោកជាអ្នកស្រុករស់នៅមូលដ្ឋាននេះផ្ទាល់ដែរ។ លោកធ្លាប់មានអនុស្សាវរីយ៍យ៉ាងច្រើននៅទីនេះ លោកធ្លាប់បានស្រមៃថាចង់ប្រែក្លាយមូលដ្ឋានរបស់លោកឱ្យមានការរីកចម្រើន។

សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២០ ក្រោយពីលោក សូត្រ សួរ បានក្លាយជាអ្នកនាំភ្ញៀវទេសចរណ៍ចំណានម្នាក់ ហើយបានយកចំណេះដឹងទំាងនោះមកជួយសហគមន៍។ ការបង្កើតសហគមន៍ទេសចរណ៍នេះ ជាក្ដីស្រមៃរបស់លោកតំាងពីកុមារភាពមកម្លេះ។

ក្រោយពេលបង្កើតសហគមន៍បានហើយ លោក សូត្រ សួរ បានរួមគ្នាជាមួយក្រុមការងារថ្នាក់ដឹកនាំសហគមន៏ និងប្រជាសហគមន៍ទាំងអស់ បានខិតខំពង្រីកផលិតផលទេសចរណ៍ជាបន្តបន្ទាប់។ មកដល់ពេលបច្ចុប្បន្ន សហគមន៍មានសេវាកម្មទេសចរណ៍ និងសេវាកម្មម្ហូបអាហារជាច្រើនសម្បូរបែប ដោយមានទាំងការតុបតែងរចនាទីតាំងដើរលេងកម្សាន្តឱ្យកាន់តែមានភាពទាក់ទាញ រៀបចំដាំដើមឈើ និងសួនផ្កាមានបឹងតូចមួយនៅកណ្ដាលសហគមន៍ ដែលមានទូកសម្រាប់ជិះកម្សាន្ត និងអាចស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ មានតូបអង្គុយជុំវិញមាត់ទឹកសម្រាប់ម្ហូបអាហារ ភេសជ្ជៈ មានសួនកម្សាន្តសម្រាប់កុមារ មានទីលានសម្រាប់បោះតង់ ទស្សនាការតាំងឧបករណ៍បុរាណ ទស្សនាកម្មវិធីទេសចរណ៍វប្បធម៌ប្រចាំថ្ងៃ មានរទេះគោជិះលេងកម្សាន្តជុំវិញសហគមន៍ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះ សហគមន៍ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតនៅពេលរដូវបុណ្យទានម្ដងៗ ដូចជា ការសម្ដែងក្បាច់គុនល្បក្កតោ ចាប៉ី ល្ខោន យីកេ របាំ ដែលសុទ្ធតែជាអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមក។

លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍ទេសចរណ៍នេះឡើង គឺដើម្បីជំរុញសក្ដានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទ សំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។ ម្យ៉ាងទៀត ជាទិសដៅលោកសហការបន្ថែម និងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ និងផលិតផលអនុស្សាវរីយ៍ក្នុងមូលដ្ឋាន ដើម្បីលក់ជូនភ្ញៀវទេសចរ បង្កើនចំណូលផ្ទាល់ លើកកម្ពស់ជីវភាពសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ក្រៅពីនេះ ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងសហគមន៍ ក៏ដូចជាចង់ចូលរួមជំរុញ និងអនុវត្តចលនាទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ។

ដោយមើលឃើញពីសកម្មភាពរបស់សហគមន៏ ប្រជាពលរដ្ឋដែលរស់នៅទីនោះ តែងនាំយករបស់របរប្រើប្រាស់ពីជំនាន់មុនៗ មកប្រគល់មកសហគមន៏ ដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិមកពីរាជធានីភ្នំពេញ និងខេត្តផ្សេងទៀត ក៏ដូចជាភ្ញៀវទេសចរបរទេស ឱ្យបានឃើញស្គាល់នូវវត្ថុប្រើប្រាស់របស់អ្នកស្រុកអង្គរដ៏ល្បីល្បាញនេះ។ រៀងរាល់ថ្ងៃប្រជាពលរដ្ឋតែងយកបន្លែ ផ្លែឈើ ត្រី សាច់ របស់របរសិប្បកម្មនានាមកតាំងលក់ជូនភ្ញៀវទេសចរថែមទៀតផង។

នៅក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀបរាម បានលើកឡើងពីភាពជោគជ័យរបស់សហគមន៍ទេសចរណ៏បាគងភូមិខ្ញុំនេះផងដែរ។ អ្នកចូលរួមវេទិកានេះបានធ្វើដំណើរទស្សនកិច្ចទៅកាន់សហគមន៍នេះទៀតផង ក្នុងចំណោមសហគមន៍ចំនួន ៦ ដើម្បីឱ្យសិក្ខាកាមដែលចូលរួមក្នុងដំណើរទស្សនកិច្ចនោះ ស្វែងយល់ពីគំរូបទពិសោធន៍ជោគជ័យរបស់សហគមន៍ ពិសេសគឺភាពជោគជ័យក្នុងបរិបទវិបត្តិជំងឺកូវីដ១៩នេះ។

តាមការសិក្សារបស់ក្រុមសិក្ខាកាមជាច្រើនបានមើលឃើញថា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ពិតជាបានចូលរួមជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍បានយ៉ាងល្អប្រសើរ មានការបែងចែកផលចំណេញជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ដែលជាបទពិសោធន៍ជោគជ័យមួយដ៏ល្អសម្រាប់ជាគំរូដល់សហគមន៍ទេសចរណ៍ដទៃទៀត ពិសេសគឺពិតជាបានចូលរួមជំរុញចលនាទេសចរក្នុងស្រុកបានយ៉ាងសកម្ម៕
ចែករំលែកព័តមាននេះ