ខេត្តបាត់ដំបង៖ មន្ត្រីការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ទៅសាលាដំបូងខេត្ត ក្រោយពីត្រូវកម្លាំងល្បាតពេលយប់របស់អធិការក្រុងបាត់ដំបងឃាត់ខ្លួន កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ នៅលើដងផ្លូវ នៅក្នុងក្រុងបាត់ដំបង ដែលសង្ស័យនិងអំពើលួចម៉ូតូ។

លោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ឈ្មោះ ចាន់ ធាវិសាល អាយុ១៨ឆ្នាំ រស់នៅភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ។ ជននេះ ត្រូវបានកម្លាំងរបស់លោក ដែលចេញល្បាតពេលយប់ឃាត់សួរនាំ ក្រោយមានការសង្ស័យទៅលើម៉ូតូដែលជននេះជិះគ្មានស្លាកលេខ។ ហើយក្រោយសួរនាំទើបដឹងថា ម៉ូតូដែលជននេះជិះ គឺជាម៉ូតូដែឡជននេះនិងបក្សពួកម្នាក់ទៀតលួចគេ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យបានចូលកាច់សោ.កលួចយកម៉ូតូនៅក្នុងបន្ទប់ជួល របស់ជនរងគ្រោះឈ្មោះ រ៉ាយ ស្រីលក្ខណ៏ អាយុ២១ឆ្នាំ កាលពីយប់ថ្ងៃទី០៥ កុម្ភៈ ដែលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លុះនៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ ពេលជននេះជិះដើរលេង ក៏ត្រូវកម្លាំងល្បាតពេលយប់កាក់សួរនាំ ដោយសារជននេះជិះម៉ូតូគ្មានស្លាកលេខ ព្រោះជននេះដោះចោល ទើបបែកធ្លាយរឿងលួចម៉ូតូគេតែម្ដង។

ម៉ូតូនោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាក បាត់ដំបង 1AF- 7092។ បើតាមសមត្ថកិច្ចថា ជនសង្ស័យនេះមានបក្សពួកចំនួន០២ នាក់ តែពេលត្រូវឃាត់ខ្លួនគឺជននេះ ជិះតែម្នាក់ឯងទេ។ ក្រោយលួចម៉ូតូបានជននេះបានដោះស្លាកលេខម៉ូតូបោះចោល តែក្រោយសាកសួរ ជននេះបាននាំកម្លាំងសមត្ថកិច្ចទៅរកស្លាកលេខម៉ូតូនោះឃើញវិញ។

លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បាននិយាយថា ជាមួយនឹងការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូបានចំនួន០២គ្រឿង គឺមួយគ្រឿងជារបស់ជនរងគ្រោះខាងលើ និង មួយគ្រឿងទៀតជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ លោកបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីរឿបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តែនៅបក្សពួគម្នាក់ទៀត ដែលកម្លាំងជំនាញកំពុងតាមស្វែងរកឃាត់ខ្លួនផងដែរ៕
ចែករំលែកព័តមាននេះ