ខេត្តសៀមរាប ៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន គឺចាប់ត្រីរួមគ្នាត្រៀម ដើម្បីឡើងខែមាឃ ។ជា
រៀងរាល់ឆ្នាំនិងច្រើនជំនាន់មកហើយឱ្យតែជិតដល់ខែមាឃ អ្នកស្រុកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប មិនដែលខកខាន ប្រារព្ធពិធីចាប់ត្រីរួម
ជាលក្ខណៈសហគមន៍ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃតាមទំនៀមទម្លាប់ពីបុរាណនោះឡើយ ។

ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងឈ្មោះ បង្កោងដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំង ខួបវស្សា អ្នកស្រុកបានអភិរក្សទុក ការពារ មិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស ខុសពីខែមាឃនេះឡើយ ។ លុះត្រាតែមានការសម្រេចរួមគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចនាំគ្នាទៅរកចាប់បាន ។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាងជាដើម ។

លោក ពេជ្រ ឃិន មេភូមិបង្កោង នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈដែលជាថ្ងៃចាប់ត្រីរួមគ្នានេះ បានមានប្រសាសន៍ថា ត្រីដែលចាប់បាននោះ មួយផ្នែកសម្រាប់ធ្វើម្ហូបលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតសម្រាប់ធ្វើទឹកនំបញ្ចុក និងធ្វើម្ហូបអាហាររួម សម្រាប់ពិធីឡើងខែមាឃ ឬបុណ្យឡើងអ្នកតា តាមទំនៀមបុរាណ ។ ពិធីនេះមានអ្នកភូមិរួមជាមួយក្រុមមន្ត្រីអាជ្ញាធរជាតិ អប្សរា អាជ្ញាធរ មូលដ្ឋានភូមិឃុំនិងពលរដ្ឋមានចំនួនជាង១០០នាក់បាននាំគ្នាប្រារព្ធពិធីចាប់ត្រី ។

លោកមេភូមិឱ្យដឹងទៀតថា ឆ្នាំនេះសម្បូរត្រី ហើយត្រីដែលចាប់បានមានត្រីរ៉ស់ ត្រីក្រាញ់ អណ្តែង តាអោន និងត្រីកាហែ ដែលត្រីមួយៗខ្លះជិត១គីឡូក្រាម ឬជាង១គីឡូ ក្រាម ។ ប៉ុន្តែដោយសារឆ្នាំនេះ មានភ្លៀងធ្លាក់ចុងឆ្នាំច្រើនទឹកបឹងមិនសូវស្រក ការចាប់ត្រីក៏បានតិច ។ ហេតុដូច្នេះ បានជាត្រូវពន្យារការចាប់ត្រីពីថ្ងៃ ៣កើត ខែមាឃ ដែលធ្លាប់ធ្វើរាល់ឆ្នាំ មកថ្ងៃ៩ រោច ខែមាឃវិញ ។

ទោះបីពិធីនេះមិនបានប្រារព្ធក្នុងថ្ងៃណាមួយច្បាស់លាស់ក្តី តែមិនឱ្យហួសពីខែមាឃនេះឡើយ ។ប្រជាជនក្នុងភូមិបង្កោង យុវជនឈ្មោះ យឿន តារា ដែលក្រោកមកចាំចាប់ត្រីតាំងពីព្រលឹមស្រាងៗ បានសម្តែងចិត្តសប្បាយរីករាយដែលបានមកចាប់ត្រីរួមគ្នា និងបង្ហាញការសាមគ្គីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ពិសេសរក្សាបាននូវទំនៀមទម្លាប់ដែលមានតាំងពីយូរលង់មកហើយ ។ ក្នុងនាមជាយុវជន រូបគេ ចង់ឱ្យទំនៀមនេះនៅតែបន្តសម្រាប់ឱ្យកូនចៅជំនាន់ក្រោយស្គាល់រហូតតទៅ ។

ជាមួយគ្នានោះ មន្ត្រីអាជ្ញាធរអប្សរាក៏បានលើកឡើងថា ការប្រារព្ធពិធីបុណ្យឡើងមាឃឬឡើងអ្នកតានេះ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី ។ ក្រៅពីបង្ហាញឱ្យឃើញតម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងភាពរស់រវើកនៅតាមសហ គមន៍ និងដើម្បីអបអរដល់ទិន្នផលទទួលបាន ក្រោយពីបានប្រមូលផលស្រូវរួច រាល់ហើយ ។ ចំពោះពិធីនេះ ក៏មានការប្រារព្ធប្រហាក់ប្រហែលគ្នាតាមស្រុក និងខេត្តមួយចំនួនទៀតទូទាំងប្រទេសកម្ពុជាផងដែរ ៕





ចែករំលែកព័តមាននេះ