រាជធានីភ្នំពេញ ៖ តាមរយៈរូបភាពមួយចំនួន ដែលទាក់ទងនឹង «ត្រីបណ្តូលអំពៅលឿង» បានប្រមូលផ្តុំគ្នាចូលទៅក្នុងថង់ប្លាស្ទិក កែវប្លាស្ទិក ដែលអណ្តែតក្នុងទឹកទន្លេសាប ដែលក្រុមការងារ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ប្រមូលបានពីឧករណ៍នេសាទត្រីឧស្សាហកម្ម «ដាយត្រី» នៅតាមដងទន្លេសាប។ សំណល់ប្លាស្ទិក កែវ ដប កំប៉ុងជ័រ។ល។ នៅក្នុងទឹកទន្លេ ហាក់កំពុងក្លាយទៅជាជម្រកលាក់ខ្លួនរបស់ពពួក «ត្រីបណ្តូលអំពៅលឿង» ទាំងនេះ ដើម្បីគេចចេញពីសត្រូវនានា ឬអាចចូលដើម្បីរកចំណី។
រូបភាព ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គយោងតាមលោកថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានឱ្យដឹងថា បើតាមការសង្កេតរបស់លោកកន្លងមកនៅតាមគន្លងដាយ លោកតែងតែឃើញត្រីបណ្តូលអំពៅនេះ ចូលទៅក្នុងថង់ប្លាស្ទិក និងរបស់ផ្សេងៗ។
រូបភាព ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គលោកថាច់ ផាណារ៉ា បានបន្តថ្លែងថា ៖«ខ្ញុំតែងតែឃើញត្រីបណ្តូលអំពៅ ចូលទៅក្នុងថង់ប្លាស្ទិក កែវកាហ្វេ សម្បកកំប៉ុង និងដបជាដើម។ ពួកវាចូលក្នុងរបស់ទាំងនោះជាហ្វូង»។
ទោះយ៉ាងណា លោកផាណារ៉ា មិនហ៊ានសន្និដ្ឋានថាយ៉ាងណាទេ ចំពោះហ្វូងត្រីដែលចូលទៅក្នុងថង់ប្លាស្ទិកនេះ។ លោកបានលើកឡើងបន្ថែមទៀតថា៖ «ខ្ញុំមិនហ៊ានសន្និដ្ឋានថាយ៉ាងម៉េចទេ ល្គឹកណាពុំទាន់មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ។ បើតាមលក្ខណៈជីវសាស្ត្រនៃត្រីបណ្តូលអំពៅនេះ វាគឺជាប្រភេទត្រីរកស៊ីស្រទាប់លើនៃផ្ទៃទឹក។ អាចថាដោយសារកង្វះទីជម្រក វាក៏ចូលទៅលាក់ខ្លួនក្នុងកាកសំណល់ប្លាស្ទិក ដែលហូរតាមទឹកនោះទៅ ដើម្បីគេចចេញពីសត្រូវ ឬចូលដើម្បីស៊ីចំណី ដែលតោងជាប់នឹងរបស់ទាំងនោះក៏មិនដឹង»។
រូបភាព ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គសំណល់ប្លាស្ទិកទាំងឡាយ គឺជាសំណល់ដែលមិនងាយរលាយ ដែលជាកត្តាគំរាមកំហែងចម្បងដល់បរិស្ថានទឹកទន្លេ។ លោកផាណារ៉ា ក៏ធ្វើការអំពាវនាវដល់អ្នករស់នៅតាមដងទន្លេទាំងអស់ សូមទុកដាក់កាកសំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ កុំបោះចោលតាមទីសាធារណៈ ឬ បោះចូលក្នុងទឹកទន្លេ។
សូមចូលរួមថែរក្សាសុខមាលភាពទន្លេមេគង្គទាំងអស់គ្នា។ សុខមាលភាពទន្លេមេគង្គ សុខមាលភាពប្រទេសកម្ពុជា៕
រូបភាព ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
ចែករំលែកព័តមាននេះ