ខេត្តកំពង់ចាម ៖ មានករណីនារីម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេ បានមកលោតទឹកពីលើស្ពានគីហ្ស៊ុណា ដោយបន្សល់ទុកអាវ១ និងស្បែកជើង១គូនៅលើស្ពាន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចលើស្ពានគីហ្ស៊ុណា ត្រង់បង្គោលស្ពានលេខ១៣ ស្ថិតនៅគោលដៅទី៣ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
តាមប្រភពពីកម្លាំងនគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីពុំស្គាល់អត្តសញ្ញាណម្នាក់ដើរចេញពីត្រើយខាងកើតឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឡើងមកលើស្ពានគីហ្ស៊ុណា តែម្នាក់ឯង ស្របពេលដើរមកដល់ត្រង់កណ្ដាលស្ពានចំណុចបង្គោលស្ពានលេខ១៣ ក៏បានឡើងបង្កាន់ដៃរួចលោតចូលទៅក្នុងទឹកទន្លេ បណ្តាលឱ្យលិចបាត់ភ្លាមៗតែម្តង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមម៉ូតូនិងរថយន្តយ៉ាងខ្លាំង ។
នគរបាលមូលដ្ឋានបានប្រាប់បន្តឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋនិងកម្លាំងនគរបាលប្រចាំការនៅស្ពានគីហ្ស៊ុណារួចមក ប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ក៏បានចុះទៅដល់កន្លែងកើតហេតុជាមួយនោះ និងជួលទូកបងប្អូនខ្មែរអ៊ីស្លាម ដើម្បីតាមរកមើលសពនារីរងគ្រោះខាង ដោយចំណាយពេលបើកទូកចុះឡើងតាមខ្សែទឹកទន្លេរហូតមកដល់វេលាម៉ោង២រសៀលថ្ងៃដដែល សពនារីរងគ្រោះខាងលើគឺពុំទាន់ឃើញអណ្តែតនៅចំណុចណាមួយនៅឡើយទេ ។ ដោយមានការណែនាំពីលោកអ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម គឺឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ត្រូវសហការជាមួយស្រុកដែលនៅជាប់តាមដងទន្លេឲ្យជួយឃ្លាំមើលក្រែងប្រទះឃើញសពអណ្ដែតនៅត្រង់ចំណុចណាមួយ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃដដែលនេះ ខណៈកម្លាំងគោលដៅយាមស្ពានគីហ្ស៊ុណាក៏បានប្រទះឃើញនារីរងគ្រោះម្នាក់ខាងលើនោះដើរនៅស្ពានគួរអោយសង្ស័យ សមត្ថកិច្ចក៏ទៅសួរនាំ ហើយក៏បានជូននាងទៅដល់ត្រើយខាងកើតជិតសណ្ឋាគារសុវណ្ណភូមិ ដោយនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នាងនៅចាំមិត្តភក្តិមកយក បន្ទាប់មកសមត្ថកិច្ចក៏បានត្រឡប់មកយាមនៅគោលដៅវិញ ស្រាប់តែដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានប្រជាពលរដ្ឋរាយការណ៍ថា បានឃើញអាវ១ និងស្បែជើង១គូ នៅលើស្ពាន ដោយគេមានការសង្ស័យថា មានករណីមនុស្សលោតទឹកបញ្ចប់ជីវិត ហើយសមត្ថកិច្ចបានសហការជាមួយអ្នកទេសាទនៅជិតនោះក៏បានចេញទូកទៅស្វែងរកជនរងគ្រោះ ។
សមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃដដែល ក៏មានក្រុមគ្រួសារសាច់ញាតិរបស់នារីរងគ្រោះបានមកទំនាក់ទំនងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ជាមួយនោះគេបានស្គាល់អត្តសញ្ញាណនារីរងគ្រោះដែលលោតទឹកពីលើស្ពានគីហ្ស៊ុណាហើយ គឺឈ្មោះសារុន ធារ៉ា អាយុ២១ឆ្នាំ រស់នៅឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បើតាមកម្លាំងសមត្ថកិច្ចប្រាប់ឲ្យដឹងថា ដើមហេតុដែលបណ្ដាលឱ្យនារីរងគ្រោះមកលោតទឹកពីលើស្ពានគីស្ស៊ុណា គឺដោយសារតែនៅយប់ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២១ នារីរងគ្រោះបានឈ្លោះប្រកែកជាមួយនឹងប្ដី ៕








ចែករំលែកព័តមាននេះ