ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​ស្រុក​បាកានសប្បាយចិត្ត​ ព្រោះស្រូវ​ឆ្នាំ​នេះ​​បាន​ទិន្នផល​ខ្ពស់ និង​លក់​បាន​ថ្លៃ

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រជា​កសិករ​នៅ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​សម្ដែង​ទឹកចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​ឆ្នាំ​នេះ​មានទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​ប្រាំង ព្រមទាំង​ទទួល​បាន​ទិន្នផល​ខ្ពស់ ក្នុង​មួយ​ហិ​កតា​ពី ៧…

ខេត្តពោធិ៍សាត់ ៖ ប្រជា​កសិករ​នៅ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​សម្ដែង​ទឹកចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​ឆ្នាំ​នេះ​មានទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​ប្រាំង ព្រមទាំង​ទទួល​បាន​ទិន្នផល​ខ្ពស់ ក្នុង​មួយ​ហិ​កតា​ពី ៧ តោន​ទៅ ៨​តោន ហើយ​លក់​ក៏​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ​ទៀត​ផង ដែល​ប្រភេទ​ស្រូវ អូ​អឹ​ម ក្នុង​មួយ​គីឡូក្រាម​មាន​តម្លៃ​ពី ១.០០០​រៀល​ទៅ​១.០៣០​រៀល ឯ​ស្រូវ សូ​ម៉ា​លី និង សែន​ក្រអូប ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ពី ១.១៥០​រៀល​ទៅ​១.២០០​រៀល​ឯណោះ ។

លោក ព្រំ មឿ​ន ប្រធាន​ក្រុមប្រឹក្សា និង​ជា​មេឃុំ​ខ្នារ​ទទឹង​បាន​ឲ្យ​ដឹង​ថា ឃុំ​ខ្នារ​ទទឹង​មាន​ផ្ទៃដី​បង្កបង្កើន​ផល​សរុប​ជាង ២.៨០០​ហិ​កតា ធ្វើ​បាន ១០០% ។ នៅ​រដូវវស្សា​ប្រជា​កសិករ​ភាគច្រើន​និយម​ធ្វើ​ស្រូវ​សូ​ម៉ា​លី និង​សែន​ក្រអូប ព្រោះ​ពូជ​ទាំង​ពីរ​នេះ​អតិថិជន​និយម​ចូល​ចិត្តច្រើន​ជាងគេ ។ ស្រូវ​វស្សា​ដែល​ប្រជា​កសិករ​បាន​ធ្វើ​ក្នុង​ឆ្នាំ ២០២០ កន្លង​មកនេះ លូតលាស់​ល្អ​គ្រប់​ទីកន្លែង ប៉ុន្តែ​បាន​ប៉ះពាល់​ទឹកជំនន់​ជាង ៦០០​ហិ​កតា ហើយ​ផ្ទៃដី​ដែល​ត្រូវ​ស្ដារ​ឡើង​វិញ​មាន​ចំនួន ៤៤៣​ហិ​កតា ។

លោក ព្រំ មឿ​ន ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ស្រូវពូជ​ប្រភេទ អូ​អឹ​ម ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ភ្លាម​ប្រជា​កសិករ​ក្នុង​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន បាន​នាំ​គ្នា​សម្រុក​ស្ដារ​ឡើង​វិញ​បាន​ទាន់​ពេលវេលា ស្រប​ពេល​ដែល​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ពិសេស​បានការ​ជំរុញ និង​យកចិត្តទុកដាក់​ពី​សំណាក់​លោក​អភិបាលខេត្ត អភិបាលស្រុក អាជ្ញាធរ​ភូមិ​ឃុំ និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ផង​ដែរ ។

សព្វ​ថ្ងៃនេះ​ប្រជា​កសិករ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន កំពុង​តែ​សប្បាយ​រីករាយ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ប្រភេទ អូ​អឹ​ម របស់​សម្ដេច ដែល​កំពុង​ទុំ​ពណ៌​មាស​ពាសពេញ​ស្រែ ហើយ​កន្លែង​ខ្លះ​រក​ម៉ាស៊ីន​ច្រូត​ស្ទើរតែ​មិន​ទាន់​ទៀត​ផង ។ ស្រូវ​ប្រភេទ អូ​អឹ​ម នេះ​ឲ្យ​ផល​ក្នុង​មួយ​ហិ​កតា​ពី ៧​តោន​ទៅ ៨​តោន​ឯណោះ ហើយ​តម្លៃ​វិញ​ពី ១.០០០​រៀល​ទៅ ១.០៣០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

ការងារ​បង្កបង្កើន​ផល​ស្រូវ​នៅ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន​ទទួល​បាន​ជោគជ័យ​នេះ ដោយសារ​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល​របស់​រាជរដ្ឋាភិបាល មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​លើ​ដីស្រែ ពិសេស​ប្រជា​កសិករ​ឧ​ហ្សា​ហ៍​ព្យាយាម និង​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​កសិកម្ម​ក្នុង​ការ​ពង្រា​ព​ដី​និង​ការ​ប្រើប្រាស់​ជី​ជាដើម ។ សរុប​មក​ប្រជា​កសិករ​សប្បាយចិត្ត ទី ១ ក្រោយ​ពេល​ស្រូវ​ខូច​ដោយ​ទឹកជំនន់ សម្ដេច​តេ​ជោ​បាន​ផ្ដល់​ពូជ​មក​ឲ្យ​ធ្វើ​ស្ដារ​ឡើង​វិញ​, ទី ២ មានទឹក​ស្រោចស្រព​គ្រប់គ្រាន់​, ទី ៣ ស្រូវ​លូតលាស់​ល្អ​បាន​ទិន្នផល​ខ្ពស់ និង​ទី ៤ ស្រូវ​លក់​បាន​ថ្លៃ​ជាង​រាល់​ឆ្នាំ ។

ប្រជា​កសិករ​ឃុំ​ខ្នារ​ទទឹង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​លេ​ជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ និង​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ធ្វើ​យ៉ាងណា​ជួយ​រក្សា​ទឹក​ឲ្យ​មាន​គ្រប់គ្រាន់​នៅ​រដូវប្រាំង និង​រក្សា​តម្លៃ​ស្រូវ​យ៉ាង​ហោច​ណាស់​ត្រឹម ១.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម កុំ​ឲ្យ​ដូច​ឆ្នាំ​មុន​ៗ​មួយ​គីឡូក្រាម​តែ ៦០០​រៀល​ទៅ ៧០០​រៀល គឺ​មិន​អាច​ទូទាត់​ថ្លៃ​ភ្ជួរ​រាស់ ថ្លៃ​ជី ថ្លៃ​ច្រូត និង​ថ្លៃ​កម្លាំង​ពលកម្ម​បាន​នោះ​ទេ ។

ទោះ​យ៉ាងណា​បើ​តាម​ការ​ស្ទាបស្ទង់​ឲ្យ​ដឹង​ថា ស្រូវ​ឆ្នាំ​នេះ​បាន​ថ្លៃ​នោះ​ដោយសារ​តែ​មាន​ឈ្មួញ​មក​ពី​ប្រទេស​វៀតណាម​ចូល​មក​ទិញ​ដល់​ស្រែ បើ​លក់​ឲ្យ​តាម​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​នោះ គឺ​មិន​បាន​ថ្លៃ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ