ខេត្តកំពង់ចាម៖ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ រួមគ្នារៀបចំសិក្ខាសាលាស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយសៀវភៅសិក្សាគោលប្រាំមុខ សម្រាប់មត្តេយ្យសិក្សា ដែលបានដាក់បញ្ចូលការឆ្លើយតប សមភាពយេនឌ័ររវាងក្មេងស្រី និងក្មេងប្រុស ដើម្បីប្រើប្រាស់នៅសាលាមត្តេយ្យសិក្សាទូទាំងព្រះរាជាណាចក្រកម្ពុជា។

អង្គការភ្លែនអន្តរជាតិកម្ពុជាគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីអប់រំកុមារតូចរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងផ្នែកធនធានថវិកា និងធាតុចូលផ្នែកបច្ចេកទេស ដើម្បីពង្រឹងគុណភាពសេវាអប់រំកុមារតូច នៅសហគមន៍ ជាពិសេសនៅតំបន់ដាច់ស្រយាល។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា និងនាយកដ្ឋានអប់រំកុមារតូចដែលបានបើកទទួលយកគំនិតថ្មី និងសហការយ៉ាងសកម្មជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា។ តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅគ្រូដែលបានបញ្ចូលវិធីសាស្ត្របង្រៀន ដោយឆ្លើយតបសមភាពយេនឌ័រ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តយេនឌ័រនៅក្នុងសាលាមត្តេយ្យទូទាំងប្រទេស។ ភាពជាដៃគូនេះ កំពុងគាំទ្រដល់កុមារងាយរងគ្រោះ នៅតំបន់ដាច់ស្រយាល ដើម្បីឱ្យពួកគេអភិវឌ្ឍធំលូតលាស់ពោពេញដោយសក្តានុពលរបស់ពួកគេ។
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោកស្រី គ្វីននេត មានប្រសាសន៍ថា៖ «ជាមួយសៀវភៅសិក្សាគោលទាំង ៥ មុខនេះ ពួកយើងសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងមានឧបករណ៍ និងវិធីសាស្ត្របន្ថែមទៀតដើម្បីជួយសម្របសម្រួលដល់ការរៀនសូត្រ និងការលេងរបស់កុមារប្រកបដោយសមភាព ដើម្បីកាត់បន្ថយផ្នត់គំនិតយេនឌ័រអវិជ្ជមាន និងវិសមភាពយេនឌ័រនៅក្នុងសាលាមត្តេយ្យ។ ទាំងនេះនឹងជួយឱ្យកុមារធំលូតលាស់ដោយមានសុខភាពល្អ រីករាយ និងត្រៀមខ្លួនទៅសាលារៀន»។

ក្នុងរយៈពេល ៤ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំប្រទេស បច្ចុប្បន្នរបស់ខ្លួន កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ កុមារ ២៥.៥៧៨នាក់ (កុមារី ១៣.២២៦ នាក់) ដែលមានអាយុ ៣-៥ ឆ្នាំ ឱ្យបានចូលរៀនសាលាមត្តេយ្យសហគមន៍។ កម្មវិធីបានជួយ កុមារ ១៦.៧៨៦នាក់ (ក្មេងស្រី ៨.៤៧២នាក់) ដែលមានអាយុពី ៣-៥ ចូលរៀនថ្នាក់ទី១ និងព្រមទាំងបានសាងសង់សាលាមត្តេយ្យសហគមន៍ចំនួន ១៩២ និងបានកែលម្អសាលាមត្តេយ្យសហគមន៍ចំនួន១២៣ និងសមិទ្ធិផលជាច្រើនផ្សេងទៀត។

អង្គការភ្លែនអន្តរជាតិ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។ កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាមានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសដែលមាន អាយុ ០ ទៅ ៥ឆ្នាំ ជាពិសេសកុមារដែលមិនទទួលបានការយកចិត្តទុកដាក់បំផុត ឱ្យលូតលាស់ប្រកបដោយសុខភាពល្អ រីករាយ និងត្រៀមខ្លួនចូលរៀនថ្នាក់បឋមសិក្សា។

ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដោយ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងចូលរួមដោយអ្នកសម្របសម្រួលថ្នាក់ជាតិ ថ្នាក់ក្រសួង (គណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការរៀបចំ) មន្ទីរពាក់ព័ន្ធ មន្ត្រីថ្នាក់ស្រុក គ្រូបង្រៀន និងដៃគូអភិវឌ្ឍន៍៕ ដោយ៖ ស្រី គំនិត



ចែករំលែកព័តមាននេះ