ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ «​លៀន​ទ្រនាប់​ឆ្អឹង​កង​» ដែល​មិន​គួរ​មើល​រំលង និង​ត្រូវ​ប្រយ័ត្ន​!!!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ទ្រី ធី ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ថា ៖ នៅ​ពេល​ដែល​មានការ​រហែក​សំបក​ទ្រនាប់​ឆ្អឹង​កង បណ្តាល​អោយ​ផ្នែក​កណ្តាល​នៃ​ទ្រនាប់​ឆ្អឹង​កង…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ទ្រី ធី ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ថា ៖ នៅ​ពេល​ដែល​មានការ​រហែក​សំបក​ទ្រនាប់​ឆ្អឹង​កង បណ្តាល​អោយ​ផ្នែក​កណ្តាល​នៃ​ទ្រនាប់​ឆ្អឹង​កង (nucleus) លូន​ចេញ​មក​សង្កត់​ទៅ​លើ​សរសៃវិញ្ញាណ (Nerve root) ដែល​ត​ភ្ជាប់​ពី​ខួរឆ្អឹងខ្នង បណ្តាល​អោយ​មានការ​រំខាន និង​ឈឺ​ចុកចាប់​តាម​តំបន់​ដែល​សរសៃវិញ្ញាណ​នោះ​គ្រប់គ្រង​។

ទ្រនាប់​ឆ្អឹង​កង (Disc) គឺជា​បន្ទះ​ថាស​ទន់ ដែល​ស្ថិត​នៅ​ចន្លោះ​ឆ្អឹង​កង (​ក ខ្នង និង​ចង្កេះ​) ថាស​ទន់​នេះ ដើរតួ​ជា​អ្នក​សំរួល​អោយ​មានការ​បត់បែន​របស់​ឆ្អឹង​កង​។ សរសៃវិញ្ញាណ (Nerve root) ត​ភ្ជាប់​ពី​ខួរឆ្អឹង​កង (Spinal cord)​ទៅ​កាន់​សរីរាង្គ​ផ្សេង​ៗ វា​មាន​តួនាទី​ទទួល​ការ​ដឹង និង​ធ្វើ​ឱ្យ​មាន​ចលនា​របស់​សរីរាង្គ​។

លោក​វេជ្ជបណ្ឌិត ទ្រី ធី​, ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ បាន​បញ្ជាក់​ថា ៖ ជា​ទូទៅ​ទ្រនាប់​ឆ្អឹង​កង​ដែល​លៀន​ចេញ​តិច​ទួ​ច​មិន​បង្ក​ឱ្យ​មានការ​ឈឺ​ចុកចាប់​ទេ​។ ការ​ឈឺចាប់​កើតឡើង​ដរាបណា ភ្នាស​នៅ​ផ្នែក​ខាងក្រៅ​នៃ​ខួរឆ្អឹង​កង ឬ​សរសៃប្រសាទ​ឆ្អឹងខ្នង​ទទួល​រង​ការ​សង្កត់ ឬ​មានការ​រលាក​។

ក​) កត្តា​ហានិភ័យ (Risk factor) ៖ កត្តា​ដែល​ប្រឈម​នឹង​ជំងឺ​នេះ​មាន ៖

  • អាយុ ៖ ចន្លោះ ៣៥ ទៅ ៤៥​ឆ្នាំ ដោយសារ​តែ​ការ​វិវត្តន៍​ទ្រុឌទ្រោម​របស់​ឌី​ស
  • ទម្ងន់ ៖ បង្ក​ឱ្យ​មាន​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​ឌី​ស
  • ការ​ជក់បារី ៖ បន្ថយ​កម្រិត​អុក​ស៊ី​សែន​ក្នុង​ឈាម ដែល​បន្ថយ​សារធាតុចិញ្ចឹម​សំខាន់​សំរាប់​សារពាង្គកាយ និង​ទ្រនាប់​ឆ្អឹង​កង
  • កម្ពស់ ៖ បុរស​ខ្ពស់​ជាង ១៨០ ស​.​ម និង​ស្ត្រី​ខ្ពស់​ជាង ១៧០ ស​.​ម
  • ការងារ​ដែល​តំរូវ​អោយធ្វើ​ចលនា​ច្រំ​ដែល​ដូច​ជា អង្គុយ ឈរ ដើរ​ច្រើន​។​ល​។

ខ​) រោគ​សញ្ញា ៖
១. ការ​លាន​ឌី​ស​ផ្នែក​ឆ្អឹង​កងក ៖ រោគ​សញ្ញា​រួម​មាន ការ​ឈឺ​ក្រហាយ​ពើត​ស្ពឹក ឬ​ខ្សោយ​សាច់ដុំ​នៅ​ម្តុំ ក ស្មា ដើមដៃ កំ​ផួ​ន និង​រាលដាល​ដល់​ដៃ ម្រាមដៃ​។​ល​។
២. ការ​លៀន​ឌី​ស​ផ្នែក​ឆ្អឹង​កង​ចង្កេះ រោគ​សញ្ញា​រួម​មានការ​ឈឺ​ពើត​ក្រហាយ​ស្ពឹក​ឬ​ខ្សោយ​សាច់ដុំ នៅ​ចង្កេះ​រាលដាល​មក​ត្រគាក​ភ្លៅ​កំ​ផួ​ន​ជើង និង​ចុងជើង​។​ល​។

គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ ៖ ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​ពឹងផ្អែក​ទៅ​លើ

  • ការ​សួរនាំ​ពី​សភាព និង​ប្រវត្តិ​ជំងឺ
  • ការ​ថត​កាំរស្មី (X-Ray)
  • ការ​ថត​ស្កែ​ន (CT scan)
  • ការ​ថត​អ៊ឹម​អរ​អាយ (MRI) ។

ឃ​) ការ​ព្យាបាល ៖

  • ការ​សម្រាក​អោយ​បាន​ច្រើន
  • ការ​តម​ដោយ​កាត់​បន្ថយ ការ​ដើរ ឈរ អង្គុយ​ច្រើន ការ​តម​លើក​ធ្ងន់
  • ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់
  • ការ​ចាក់​ថ្នាំ​បញ្ចូល​កន្លែង​ឈឺ
  • លំ​ហាត់ប្រាណ​សម​ស្រប
  • ជា​ទូទៅ​រាល់​រោគ​សញ្ញា​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង បន្ទាប់​ពី​ការ​សម្រាក និង​ធ្វើ​តាម​វិធី​ព្យាបាល​ខាងលើ​ក្នុង​រយះ​ពេល ៤ ទៅ ៦ ស​ប្តា​ហ៏
  • វេជ្ជបណ្ឌិត​នឹង​ផ្តល់​អនុសាសន៍​វះកាត់​ដល់​អ្នកជំងឺ​ចន្លោះ​ពី ១០% ទៅ ២០% ប្រ​សិន​ដំណើរការ​ព្យាបាល​ខាងលើ​មិន​មាន​ប្រសិទ្ធភាព ។

លោក​វេជ្ជបណ្ឌិត ទ្រី ធី​, ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក៏​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​ថា ៖ ប្រសិនបើ​លោក​អ្នកមាន​ករណី​សង្ស័យ​ថា មាន​ជំងឺ ឬ​កំពុង​មាន​ជំងឺ​នេះ សូម​មក​ទទួល​សេវា​នៃ​ការ​ប្រឹក្សា ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ឈាន​ទៅ​រក​ការ​ព្យាបាល​មួយ​ដ៏​សម​ស្រប​ប្រកបដោយ​គុណភាព និង​ឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ