ខេត្តស្វាយរៀង៖ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានបើកសិក្ខាសាលាមួយ ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព“។ សិក្ខាសាលានេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅមាត់ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ជាប់ព្រំដែនវៀតណាម។
នៅក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបង្ហាញក្តីសោមនស្ស រីករាយ ក្រៃលែង ដែលបានចូលរួមក្នុងសិក្ខាសាលា ស្តីពី បដិសណ្ឋារកិច្ចល្អទេសចរណ៍មានសុវត្ថិភាព ជាមួយលោកលោកស្រីប្រធានអង្គភាព និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្ត ដែលរៀបចំទ្បើងដោយគណៈកម្មាធិការអន្តរក្រសួង សហការនឹងរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងវេលាឱកាសនេះ។
លោកបានមានប្រសាសន៍បន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថេរភាព សង្គម សណ្តាប់ធ្នាប់ ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកអភិបាលរង បន្ថែមថា បើនិយាយអំពីសក្តានុពលទេសចរណ៍ជាលក្ខណៈធម្មជាតិប្រវត្តិសាស្ត្រនោះ ខេត្តស្វាយរៀង ពុំអំណោយផលទេ ប៉ុន្តែខាងផ្នែកឧស្សាហកម្មទេសចរណ៍ ខេត្តស្វាយរៀង បាន និងកំពុងអភិវឌ្ឍន៍ខ្លួនជាបណ្តើរៗ ដើម្បីក្លាយទៅជាតំបន់ទាក់ទាញទេសចរដ៏សំខាន់ ក្នុងចំណោមតំបន់គោលដៅទាក់ទាញទេសចរដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខេត្តស្វាយរៀង ជាតំបន់ដែលមានទីតាំងជាប់នឹងព្រំប្រទល់ជាមួយវៀតណាម សព្វថ្ងៃនេះ យើងសង្កេតឃើញថា ភ្ញៀវទេសចរឆ្លងកាត់ខេត្តស្វាយរៀង មានចំនួនថយចុះក្នុងអំឡុងពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ -១៩ (Covid-19)។ ប៉ុន្តែ បើទោះជាយ៉ាងនេះក្ដីដោយអនុវត្តតាមកម្មវិធី និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការពីគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យការចាត់តាំងជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលវិជ្ជមានគួរទីមោទនៈ ដែលបានធ្វើឲ្យសភាពការណ៍ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយនៅទូទាំងខេត្តមានលក្ខណៈល្អប្រសើរ។
លោកអភិបាលរងខេត្តបន្ថែមថា ចំពោះការងារគ្រប់គ្រងច្រកទ្វារព្រំដែន រដ្ឋបាលខេត្ត បានខិតខំពង្រឹងការគ្រប់គ្រងច្រកទ្វារព្រំដែនទាំង ៨កន្លែង អោយមានដំណើរការល្អ និងអនុវត្ត ត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជូនដល់អ្នកដំណើរ និងការចរាចរទំនិញចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែន ដោយអនុវត្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះដែរ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានអញ្ជើញជាអធិបតីនោះ បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អរួសរាយរាក់ទាក់ភ្ញៀវទេសចរ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលជាច្រកទ្វារសេដ្ឋកិច្ច និងទេសចរណ៍មួយយ៉ាងសំខាន់ ដោយធានាឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពទេសចរណ៍ អោយបានល្អប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពទេសចរណ៍ តាមគោលដៅទេសចរណ៍នានា ក្នុងខេត្ត។
លោកបានមានប្រសាសន៍បន្តទៀតថា នៅក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ ១៩ ដែលកំពុងឆ្លងរាតត្បាត នៅបណ្ដាប្រទេសជាច្រើន លើសកលលោក បានធ្វើឱ្យវិស័យទេសចរណ៍ ការធ្វើដំណើរ និងវិស័យដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានការប៉ះពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ១,៣លាននាក់ ថយចុះ ៨០,២% ធៀបនឹងឆ្នាំ២០១៩ កន្លងទៅ ភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ ក្នុងរង្វង់ប្រមាណ ២០ ភាគរយ ជាមួយការបាត់បង់ប្រាក់ចំណូលប្រមាណ ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រ គាំទ្រ និងសកម្មភាពឆ្លើយតបនានា ដូចជាការដាក់ចេញវិធានការ សុវត្ថិភាពទេសចរណ៍ ក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការរៀបចំផែនទីចង្អុលផ្លូវក្នុងការរៀបចំស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ ១៩ ដោយបែងចែកជាបីដំណាក់កាល៕ ដោយ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ