បន្ទាយមានជ័យ៖ មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាន ២នាក់ និងវត្ថុតាងគ្រឿងញៀន ១៧ ថង់តូច ត្រូវបានបញ្ជូនទៅតុលាការ សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ២នាក់នោះ មានឈ្មោះ កែវ វិត ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឈឿន ដឿត ភេទប្រុស អាយុ ២៧ឆ្នាំ។ ជនសង្ស័យ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក។
មន្ត្រីនគរបាលបានបញ្ជាក់ថា ដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ និងកម្លាំងនគរបាលស្រុកថ្មពួក មន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានកំណត់មុខសញ្ញា ហើយបង្ក្រាប ដោយឃាត់ខ្លួនសង្ស័យ ២នាក់ ដែលកំពុងចែកចាយគ្រឿងញៀន។ កម្លាំងសមត្ថកិច្ច ក៏បានរឹបអូសវត្ថុតាងគ្រឿងញៀន ប្រភេទម្ស៉ៅសថ្លា មេតំហ្វេតាមីន ហៅ ខេទឹកកក ចំនួន ១៧ថង់តូច នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នៅគុម្ពោតព្រៃ ក្នុងភូមិម់ៅ ឃុំផ្គាំ ស្រុកថ្មពួក។
មន្ត្រីនគរបាលជំនាញ បានបញ្ជាក់ថា ជនសង្ស័យ ២នាក់នេះ ជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅស្រុកថ្មពួក។ ជនទាំងពីរនាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន






ចែករំលែកព័តមាននេះ