ខេត្តបាត់ដំបង៖ ជើងខ្លាំងម្នាក់ ក្នុងចំណោមបក្សពួក ០៤នាក់ ដែលពូកែជិះម៉ូតូដេញកាប់គេមិនរើសមុខ និងគប់កញ្ចក់រថយន្តគេស្ទើររាល់យប់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ការចាប់នេះ បានធ្វើឡើង បន្ទាប់ពីជននេះ និងបក្សពួក បានព្រួតគ្នាកាប់ និងគប់ដុំថ្មទៅលើបុរសម្នាក់ ដោយគ្មានមូលហេតុ បណ្ដាលឲ្យរងរបួស។
ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ជនទំនើងម្នាក់នេះ ឈ្មោះ សើរ សារឿត ហៅ ជោ អាយុ ២២ឆ្នាំ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លោកបាននិយាយថា ជននេះ និងបក្សពួក ០៣នាក់ទៀត បានជិះម៉ូតូដេញកាប់ និងគប់ដុំថ្ម ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ ពេជ្រ គឹមឡុង អាយុ ២៨ឆ្នាំ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករាកន្លងទៅ នៅចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង ដោយគ្មានមូលហេតុឡើយ។ ភាគីទាំង២ ក៏មិនធ្លាប់ស្គាល់គ្នាដែរ។
ប៉ុន្តែក្រោយពីទទួលបណ្ដឹងជនរងគ្រោះ លោកស្នងការខេត្ត បានបញ្ជាឲ្យកម្លាំងរបស់លោក ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យបាន ទើបត្រូវឃាត់ខ្លួនបានម្នាក់ ខណៈបក្សពួកចំនួន ០៣នាក់ទៀត កំពុងសម្ងំលាក់ខ្លួន។
ជនរងគ្រោះ បានលើកឡើងក្នុងរបាយការណ៍របស់សមត្ថកិច្ចថា ខ្លួនមិនធ្លាប់ស្គាល់ក្រុមជនដៃដល់នោះទេ ហើយក៏មិនធ្លាប់មានជម្លោះជាមួយក្រុមជនពាលទាំងនោះដែរ។ ប៉ុន្តែស្រាប់តែក្រុមជនដៃដល់ ជិះម៉ូតូមកដេញកាប់ខ្លួន ដោយគ្មានមូលហេតុ ហើយខ្លះទៀត គប់នឹងដុំថ្ម។
ដោយឡែកចម្លើយជនអន្ធពាល ឈ្មោះ សើរ សារឿត ហៅ ជោ បានសារភាពថា ខ្លួនក៏មិនដែលស្គាល់ជនរងគ្រោះដែរ។
ជននេះ បានឆ្លើយយ៉ាងព្រហើនថា នៅយប់កើតហេតុនោះ ខ្លួនជាអ្នកឌុប រីឯបក្សពួកខ្លួនម្នាក់ទៀត ជាអ្នកចុះដេញកាប់ជនរងគ្រោះ។ ក្រុមខ្លួនតែងជិះម៉ូតូបង្កជម្លោះជាមួយគេ មិនរើសមុខទេ។ នៅពេលយប់ជិះជួបនរណា កាប់ ឬវាយអ្នកនោះ ហើយក៏ធ្លាប់គប់កញ្ចក់រថយន្តគេលេងនៅពេលយប់ជាញយដងដែរ។
លោក ឈឿង គឹមសុង បានប្រាប់ថា បើតាមចម្លើយជនដៃដល់រូបនេះ និងតាមរយៈការស្រាវជ្រាវកន្លងមក គឺក្រុមនេះ ពិតជាធ្លាប់បង្កបញ្ហាគ្រប់បែបយ៉ាង នៅពេលយប់មែន។ នៅយប់កើតហេតុនោះ ក្រុមជនអន្ធពាលនេះ បានជិះម៉ូតូដេញកាប់គេជាបន្តបន្ទាប់ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ លុះបង្កលើកចុងក្រោយ ទៅលើជនរងគ្រោះ ឈ្មោះ ពេជ្រ គឹមឡុង រហូតមានរបួសតែម្ដង។
ប៉ុន្តែ លោក គឹម សុង បានបញ្ជាក់ថា បើតាមការសួរនាំ ក្រុមជនដៃដល់ សុទ្ធតែជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ហើយជនឈ្មោះ សើរ សារឿត ហៅ ជោ នេះ ក៏មានសារធាតុញៀនដែរ នៅពេលមន្រ្តីជំនាញពិនិត្យទឹកនោម។
លោកស្នងការ បានបញ្ជាឲ្យមន្រ្តីជំនាញ សួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនជននេះ ទៅសាលាដំបូងខេត្ត៕ ដោយ៖ ឆោម ពិសម័យ




ចែករំលែកព័តមាននេះ