ខេត្តបាត់ដំបង៖ ខណៈពិធីបុណ្យចូលឆ្នាំចិន នៅសល់តែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះនឹងចូលមកដល់ គេឃើញនៅតាមលំនៅឋានពលរដ្ឋខ្មែរ ជាប់សែស្រឡាយចិន និងព្រះវិហារចិន ដែលជាទីសក្ការៈដ៏ពេញនិយមមួយកន្លែង នៅក្នុងក្រុងបាត់ដំបង បាននិងកំពុងចាប់ផ្ដើមតុបតែងលំអរទៅដោយផ្កា និងភ្លើងចម្រុះពណ៌ ដើម្បីរង់ចាំស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តែហាក់ស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ ដែលទំនងដោយសារតែបញ្ហា«កូវីដ១៩»។
នៅតាមបណ្ដាហាងលក់ទំនិញនានា គេឃើញមានដាក់តាំងលក់សម្ភារសម្រាប់តុបតែងពិធីបុណ្យចូលឆ្នាំចិននេះព្រោងព្រាត ខណៈផ្កាអង្គារសិល្ប៍ ដែលពលរដ្ឋខ្មែរកាត់ចិន និយមបំផុត ទិញយកទៅដាក់តាំងលំអរនៅក្នុងផ្ទះ ឬ នៅក្នុងហាងទំនិញ ដើម្បីស្វាគមន៏ពិធីបុណ្យប្រពៃណីចិននេះ ក៏កំពុងត្រូវបានក្រុមឈ្មួញដឹកជញ្ជូនចេញពីតំបន់ព្រៃភ្នំ យកមកដាក់តាំងលក់នៅក្នុងក្រុងបាត់ដំបងជាបណ្ដើរៗផងដែរ។ ប៉ុន្តែអ្នកលក់ផ្កាអង្គារសិល្ប៍បានអះអាងថា ឆ្នាំនេះហាក់មិនសូវអ៊ូរអដូចបណ្ដាឆ្នាំមុនៗទេ ដែលទំនងដោយសារប្រឈមនឹងបញ្ហា«កូវីដ១៩»។

ជារៀងរាល់ឆ្នាំ មុនពេលបុណ្យចូលឆ្នាំចិនមកដល់ គេតែងឃើញអ្នកលក់«ផ្កាអង្គារសិល្ប៍» បានដឹកជញ្ជូនយកមកដាក់តាំងលក់នៅលើដងផ្លូវត្រៀបត្រា នាត្រើយខាងកើត នៃដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ តែហាក់ស្បើយបន្តិចមិនសូវអ៊ូអរប៉ុន្មានទេ។ លោក ជន ចូយ ដែលតែងដឹកផ្កាអង្គារសិល្ប៍មកលក់ រាល់ពេលបុណ្យចូលឆ្នាំចិន បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០២ កុម្ភៈ នេះថា ឆ្នាំនេះបែបមិនសូវមានអ្នកលក់ផ្កាអង្គារសិល្ប៏ដូចឆ្នាំមុនៗទេ ព្រោះមិនសូវកាក់កប។ ជាពិសេសខ្លាចប្រឈមនឹងជំងឺ«កូវីដ១៩»នេះតែម្ដង។

ឈ្មួញផ្កាអង្គារសិល្ប៏រូបនេះ បាននិយាយថា ប៉ុន្មានថ្ងៃដំបូងដែលគាត់ទើបដឹកមកដល់នេះ មិនទាន់មានភ្ញៀវមកទិញទេ តែអាចលក់ដាច់នៅថ្ងៃកៀកចូលឆ្នាំចិន។ លោកជន ចូយ បានប្រាប់ថា អ្នកលក់ផ្កាអង្គារសិល្ប៍នេះភាគច្រើន ទិញបន្តពីអ្នកកាប់ផ្ទាល់នៅទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ ឬ នៅតាមបណ្ដាស្រុកមួយចំនួន នៅក្នុងខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាប់ស្រុកវាលវែង។

គាត់បានបញ្ជាក់ថា ឆ្នាំនេះ ទំនងអាចប្រឈមនឹងការខាតបង់ ព្រោះមិនសូវមានអតិថិជន ដោយសារតែការយាយីពីជំងឺ«កូវីដ១៩»។ ម្យ៉ាងទៀតបើផ្កានេះ រីកមិនទាន់ថ្ងៃចូលឆ្នាំចិនទេក៏ប្រឈមនឹងការខាត់ធ្ងន់ធ្ងរដែរ។ អ្នកលក់ផ្កាម្នាក់ទៀត គឺអ្នកស្រី ហែន សំអឿន បាននិយាយថា «ឆ្នាំនេះដូចជាស្ងាត់ណាស់។ ប៉ុន្មានថ្ងៃនេះ ខ្ញុំលក់ផ្កាដាច់បានប៉ុន្មានដើមដែរ គ្រាន់រួចថ្លៃបាយទឹក។

ប៉ុន្តែពិធីបុណ្យចូលឆ្នាំចិន នាឆ្នាំនេះហាក់ស្ងប់ស្ងាត់ជាងឆ្នាំមុនៗ មិនដឹងថា លក់ដាច់ឬអត់នោះទេ បើលក់មិនដាច់ច្បាស់ជាខាតដើមហើយ»។ ដោយឡែក អ្នកលក់សម្ភារៈសម្រាប់តុបតែងលំអរតាមលំនៅឋាន ឬ លំអរតាមហាងលក់ទំនិញធំៗនានាវិញ ក៏បានលើកឡើងមិនខុសពីឈ្មួញលក់ផ្កាអង្គារសិល្ប៏ដែរ បើទោះជាមានការដាក់តាំងលក់ព្រោងព្រាតក្ដី។ ម្ចាស់ហាងទំនិញទាំងនោះ សុទ្ធតែបានត្អូញត្អែរប្រហាក់ប្រហែលគ្នាអំពីភាពស្ងប់ស្ងាត់អតិថិជន លក់មិនសូវដាច់។

បើតាមអ្នកប្រតិបត្តិប្រពៃណីចិនបានប្រាប់ថា ពិធីបុណ្យចូលឆ្នាំចិន នឹងចាប់ផ្ដើមនៅថ្ងៃទី១២កុម្ភៈ ខាងមុខនេះ។ ពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិនមួយចំនួន ក៏កំពុងចាប់ផ្ដើមតុបតែងលំអរលំនៅឋាន ដើម្បីចាំទទូលស្វាគមន៏ពិធីបុណ្យប្រពៃណីចិននេះដែរ។ ជាពិសេស នៅកន្លែងព្រះវិហារចិន ដែលស្ថិតនៅជាប់ផ្លូវលេខ១ ក្នុងក្រុងបាត់វដំបង ដែលជាទីសក្ការៈដ៏ល្បីល្បាញបំផុត សម្រាប់អ្នកគោរពប្រពៃណីនេះ ក៏កំពុងតុបតែងលំអរយ៉ាងស្រស់ស្អាត ដើម្បីរង់ចាំទទូលឆ្នាំថ្មីប្រពៃណីចិននេះដែរ៕









ចែករំលែកព័តមាននេះ