យោងតាមសៀវភៅ «ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ» របស់ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ អធិប្បាយថា ល្បែង«ប្រណាំងដំរី»មានគេលេងនៅតំបន់ដែលសម្បូរដំរី ពិសេសតំបន់ជាប់នឹងព្រៃធំ និងភ្នំច្រើន ក្នុងនោះយើងអាចពោលដល់ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ធំ តាកែវ ។ល។ គេច្រើនចាត់ចែងល្បែងប្រណាំងដំរីនេះ នៅពេលមានពិធីបុណ្យ ធំៗ ដូចជាបុណ្យផ្កា បុណ្យបញ្ចុះសីមា បុណ្យព្រះសពព្រះចៅអធិការវត្តជាដើម ។ លើកលែងតែបុណ្យផ្កាមួយចេញ បុណ្យរបៀបនេះ ច្រើនប្រព្រឹត្តទៅអស់ពេល៣ថ្ងៃ ។
គេច្រើនជ្រើសយករដូវប្រាំង ដើម្បីចាត់ចែងធ្វើបុណ្យបែបនេះ ។ នៅថ្ងៃបង្ហើយជាពិសេស គឺជាថ្ងៃពុទ្ធបរិស័ទមកជួបជុំគ្នាច្រើនជាងថ្ងៃដំបូង គេចាត់ចែងពិធីប្រណាំងដំរីដោយផ្គូគ្នាជាដំបូងសិន ។ ទីប្រណាំងដំរីមិនចាំបាច់មានផ្លូវចូកចាំងរំលីងដូចការប្រណាំងរទេះគោ ឬប្រណាំងមនុស្សឡើយ ។ គេគ្រាន់តែកំណត់យកវាលស្រែនៅជិតខាងវត្ត ដោយសន្មតគ្នាកំណត់យកពីទីណា ដល់ទីណាប៉ុណ្ណោះ ។ ឯចម្ងាយផ្លូវ គេកំណត់យកពី៣០០ទៅ៤០០ម៉ែត្រ ដូចចម្ងាយផ្លូវប្រណាំងរទេះគោដែរ ។ ការប្រណាំងដំរី ច្រើនតែធ្វើឡើងក្នុងន័យកម្សាន្ត ត្រង់ៗប៉ុណ្ណោះ ។ គេមិនសូវភ្នាល់គ្នាដាក់ប្រាក់ធំដុំដូចប្រណាំងរទេះគោឡើយ ។ ការចេញដំណើរត្រូវបានកំណត់ដោយគោះគល់ឈើ «៣ប៉ូក» ឬរាប់ពី១ដល់៣ដែរ ។ កាលណាសូរសញ្ញាចេញដំណើរហើយ ដំរីទាំងពីរដែលមានហ្មទាមក្បាល បានបោលសំរុកទៅមុខយ៉ាងលឿនឆ្ពោះទៅរកទិសដៅដែលមានមនុស្សម្នាឈរចាំមើលច្រើនត្រៀបត្រា ។ ជួនកាលគេអនុញ្ញាតឱ្យមនុស្សម្នាក់កាន់រំពាត់ផ្តៅ យ៉ាងវែងដេញវាយដំរី នីមួយៗពីក្រោយ ។ ធ្វើរបៀបនេះគេហៅថា វាយជែង ។ បើការពិភាក្សាគ្នាមិនតម្រូវឱ្យមានអ្នកដេញវាយពីក្រោយទេ ការដាស់តឿនបង្ខំដំរីឱ្យរត់លឿន គឺអាស្រ័យលើហ្មដំរី នីមួយៗ ដែលប្រើល្បិច ឬបច្ចេកទេស ធ្វើធ្វើយ៉ាងណា ឱ្យដំរីខ្លួនរត់លឿនជាងគូប្រជែង ។ ជាទូទៅ ហ្មច្រើនប្រើត្រួយកង្វេរ ចាក់ក្បាលដំរី រហូតដល់ឈាម ដើម្បីឱ្យដំរីស្ទុះរត់លឿនក្រោមការឈឺចាប់ពីមុខរបួសនេះ (ដោយធន់ទ្រាំពុំបាននឹងការឈឺចាប់ ដំរីស្រែករោទ៍ឮលាន់រំពង ដែលមានសំឡេងលាន់ឮ វ៉ូមៗគួរឱ្យខ្លាច) ។ ដំរីទាំងពីររត់យ៉ាងលឿន ធ្វើឱ្យដីវាលស្រែហុយទ្រលោម។
សម្រែកហ៊ោកញ្ជ្រៀវចេញមកពីទស្សនិកជនដ៏កកស្រទាប់បានលាន់ឮស្ទើរកក្រើកវាលស្រែ ដើម្បីអបអរសាទរគូប្រជែងទាំងពីរ ឬលើកទឹកចិត្តដល់ដំរីដែលមានជ័យជម្នះ ។ ការប្រណាំងអាចមានតិច ឬច្រើនគូ អាស្រ័យដោយមានដំរីតិច ឬច្រើនចូលរួម ។
និយាយដល់ល្បែងប្រណាំងដំរី លោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ អាណិតដល់ស្រុកខ្មែរយើង ដែលសព្វថ្ងៃនេះ ត្រូវបាត់បង់ដំរីអស់ជាច្រើន ដោយសារសង្គ្រាមជាប់ជាងម្ភៃឆ្នាំ ។ ដំរីស្រុកក៏ចេះតែមាន តិចទៅៗ ។ ឯដំរីព្រៃរត់ចេញពីស្រុកអស់(ដំរីស្រុកខ្មែររត់ទៅជ្រកនៅព្រៃនៃប្រទេសជិតខាង ដូចជា សៀម លាវ យួនជាដើម) ដោយខ្លាចគ្រាប់បែក គ្រាប់មីន និងគ្រាប់កាំភ្លើងធំតូច ដែលគេប្រយុទ្ធគ្នា ។ បើយើងមានដំរីច្រើនដូចពីដើម យើងអាចចាត់តាំងការប្រណាំងដំរីក្នុងខែណាមួយជាកំណត់ ដើម្បីទាក់ទាញទេសចរឱ្យមកមើលប្រទេសយើងបានច្រើន ៕
ចែករំលែកព័តមាននេះ