អាជ្ញាធរខេត្តប៉ៃលិន រៀបចំឈូសឆាយផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ
- ប៉ៃលិន
ខេត្តប៉ៃលិន៖ រហូតមកដល់រសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ អាជ្ញាធរខេត្ត ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តី…
ខេត្តប៉ៃលិន៖ រហូតមកដល់រសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ អាជ្ញាធរខេត្ត ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តី…
ខេត្តប៉ៃលិន៖ រហូតមកដល់រសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ អាជ្ញាធរខេត្ត ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តី នៃមន្ទីរជំនាញសាធារណ:ការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រ ធ្វើការឈូសឆាយផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ងាយស្រួលក្នុងការធ្វើដំណើរចូលមកលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខឆាប់ៗនេះ ព្រោះជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញជាងគេបំផុត នៅក្នុងខេត្ត ពោលគឺមានទេសភាពស្រស់បំព្រង ត្រជាក់កែវភ្នែក មានទឹកជ្រោះហូរឥតដាច់ ខួបប្រាំងខួបវស្សា។
ទន្ទឹមនឹងនេះ គេសង្កេតឃើញក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ក៏បានសស្រាក់សស្រាំ នាំគ្នាជួសជុលខ្យុស និងរៀបចំផ្លូវ កន្លែងលេងកម្សាន្ត នៅក្នុងរមណីយដ្ឋាននេះ ជារៀងរាល់ថ្ងៃដែរ ដើម្បីកែច្នៃឱ្យមានភាពទាក់ទាញកាន់តែខ្លាំងថែមទៀត។
មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជន ខេត្តប៉ៃលិនម្នាក់ បានរៀបរាប់ឱ្យដឹងថា ផ្លូវមុខខ្លោងទ្វារចូលទៅលេងកម្សាន្តក្នុងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅ ភ្នំខៀវ មានចម្ងាយប្រមាណជិត ៣គីឡូម៉ែត្រ ដែលពីមុនមានការលំបាកក្នុងការធ្វើដំណើរចុះឡើងខ្លាំង ពោលគឺលំបាកក្នុងការបើកបរម៉ូតូ និងរថយន្ត ព្រោះមានក្បាលថ្ម រដិបរដុប ធ្វើឱ្យភ្ញៀវមួយចំ នួនលែងចង់ទៅលេងនៅទីនោះទេ។ តែរហូតមកដល់ពេលនេះ បន្ទាប់ពីលោកជំទាវ បាន ស្រីមុំ ដែលបានឡើងកាន់តំណែង ជាអភិបាលខេត្តប៉ៃលិន បានឱ្យខាងមន្ទីរជំនាញ ចុះទៅធ្វើការឈូសឆាយពង្រាប ងាយស្រួល ក្នុងការបើកបរម៉ូតូ និងរថយន្តទៅដល់កន្លែងលេងកម្សាន្តតែម្តង។
ប្រភពដដែលបានបន្តទៀតថា ខាងមន្ទីរជំនាញ នឹងកា្រលក្រួសក្រហមជាមុនដំបូងសិន ហើយនៅថ្ងៃខាងមុខទៀត អភិបាលខេត្ត អាចនឹងធ្វើការរៀបចំចាក់បេតុងផ្លូវទាំងអស់ខាងលើនេះ។
ចំណែកលោក សៀ សុខុម អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានរៀបរាប់ថា អស់រយ:ពេលជាច្រើនថ្ងៃមកហើយ ពោលគឺតាំងពីដើមខែមករា ឆ្នាំ២០២១ ខាងក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ដែលមានគ្នាប្រមាណ ២៥ ទៅ ៣០នាក់ បាននាំគ្នាជួសជុលផ្លូវជណ្តើរឡើងពីកន្លែងលេងទឹកជ្រោះ ឱ្យបានស្អាតល្អ រឹងមាំ ដើម្បីការពារកុំឱ្យមានករណីគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។ យុវជនខ្លះ ជួសជុលដំបូលរោងខ្យុស ហើយរុះរើរោងចាស់ៗ ដើម្បីសាងសង់សាជាថ្មីឡើងវិញ។
លោកបញ្ជាក់ទៀតថា ការស្ថាបនាឡើងវិញនេះ គឺដើម្បីស្រូបយកនូវភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យនាំគ្នាចូលមកលេងកម្សាន្ត ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំចិន កាន់តែច្រើនឡើងៗ ព្រោះរមណីយដ្ឋានមួយនេះ មានច្រើនជាន់ រហូតដល់ ៣៦ជាន់ឯណោះ មានទេសភាពទឹកធ្លាក់ កាន់តែស្រស់ស្អាត និងត្រជាក់ស្រេបនៅផ្នែកខាងលើ ដែលអាជ្ញាធរខេត្តប៉ៃលិន បានឈូសឆាយផ្លូវ ឡើងដល់ទៅផ្នែកខាងលើហើយ មិនមានការលំបាកក្នុងការធ្វើដំណើរឡើងចុះនោះទេ។ ម្យ៉ាងវិញទៀត ទឹកជ្រោះ ហូរតាមភ្នំខៀវនេះ មានកំពស់ខ្ពស់ល្អ អាចឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ចុះទៅងូតលេងកម្សាន្តបំបាត់ភាពនឿយហត់នៅក្នុងអារម្មណ៍ ហើយខាងខេត្ត នឹងបន្តអភិវឌ្ឍត្រង់កន្លែងខាងលើនេះ ដូចភ្លៀងរលឹម មិនធ្វើឱ្យភ្ញៀវខកចិត្តនោះឡើយ៕ ដោយ៖ នីយ៉ា
ចែករំលែកព័តមាននេះ