ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋចេះឈឺឆ្អាល ខ្វាយខ្វល់ពីការអភិវឌ្ឍភូមិដ្ឋានរបស់ខ្លួន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០​២១ នេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយ​ស្រី បាន​រួមគ្នាសាងសង់ផ្លូវបេតុងក្នុង​សហគមន៍…

ខេត្តសៀមរាប៖ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០​២១ នេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយ​ស្រី បាន​រួមគ្នាសាងសង់ផ្លូវបេតុងក្នុង​សហគមន៍ នៅឃុំព្រះដាក់។ ផ្លូវបេតុងនេះ មានទទឹង ៥ម៉ែត្រ និងប្រវែង ៣០០ម៉ែត្រ​។ សកម្មភាពរបស់ប្រជាសហគមន៍នេះ ត្រូវលោក​អភិបាលស្រុកវ័យក្មេង លើកឡើង​ថា ប្រជា​ពលរដ្ឋ ចេះឈឺឆ្អាលខ្វាយខ្វល់ពីការអភិវឌ្ឍភូមិដ្ឋានរបស់ខ្លួន។

លោកអភិបាលស្រុកវ័យក្មេង ដែលជាកូនប្រុសរបស់អតីតអភិបាលខេត្តសៀមរាប លោកឧត្ត​មសេនីយ៍ ឃឹម ប៊ុនសុង បានលើកឡើងថា «​ពិតមែនតែក្តៅបន្តិច ហត់បន្តិច តែម្នាក់ៗបានបំពេញកិច្ចការ និងតួនាទីរៀងៗខ្លួន ប្រកបដោយស្នាមញញឹម ម្នាក់ៗកំពុងចូលរួមវិភាគទានទៅតាមលទ្ធភាព នៅ​ក្នុងបុព្វហេតុរួមនៃសហគមន៍ ដែលគួរឱ្យគោរពស្ងើចសរសើរ និងយកគំរូតាម។ ទាំងនេះ គឺជាទិដ្ឋភាពដ៏កម្រមួយ នៅក្នុងភូមិព្រះដាក់ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ សប្បុរសជន ព្រះសង្ឃ មន្ត្រីរាជការ កងកំលាំង ប្រជាការពារ និងយុវជនសសយក បានរួមកំលាំងគ្នា រៃអង្គាសជាថវិកា ស៊ីម៉ង់ត៍ ថ្ម ខ្សាច់ សម្ភារៈ និងពលកម្ម ដើម្បីជួយសាងសង់ផ្លូវបេតុង ទទឹង ៥ម៉ែត្រ មួយខ្សែ ប្រវែង ៣០០ម៉ែត្រ។ ម្ចាស់ផ្ទះ ដែលនៅសងខាងផ្លូវ តែមិនអាចមានលទ្ធភាពជួយជាកំលាំង ឬថវិកា ក៏បានចូលរួមតាមរយៈការរៀបចំដាំស្ល និងរៀបចំបាយ​ទឹកជូនដល់ក្រុមការងារចម្រុះសហគមន៍ ដែលកំពុង​សស្រាក់​សស្រាំ សាងសង់ផ្លូវបេតុងនៅក្នុងភូមិរបស់ពួកគាត់»។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា «ខ្ញុំឃើញហើយ ខ្ញុំរំភើប ខ្ញុំ​ញញឹម​ជានិច្ច ប្រកបដោយមោទនភាព ដែលបានបំពេញតួនាទី និងបម្រើនៅក្នុងស្រុកមួយ ដែលមានប្រជា​ពលរដ្ឋចេះឈឺឆ្អាលខ្វាយខ្វល់ពីការអភិវឌ្ឍភូមិដ្ឋានរបស់ខ្លួនបែបនេះ។ អរគុណសម្រាប់ស្មារតីចូលរួម អរគុណ ដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍​របស់ខ្លួន។ ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញ និងមានការចូលរួមបែបនេះ ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបាននូវរាល់​តម្រូវការចាំបាច់ នៅក្នុងមូលដ្ឋានរបស់ស្រុកយើង ជាក់ជាមិនខាន»។

លោកអភិបាលស្រុក បន្ថែមថា ជាមួយនឹងផ្លូវបេតុង ដែលជាថវិការបស់សហគមន៍​ទាំងស្រុងមួយខ្សែនេះ ភូមិព្រះដាក់ទាំងមូលនឹងលែងមានដីហុយទៀតហើយ ហើយវាក៏នឹងបង្កើនភាពស្រស់ស្អាតមួយកម្រិតទៀតដល់ភូមិគំរូមួយនេះផងដែរ។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកភូមិព្រះដាក់ បានបង្ហាញភាពជាម្ចាស់ នៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជាការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យ​បរិស្ថាន​បានយ៉ាងល្អ ក្នុងពេលកន្លងមក។

លោកអភិបាលស្រុក ឃឹម ហ្វីណង់ បានចាត់ទុក​ប្រជាពលរដ្ឋ នៅឃុំព្រះដាក់ ថាជា​ប្រជាពលរដ្ឋគំរូនៃភូមិគំរូ​៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ