ខេត្តកំពង់ធំ៖ ដោយសារតែឪពុកម្តាយរវល់លក់ដូរ បណ្តាលឲ្យកូនប្រុសពីរនាក់ ដែលមានផ្ទះនៅជិតគ្នា បានលង់ទឹកស្រះ ស្ថិតនៅក្រោយផ្ទះចម្ងាយប្រមាណ ៣០ម៉ែត្រ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៥:៤០នាទី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅក្នុងភូមិពងទឹក ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
កុមាររងគ្រោះម្នាក់ ឈ្មោះ យាត សុភាព ភេទប្រុស អាយុ ៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ញ៉េត មករា ភេទប្រុស អាយុ ៦ឆ្នាំ។ ទាំងពីរនាក់ មានផ្ទះនៅជិតខាងគ្នា។
ម្តាយសពកុមារ យាត សុភាព បានបញ្ជាក់ថា គាត់នៅផ្ទះរវល់រកស៊ីលក់ដូរ ចំណែកប្តី ទៅដកដំឡូង នៅឯខេត្តព្រះវិហារ។ គាត់មិនបានដឹងថា កូនលង់ទឹកស្រះនោះទេ ស្រាប់តែឈ្មោះ វុធ យូហ្វេ ភេទប្រុស អាយុ ១៤ឆ្មាំ ប្រាប់ថា ពេលគេដើរទៅដេញគោ នៅក្រោយផ្ទះ ស្រាប់តែឃើញក្មេងទាំង ០២នាក់ អណ្តែតទឹកស្រះ។
ក្រោយឃើញហេតុការណ៍នោះ ឈ្មោះ វុធ យូហ្វេ បានរត់ទៅប្រាប់ប្រជាការពារ និងម្តាយរបស់ក្មេង ហើយក៏នាំគ្នា ជួយស្រង់ឡើងគោក រួចធ្វើចលនា ប៉ុន្តែក្មេងនោះ បានបាត់បង់ជីវិត ទៅហើយ។
ក្រោយពីទទួលព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញ បានសហការជាមួយគ្រូពេទ្យ ទៅពិនិត្យនៅកន្លែងកើតហេតុ និងពិនិត្យសព ឃើញថា ក្មេងទាំង ០២ នាក់ មិនមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ ហើយសន្និដ្ឋានថា ក្មេងទាំងពីរនាក់ ពិតជាបាត់បង់ជីវិត ដោយសារលង់ទឹក មិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕ ដោយ៖ ថុក សុខា


ចែករំលែកព័តមាននេះ