រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ក្រុមអាណាព្យាបាលរបស់សិស្ស នៃសាលាសន្ធរម៉ុក បានចេញមករិះគន់ដូចព្យុះលើគ្រូបង្រៀនមួយចំនួនថា បើកូនសិស្សអត់រៀនគួរ ត្រូវគ្រូបណ្តេញចេញក្រៅថ្នាក់ និងទារយកលុយពីកូនសិស្ស ១ខែ ៦ម៉ឺនរៀល ជាថ្លៃដឹងគុណគ្រូ ទៀតផង ។
ជាក់ស្តែងគណនីហ្វេសប៊ុកឈ្មោះ Bunthoeun Ev បានបង្ហោះឲ្យដឹងថា «កូនស្រីខ្ញុំ ត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុក បណ្តេញចេញពីថ្នាក់ តាមសម្តីអ្នកគ្រូបាននិយាយថា បើមិនរៀនគួរទេ ទៅរកគ្រូ រកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធរម៉ុក បើមិនរៀនគួរ ក៏ត្រូវបង់លុយដឹងគុណគ្រូមួយខែ ៦០០០០៛ ដែរ ។ តើខ្ញុំរស់បានដល់ពេលណា ? បើខ្ញុំខំរកលុយអោយកូនរៀនគួរមិនបានផង» ។
ជាមួយគ្នានេះ មានហ្វេសប៊ុករបស់អាណាព្យាបាលកូនសិស្សសាលាសន្ធរម៉ុកម្នាក់ទៀត ឈ្មោះ Srey Neth SreyNeth ក៏បានទម្លាយចេញឲ្យបងប្អូនមហាជនបានដឹងដែរថា «សុំទោសទុកជាមុន បើនាងខ្ញុំ បង្ហោះទៅមានការប៉ះពាល់ ដោយសារករណីនេះ ស្រដៀងគ្នា ជាមួយកូនខ្ញុំដែរ ព្រោះថា កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទារលុយ៦ម៉ឺនរៀល តាំងពីថ្ងៃចូលរៀនទី១ ខ្ញុំសួរថា ថ្លៃអីគេអ្នកគ្រូ គាត់ថា វាជាការដឹងគុណរបស់ឪពុកម្តាយ ចំពោះគ្រូ ដែលគាត់មើលនឹងបង្រៀនកូនយើង អុញ ខ្ញុំគាំងម៉ង ព្រោះខ្ញុំ អត់ចង់និយាយច្រើនជាមួយគាត់ នៅមានច្រើនទៀត ដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីង បន្ទាប់មកទៀត ទារលុយម្នាក់២ម៉ឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់ សិស្សសរុបជាង៣០នាក់ ។ ខ្ញុំសុំសួរដូចឆោត អារឿងលុយទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំ ឲ្យតែពេលចូលរៀនគឺប្រមូលហើយ អត់យល់! នៅមានទៀត មិនទាន់អស់ទេ យកពីសិស្ស ១ថ្ងៃ ៥០០រៀលផ្សេងទៀត និងរៃលុយ ពីសិស្សម្នាក់៥០០រៀលរាល់មួយអាទិត្យម្តង ថ្លៃទិញទឹកជូនអ្នកគ្រូពិសា ចា៎ នេះចូលរៀនអត់ទាន់ដល់មួយខែទេ ចាំមើលតើខែបន្ទាប់ៗ នៅមានអីកើតឡើងទៀត ហើយសូមបញ្ជាក់ផងដែរ អា៦ម៉ឺន ថ្លៃទឹកចិត្តហ្នឹង គឺជូនជារៀងរាល់ខែ ខកបានតែហាមខាន ។
សុំបញ្ជាក់មួយទៀត បើលុយរៀនគួរ ខ្ញុំមិនថាទេ ព្រោះនេះជារឿងធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព ។
ក្រោយពីឃើញមានការបង្ហោះក្នុងហ្វេសប៊ុក រឿងសាលាទារលុយពីសិស្សនេះ ក៏ស្រាប់តែមានអាណាព្យាបាលសាលាសន្ធរម៉ុក ជាច្រើននាក់ទៀត នាំគ្នាបញ្ជេញមតិរិះគន់សាលាមួយនេះយ៉ាងគំហុក តាមរយៈការខមិន ដែលមានន័យដូចៗគ្នា ផងដែរ ។
ជុំវិញបញ្ហាមាតាបិតារបស់សិស្សនាំគ្នារិះគន់គ្រូសាលាសន្ធរម៉ុកដូចទឹកបាក់ទំនប់នេះ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី០១ ខែកុម្ភៈនេះ ថា «ជាទូទៅក្នុងករណីមិនមានភាពមិនប្រក្រតីគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋាបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានការសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ដែលជាសេនាធិការ» ។
លោកបានបន្តថា ក្រសួងអប់រំបាននឹងបន្តជំរុញការគ្រប់គ្រងសាលារៀន ដើម្បីបន្តពង្រឹងកំណែរទម្រង់ការអប់រំយុវជន ។ លោកក៏បានបញ្ជាក់ថា «គិតមកដល់ពេលនេះ គណៈគ្រប់គ្រងសាលាបឋមសិក្សាសន្ធម៉ុកកំពុងសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញសិក្សាករណីនេះ» ៕
ចែករំលែកព័តមាននេះ