រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា កម្ពុជានឹងជម្រុញការចរចាជាមួយនឹងថៃរឿងតំបន់ប្រេងត្រួតស៊ីគ្នា ដើម្បីឆាប់បានសម្រេចនូវការផ្តល់សមប្បទានការវិនិយោគទៅក្រុមហ៊ុនបរទេសសម្រាប់តំបន់ត្រួតស៊ីគ្នានេះ ។
ជាមួយគ្នានោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះថា កម្ពុជានឹងបន្តធ្វើការជាមួយក្រុមហ៊ុនវិនិយោគនានាសម្រាប់ការអភិវឌ្ឍន៍ប្រេងនៅកម្ពុជា រាប់ទាំងក្រុមហ៊ុនបារាំងតូតាល់ផងដែរ ។ សម្តេចបានទម្លាយឲ្យដឹងថា កន្លងមកសម្តេចធ្លាប់ជជែកនឹងអតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ពេលលោក Sarkozy ជាប្រធានាធិបតីបារាំងរឿងសម្បទានឲ្យក្រុមហ៊ុនបរទេសនៅតំបន់ត្រួតស៊ីគ្នា។
«អ៊ីចឹងយើងនឹងជម្រុញការចរចាជាមួយនឹងថៃ» ។ សម្តេចតេជោ បញ្ជាក់ថាសម្រាប់តំបន់ដែលត្រូវចរចាជាមួយនឹងថៃនោះ ថៃក៏គ្រោងនឹងយកតំបន់នោះទៅសម្បទានឲ្យក្រុមហ៊ុនវិនិយោគបរទេសផងដែរ ។
យ៉ាងណាមិញសម្រាប់ការបូមប្រេងរបស់កម្ពុជានៅប្លុក A សម្តេចបានបញ្ជាក់ថាចំណូលពីប្រេងរបស់កម្ពុជាមិនអាចគ្រប់គ្រាន់ឬមានឥទ្ធពលលើសេដ្ឋកិច្ចកម្ពុជាឡើយ ព្រោះថា
បើសិនជាប្រេងលក់បានក្នុងរង្វង់ ៥៥ដុល្លារមួយបារ៉ែល ចំណួលពីប្រេងរបស់កម្ពុជា មិនបាន ៣០លានដុល្លារទេក្នុងមួយឆ្នាំនោះ ។
សម្តេចបានបន្តថា កម្ពុជាបានប្រកាសដំណក់ប្រេងដំបូងថ្ងៃ ២៩ ធ្នូ ២០២០ កន្លងទៅ គឺអណ្តូងទី ១ ដំណើរការបានជាង ៣៣ ថ្ងៃ ឈ្មោះអណ្តូងទី ១ គឺ AO1D ផលិតបាន ១២៣៦ បារ៉ែលក្នុងមួយថ្ងៃ រយៈពេល ៣៣ ថ្ងៃផលិតបាន ៤ម៉ឺន ៧៤៨បារ៉ែល។ អណ្តូងប្រេងទី ២ ចាប់ដំណើរការកាលពីថ្ងៃទី ៣០ មករា ឆ្នាំ២០២១ ឈ្មោះថា AO4D គឺកំពុងតែញែក រវាង ភក់និងប្រេង ព្រោះបូមមកដំបូងបានតែភក់ទេ ទើបចាប់ញែករវាងភក់និងប្រេងសិន ។ ឥឡូនេះសរុបទៅ យើងទើបនឹងមានប្រេង បានតែ ៤១០៥៦ បារ៉ែល ខណៈនៅអណ្តូងទី ៣ ទី៤ និងទី ៥ នឹងបន្តដំណើកលរបូមបន្តបន្ទាប់ក្នុងឆ្នាំ២០២១ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «តាមការប៉ាន់ប្រមាណ យើងនឹងទទលបាន ពី ៧ពាន់ទៅ ៧៥០០ បារ៉ែល តែប៉ុណ្ណោះ គឺជាទំហំតូចណាស់ វាមិនទាន់ជៈឥទ្ធិពលផ្នែកសេដ្ឋកិច្ចទេ តែជាការចាប់ផ្តើមដំណើរការល្អនៃឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា» ៕
ចែករំលែកព័តមាននេះ