ខេត្តបាត់ដំបង៖ ប្រហែលមានមនុស្សមិនច្រើនប៉ុន្មានទេ ដែលបានស្គាល់ ឬធ្លាប់ឮឈ្មោះគំនូរ«សហសម័យ»។ អ្នកខ្លះធ្លាប់ឃើញ តែពិបាកនឹងមើលយល់អំពីគំនូរនោះ ព្រោះមើលទៅ ហាក់ដូចជាក្រវេមក្រវ៉ាមពេក។ ប៉ុន្តែប្រហែលមានតែក្រុមសិល្បៈ ដែលចេញពីសាលាជំនាញសូន្យរូបរបស់សមាគម«អង្គការហ្វារពន្លឺសិល្បៈ» នៅក្នុងខេត្តបាត់ដំបង តែមួយប៉ុណ្ណោះ ដែលប៉ិនប្រសព្វក្នុងការគូរគំនូរដែលបង្ហាញពីទស្សនៈ គំនិត និង បង្កប់ទៅដោយអត្តន័យដ៏ជ្រាលជ្រៅនេះ។ ជារឿយៗ គំនូរ«សហសម័យ» នេះ ត្រូវគេប្រទះឃើញគូរនៅលើជញ្ជាំងថ្ម តាមក្បាលស្ពានថ្មនានា នៅតាមជញ្ជាំថ្មរបង ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ឬ នៅតាមជញ្ជាំងអគារធំៗនានា ដែលគេបោះបង់ ។ល។

បើពិនិត្យមើលមួយភ្នែកគំនូរទាំងនោះ ហាក់ដូចជាកូនក្មេងយកទឹកថ្នាំពណ៌ទៅគូសវាស់លេងលើជញ្ជាំង មើលស្ទើរមិនយល់។ ផ្ទុយទៅវិញ វាជាទឹកដៃ នៃក្រុមសិល្បៈកដែលពោពេញទៅដោយគំនិតច្នៃប្រឌិត។ គេហាក់មានការភ្ញាក់ផ្អើល និង ជញ្ចក់មាត់ស្ងើចសរសើរ នៅពេលបានដឹងអំពីម្ចាស់គំនូរនេះ និង អត្តន័យ នៃផ្ទាំងគំនូរនីមួយៗ។ តាមពិតអ្នកដែលគូរគំនូរដ៏ក្រវេមក្រវ៉ាមតាមជញ្ជាំងថ្មសាធារណៈទាំងនោះ គឺជាទឹកដៃ នៃក្រុមសិល្បករបស់ «អង្គការហ្វារពន្លឺសិល្បៈ» ដែលមានទីតាំងស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង។

គំនូរ«សហសម័យ» វាគ្រាន់តែជាការគូររូបភាពបែបសាមញ្ញៗ មិនថា ប្រភេទរូបសម័យបច្ចុប្បន្ន ឬ ប្រភេទរូបសម័យបុរាណនោះទេ គឺវាដូចជាផ្ទាំងគំនូរធម្មតារបស់ជាងគំនូរដទៃទៀតដែរ ។ ប៉ុន្តែអ្នកគូរគំនូរសហសម័យមានគោលដៅចង់បង្ហាញពីទស្សនៈ និង គំនិត តាមរយៈរូបភាព ដែលបានពិព័រនា នៅលើផ្ទាំងគំនូរដ៏ក្រវេមក្រវ៉ាមរបស់ពួកគេ។ ពួកគេត្រូវតែគិតថា តើអ្វីដែលថ្មី ? អ្វីដែលប្លែក ? ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន។ នេះជាការពន្យល់ប្រកបដោយសុទិដ្ឋិនិយមរបស់លោក តោ វុដ្ឋា គ្រូបណ្ដុះបណ្ដាល និងសិល្បកនៅ «អង្គការហ្វារពន្លឺសិល្បៈ» ដែលបានផ្ដល់បទសម្ភាសន៏ជាមួយកោះសន្តិភាព កាលពីថ្ងៃអង្គារកន្លងទៅនេះ។

លោក តោ វុដ្ឋា បានពិព័រនាយ៉ាងក្បោះក្បាលអំពីផ្ទាំងគំនូរនានា ដែលបំពាក់នៅលើជញ្ជាំងជុំវិញអគារសិក្សា ដែលជាស្នាដៃសិស្សរបស់លោក បន្ទាប់ពីលោកបានផ្ដល់បទសម្ភាសន៏នៅក្នុងបន្ទប់ការិយាល័យ ដែលលោកបាននិយាយពីគោលដៅ និង និយមន័យ នៃគំនូរ«សហសម័យ»នេះ។ លោក តោ វុដ្ឋា បានលើកឡើងថា គំនូរ«សហសម័យ» នេះគឺបានផ្ដោតសំខាន់ទៅលើ«ទស្សនៈ និង គំនិត» តែត្រូវបែងចែកខុសគ្នាទៅតាមប្រភេទ និង រចនាប័ទ្ម របស់គំនូរ ។

សំនួរ៖ នៅជុំវិញសាលារបស់លោក.. ខ្ញុំឃើញមានគំនូរបែបសហសម័យហ្នឹង.. ហើយគំនូរខ្លះហាក់ដូចក្មេងគូរលេងទេ.. តើលោកអាចពន្យល់ត្រង់ចំណុចហ្នឹងបន្តិចបានទេ ? លោក វុដ្ឋា ហាក់អស់សំណើចចំពោះសំនួរនេះ មុនពេលលោកផ្ដល់ចម្លើយ។ លោកបានពន្យល់ថា «ជាទូទៅគំនូរសហសម័យ វាអាស្រ័យទៅលើសិល្បៈក ឬ សិស្ស ដែលជាអ្នកធ្វើការងារនេះតែម្ដង។ ព្រោះសិល្បៈក ឬ សិស្ស ត្រូវព្យាយាមរករចនាប័ទ្មខ្លួនឯង»។ លោកបានបន្តថា «យើងឃើញថា គំនូរខ្លះដូចក្មេងគូរលេងអីចឹង.. វាអត់មានប្រយោជន៏អីទេ។ តាមពិតគាត់ព្យាយាមរកស្ទីលគូរគំនូររបស់គាត់ ឲ្យប្លែក ឲ្យខុសគ្នា ដើម្បីសម្គាល់ស្នាដៃសិល្បៈកនីមួយៗ។ ដូច្នេះសិល្បៈទាំងនេះ ពួកគាត់ត្រូវស្វែងយល់ពីរចនាប័ទ្ម បច្ចេកទេស និង គំនិត ដើម្បីជាសារមួយបង្ហាញជួនមហាជនឲ្យបានយល់»។

ស្ថិតនៅលើទីធ្លាចំកណ្ដាលអគារកំពស់២ជាន់ផ្ទាល់ដី ដែលមានរាងចតុកោណកែង លោក តោ វុដ្ឋា បានព្យាយាមចង្អុលបង្ហាញ និង ពន្យល់ពីអត្តន័យ នៃផ្ទាំងគំនូរសហសម័យនីមួយៗ នៅលើជញ្ជាំងអគារ។ នៅក្នុងចំណោមផ្ទាំងគំនូរជុំវិញជញ្ជាំង នៃអគារ លោក វុដ្ឋា បានទាញយកគំនូរ០២ផ្ទាំងមកពីព័រនា ដែលមួយផ្ទាំងគេនិយាយអំពីទំនៀមទំលាប់ និងរបៀបរបប នៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកាលពីសម័យមុន។ រីឯគំនូរមួយផ្ទាំងទៀតគឺសិល្បៈកចង់បង្ហាញអំពីការរស់នៅរបស់សត្វត្រីគ្រប់ប្រភេទ នៅតាមដងទន្លេមេគង្គ។ ពិតមែនតែគំនូរទាំង០២ផ្ទាំងនេះ ពិបាកមើលយល់បន្តិច តែវាបានបង្កប់នៅអត្តន័យជ្រៅ និង បានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពពិត នៃសង្គមខ្មែរ និង ជីវិតរស់នៅរបស់សត្វត្រីនៅក្នុងទឹក។ ដំបូង លោក តោ វុដ្ឋា បានលើកយកគំនូរមួយផ្ទាំងដែលសិល្បៈក បានពិព័រនាអំពីជីវភាពរស់នៅ និង ការប្រតិបត្តិនូវទំនៀមទំលាប់របស់ពលរដ្ឋខ្មែរតាំងពីសម័យកាលមក។

លោកបានធ្វើបទបង្ហាញថា ចំពោះរូបភាពនៅលើផ្ទាំងគំនូរនេះ យើងមិនអាចនិយាយថា «ស្អាតឬមិនស្អាត» នោះទេ។ ប៉ុន្តែនេះជាសារមួយ ដែលសិល្បៈកចង់បង្ហាញទៅមហាជនបានដឹង អំពីប្រពៃណី ទំនៀមទម្លាប់ និង ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរកាលពីសម័យដើម។ លោក តោ វុដ្ឋា បានពន្យល់ថា នៅក្នុងផ្ទាំងគំនូរនេះ សិល្បៈក បានគូរជាវគ្គៗ ដែលរៀបរាប់ពីប្រពៃណីខ្មែរ។ ដូចជាការប្រារព្ធពិធីបុណ្យ ប្រគេនចង្ហាន់ព្រះសង្ឃ ការប្រគុំតន្ត្រីបែបប្រពៃណី ការសម្ដែងសិល្បៈ។ល។ លោកបញ្ជាក់ថា គំនូរនេះមិនបានបង្ហាញពីភាពស្អាតទេ តែបានបង្ហាញពីគំនិត ឬ សារដែលចង់បង្ហាញឲ្យមហាជនបានដឹងពីប្រពៃណី និង ការរស់នៅរបស់ខ្មែរសម័យមុន។

ដោយឡែក គំនូរមួយផ្ទាំងទៀត ហាក់បានបង្ហាញពីការរស់នៅ និង ការបំលាស់ទីរបស់សត្វត្រីនៅក្នុងដងទន្លេមេគង្គ។ ផ្ទាំងគំនូរនេះ ត្រូវបានសិល្បៈក រំលេចពណ៏ចម្រុះ ដើម្បីសម្គាល់ទៅលើចំណុចនីមួយ និង មានរូបត្រីហែលចុះឡើងតាមចរន្តទឹក នៃដងទន្លេ។ គំនូរនេះបានបង្ហាញពីគំនិត និង ទស្សនៈរបស់សិល្បៈក។ លោក តោ វុដ្ឋា ហាក់អស់សំណើចបន្តិចដែរ មុនពេលលោកលើកផ្ទាំងគំនូរសហសម័យមួយផ្ទាំងនេះមកពន្យល់។ លោកបានពន្យល់ដោយសង្ខេបបែបនេះថា « គំនូរនេះ សិល្បៈកបានពិព័រនាអំពីការរស់នៅរបស់សត្វត្រី តាមដងទន្លេងមេគង្គ។ គំនូរនេះបានផ្តោតសំខាន់ទៅលើពណ៏ និង រាងរូវនៃដងទន្លេ ហើយចង់បង្ហាញពីការរស់នៅ និង ការបំលាស់ទីរបស់សត្វត្រី»។

«អង្គការហ្វារពន្លឺសិល្បៈ» ជាអង្គការមួយដែលបង្កើតឡើង ហាក់ផ្ដោតខ្លាំងទៅលើការបង្ហាត់បង្រៀនផ្នែកសិល្បៈគ្រប់ប្រភេទ។ ជាពិសេសសិល្បៈរបាំ និង សិល្បៈសៀក ដែលល្បីល្បាញជាងគេបំផុតនៅក្នុងអង្គការនេះ។ គេតែងឃើញក្រុមសិល្បៈករបស់អង្គការមួយនេះ តែងចេញទៅសម្ដែងសៀក ឬ សម្ដែងរបាំផ្សេងៗ ជាញឹកញ៉ាប់នៅតាមទីសាធារណៈនានា នៅក្នុងក្រុងបាត់ដំបង ដើម្បីបង្ហាញជួនប្រជាពលរដ្ឋទស្សនាកំសាន្ត ឬ សម្ដែងនៅក្នុងកម្មវិធីបុណ្យជាតិ ឬ បុណ្យប្រពៃណីផ្សេងៗ។ ក្រៅពីនេះ អង្គការមួយនេះ ក៏កំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ខ្លាំងផងដែរទៅលើផ្នែក«សិល្បៈសូន្យរូប»។

នៅក្នុងបន្ទប់ដ៏ធំទូលាយមួយនៅជាន់ផ្ទាល់ដី គេឃើញមានសិស្សប្រុស ស្រី ប្រហែលជាង១០នាក់កំពុងអង្គុយរៀនយ៉ាងស្ងៀមស្ងាត់ នៅចំពោះមុខកុំព្យូទ័ររៀងៗខ្លួន ដែលបង្រៀនផ្ទាល់ដោយអ្នកគ្រូ គឿម កូឡាប ។ អ្នកគ្រូ កូឡាប បានប្រាប់កោះសន្តិភាពថា «នេះជាសិស្សជំនាន់ទី៦ ដែលកំពុងរៀនជំនាញផ្នែកសិល្បៈសូន្យរូប»។ អ្នកគ្រូ បានបញ្ជាក់ថា សាលាមានបង្រៀនសិស្សជំនាញ០៣ផ្នែក ទៅតាមចំណង់ចំណូលចិត្តរបស់សិស្សគឺ« ផ្នែកសូន្យរូប ផ្នែករចនាក្រហ្វិកឌីសាញ និង ផ្នែករចនាគំនូរជីវចល»។

អ្នកគ្រូ គឿម កូឡាប បាននិយាយថា ការសិក្សាពីមុខវិជ្ជាសូន្យរូបនេះ ត្រូវប្រើគំនិតខ្លាំងបំផុត ព្រោះវាទាមទាឲ្យយើងធ្វើអ្វីដែលប្លែក ហើយថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៏មហាជន។ អ្នកគ្រូ បានលើកឡើងថា ការគូររូបនីមួយៗ សិស្សត្រូវប្រើគំនិតគិតដោយខ្លួនឯង វាជារបស់យើង មិនកូពីពីគេ ហើយត្រូវច្រើសរើសពណ៏យកទៅប្រើ ដើម្បីឲ្យសម និង ស៊ីសង្វាក់ជាមួយរូបភាព។ ជាពិសេស ត្រូវធ្វើយ៉ាងណាឲ្យគេចាប់អារម្មណ៏។
ពាក់ព័ន្ធនឹងការសិក្សាជំនាញផ្នែកសូន្យរូបនេះ យុវសិស្សម្នាក់ ក្នុងចំណោមសិស្សជាង១០នាក់ គឺយុវជន ហ៊ន មនោ អាយុ២១ឆ្នាំ ដែលកំពុងរៀនជំនាញ«រចនាគំនូរជីវចល» បាននិយាយថា បើយោងលើជំនាញដែលខ្លួនកំពុងរៀនផ្នែកគំនូរ«ជីវចល»នេះ លំបាកខ្លាំងគឺផ្ដោតទៅលើគំនិត ព្រោះត្រូវគិតខ្លាំងបំផុត។

រាល់គំនូរត្រូវធ្វើឲ្យប្លែកពីគេ ត្រូវចេះប្រើប្រាសពណ៏។ ជាពិសេសត្រូវគិតថា តើក្រោយពីរចនាគំនូររួចហើយ ត្រូវធ្វើរឿងបែបណា ដើម្បីទាក់ទាញចំណាប់អារម្មណ៏អ្នកមើល ? ក្រោយពីបញ្ចប់ការសិក្សា តើត្រូវធ្វើអ្វី ? យុវជន ហ៊ន មនោ បានផ្ដល់ចម្លើយថា «ដំបូងខ្ញុំ នឹងស្វែងរកធ្វើការងារនេះតាមបណ្ដាក្រុមហ៊ុននានា ដើម្បីយកបទពិសោធន៏។ ប៉ុន្តែពេលមានបទពិសោធន៏ហើយ យើងអាចបង្កើតក្រុមខ្លួនយើង ស្ទូឌីយូខ្លួនយើងផ្ទាល់ដើម្បីធ្វើការងារនេះ។ ជាមួយនឹងបទពិសោធន៏ នៃការបង្រៀនសិស្សជំនាញសូន្យរូបនេះ អ្នកគ្រូ គឿម កូឡាប ដែលមានវ័យ៣៣ឆ្នាំ បានថ្លែងថា «ខ្ញុំ បានបង្រៀនសិស្សផ្នែកជំនាញសូន្យរូបនេះចំនួន០៦ជំនាន់កន្លងមកហើយ។ ក្នុងរយះពេល០៦ជំនាន់នេះ មានសិស្សប្រមាណជិត៣០០នាក់ ដែលបានបញ្ចប់ការសិក្សាទៅតាមជំនាញនីមួយៗរបស់ពួកគេ ហើយបច្ចុប្បន្នពួកគេសុទ្ធតែមានការងារធ្វើស្ទើរគ្រប់ៗគ្នាទៀតផង»។

យើងត្រឡប់មកនិយាយអំពីគំនូរ«សហសម័យ» ជាមួយលោក តោ រដ្ឋា ដែលជាអ្នករប់គ្រង សាលាជំនាញសូន្យរូប របស់សមាគម«អង្គការហ្វារពន្លឺសិល្បៈ» វិញ។ បើតាមលោក វុដ្ឋា បាននិយាយថា គំនូរ«សហសម័យ»របស់សិល្បៈក នៃអង្គការហ្វារពន្លឺសិល្បៈ មិនមានផ្ទាំងគំនូរណាមួយ ដែលអង្គការយកទៅដាក់លក់នៅលើទីផ្សារនោះទេ។ គំនូរបែបនេះ ក៏គ្មានសិល្បៈក ឬ ជាងគំនូរដទៃបានគូរដែរ ហើយអង្គការហ្វារពន្លឺសិល្បៈ មានទីតាំងតែមួយគត់ គឺ នៅក្នុងខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។
លោក តោ វុដ្ឋា បាននិយាយដោយមោទនភាពថា សិស្ស ឬ សិល្បៈកដែលបានបញ្ចប់ការសិក្សាពីសាលាជំនាញសូន្យរូបរបស់សមាគម«អង្គការហ្វារពន្លឺសល្បៈ»ទាំងប៉ុន្មានជំនាន់កន្លងទៅនេះ ស្ទើរជាង៩០% សុទ្ធតែមានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុនធំៗ។ ពួកគេមានជំនាញច្បាស់លាស់ ហើយភាគច្រើនត្រូវបានក្រុមហ៊ុនវាយតំលៃខ្ពស់ពីសមត្ថិភាពរបស់ពួកគេ ថែមទាំងទទូលបានប្រាក់ខែខ្ពស់គួរសមទៀតផង៕





ចែករំលែកព័តមាននេះ