ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរដឹកបន្លែតាមរឺម៉កកង់បីដើរលក់​ចល័តបានកម្រៃ​សម​រម្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

របបចិញ្ចឹមជីវិតមានការច្នៃកាន់តែប្លែកៗ ក្នុងការផ្តល់សេវាដល់អ្នកទិញឲ្យកាន់តែ​ងាយស្រួល នៅភ្នំពេញដែលមានមនុស្សចម្រុះគ្នា ម្នាក់ៗរវល់តែរៀងខ្លួន ការ​រកទទួលទាន​កាន់តែមានការប្រកួតប្រជែង បើមិនមានគំនិតច្នៃប្រឌិតទេប្រាកដ​ជាពិបាក​នៅក្នុងការ​រកប្រាក់ចិញ្ចឹមជីវិតណាស់។ ពីមុនបើចង់សិក្សាលុះត្រាទៅសា​លារៀន ប៉ុន្តែឥឡូវមានគ្រូបង្រៀនមកបង្រៀនបំប៉នចំណេះដឹងកូនសិស្ស ដល់ផ្ទះ។ ពីមុនបើចង់រកម្ហូបអាហារទទួលទានលុះត្រាតែទៅផ្សារ…

របបចិញ្ចឹមជីវិតមានការច្នៃកាន់តែប្លែកៗ ក្នុងការផ្តល់សេវាដល់អ្នកទិញឲ្យកាន់តែ​ងាយស្រួល នៅភ្នំពេញដែលមានមនុស្សចម្រុះគ្នា ម្នាក់ៗរវល់តែរៀងខ្លួន ការ​រកទទួលទាន​កាន់តែមានការប្រកួតប្រជែង បើមិនមានគំនិតច្នៃប្រឌិតទេប្រាកដ​ជាពិបាក​នៅក្នុងការ​រកប្រាក់ចិញ្ចឹមជីវិតណាស់។ ពីមុនបើចង់សិក្សាលុះត្រាទៅសា​លារៀន ប៉ុន្តែឥឡូវមានគ្រូបង្រៀនមកបង្រៀនបំប៉នចំណេះដឹងកូនសិស្ស ដល់ផ្ទះ។ ពីមុនបើចង់រកម្ហូបអាហារទទួលទានលុះត្រាតែទៅផ្សារ ប៉ុន្តែឥឡូវមិនដូច្នេះទេ ភេសជ្ជៈ នំ ម្ហូបអាហារ បានដឹកមកលក់ដល់ផ្ទះតែម្តង។

លោក ធី និងភរិយា បានប្រកបរបរដឹកបន្លែត្រីសាច់ តាមរឺម៉កកង់បី លក់ដល់ផ្ទះព្រជា​ពលរដ្ឋអស់រយៈពេលជាច្រើនឆ្នាំមកហើយ របរនេះអាចផ្តល់ប្រាក់កម្រៃគួរ​សមដល់គ្រួសារលោកចិញ្ចឹមជីវិតឲ្យបានសមរម្យនៅភ្នំពេញ។  

នៅលើរឺម៉ក់កង់បីរបស់លោកធី មានបន្លែគ្រប់មុខ និងមានសាច់គោ សាច់មាន់ សាច់ជ្រូក ដែលតម្រូវការរបស់ពលរដ្ឋក្នុងការធ្វើម្ហូបប្រចំាថ្ងៃផងដែរ។ ដៃកំពុងតែកាន់បន្លែ ដាក់លើកជញ្ជីងថ្លឹងបន្លែឲ្យអ្នកទិញ បុរសវ័យជាង៣០ឆ្នាំរូបនេះ បានបញ្ជាក់ថាការលក់បន្លែរតាមរឺម៉កកង់បីអាចធ្វើឲ្យលោកដោះស្រាយជីវភាពបានមួយកម្រិត ហើយរបរនេះជារបរឯករាជ្យ លោកលក់តែមួយព្រឹកក្នុងមួយថ្ងៃប៉ុណ្ណោះ។  

 នៅពេលរៀងស្ងាត់ម៉ូយទិញបន្លែ លោកធីបានឆ្លៀតពេលមករៀបរាប់ពី​របរលក់ដូរ​ចល័តនេះថា «ពេលថ្ងៃខ្ញុំរវល់តែមួយព្រឹក ប៉ុន្តែខ្ញុំត្រូវក្រោកពីម៉ោង២រៀង​រាល់ថ្ងៃ ដើម្បីទៅទិញបន្លែពីផ្សារដើមគមក​រៀបដាក់រឺម៉កដឹកដើរលក់ ។ខ្ញុំលក់បន្លែរមួយមុខ​បន្តិចៗ គឺពី៣ទៅ៤គីឡូក្នុងមួយមុខក្នុងមួយថ្ងៃ មានស្ពៃ  ត្រសក់  ខាត់ណា ត្រប់ ប៉េងបោះ មើលខ្ទឹមបារាំង ដំបូង ស្ពៃក្តោប និងបន្លែរផ្សេងៗទៀត ព្រមទាំងសាច់ជ្រូក  សាច់មាន់ ផងដែរ»។ លោកធី ថាបន្លែទំាងអស់នេះលោកដឹកដើរ​លក់​នៅតាមបុរីនានា​នៅក្នុងក្រុង ដែលជាតំបន់មានមនុស្សរស់នៅច្រើន។

ដោយមិនលាក់លៀមបុរសអ្នកលក់បន្លែខាងលើនិយាយថាក្នុងមួយថ្ងៃលោកចំណាយថវិកាប្រមាណ៤០ម៉ឺនរៀលទៅទិញបន្លែ ត្រីសាច់មកលក់ លក់ត្រឹមមួយព្រឹកផាត់ដើម ផាត់ចំណាយលោកសល់ប្រាក់ចំណេញប្រមាណ១០ម៉ឺនរៀល។ លោកធីថាពលរដ្ឋជា​ច្រើនបានចាប់របរដឹកបន្លែដើរលក់ចល័តនេះ ដែលធ្វើឲ្យរបរនេះពិបាកក្នុងការលក់ដូរ។

លោក សៀង វ៉ា ជាអ្នកលក់បន្លែតាមរឺម៉កកង់បីម្នាក់ទៀតនៅភ្នំពេញ ប៉ុន្តែលោកវ៉ា លក់ពីរពេលក្នុងមួយថ្ងៃគឺពេលព្រឹកនិងពេលរសៀល។ លោកថាលក់ពីរពេលក្នុង​មួយថ្ងៃគឺជាការផ្លល់បន្លែនិងត្រីសាច់ស្រស់ៗដល់អ្នកទិញ។

មានកូន៣នាក់នៅក្នុងបន្ទុក លោកវ៉ា បាននិយាយថា “ទោះបីឥឡូវមានផ្សារទំនើបៗ ច្រើនក្តី តែពលរដ្ឋដែលធ្លាប់ទិញបន្លែពីលោកនៅតែចំាទិញបន្លែពីលោករាល់ថ្ងៃ ដោយសារពួកគាត់ជឿលើគុណភាព ពីព្រោះបន្លែដែលលោកលក់គឺបន្លែស្រស់ៗ ”។

“មួយ២ថ្ងៃខ្ញុំអាចរកចំណូលប្រមាណ៣០ម៉ឺនរៀលក្រោយពីទូទាត់ដើមនិងការចំណាយផ្សេងៗ។ ខ្ញុំបានបើកគំនិតនេះដោយសារខ្ញុំគ្មានប្រាក់ជួលតូបគេលក់នៅតាមផ្សារ។ ខ្ញុំលក់បន្លែដឹករ៉ម៉កនេះ ប្រហែលជាង៥ឆ្នាំហើយ។ ប្រពន្ធកូនខ្ញុំ ពួកគេជួយទៅយកបន្លែពីផ្សារដើមគមកឲ្យខ្ញុំ ហើយខ្ញុំជាអ្នកដើរ”លោកវ៉ា ដែលមានមាឌធំ សម្បុរខ្មៅនិយាយទំាងញញឹមបើទោះបីគាត់មាន ញើសជោគអាវតិចៗ នៅក្រោមកំដៅថ្ងៃម៉ោង១០ព្រឹក។

ជារៀងរាល់ថ្ងៃលោកវ៉ាចេញលក់បន្លែនៅ៨ព្រឹក ម៉ោង១២លោកចូលផ្ទះវិញ ហើយម៉ោង​៣រសៀលលោកចេញលក់ម្តងទៀត រហូតដល់ម៉ោងជិត៦ ទើបត្រឡប់​ដល់ផ្ទះ។

ជាមួយបន្លែត្រីសាច់ដែលភ្ជួររយីងរយោង រឺម៉កលក់ចល័យមានឧបករណ៍បំណង​សំឡេង ប្រាប់ដល់ពលរដ្ឋឲ្យដឹងផងដែរ។ សំឡេងដែលគេថតទុកហើយចាក់​ពេល​ដើរលក់​បន្លែ បានអំពាវនាវលក់បន្លែ ត្រីសាច់ ដដែលៗថា “បន្លែ ត្រីសាច់ ស្រស់ៗ បន្លែ ត្រីសាច់ស្រស់ៗ”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ