ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាននាំយករទះរុញ និងសម្ភារៈមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកស្រី ប្រាក់ មន្ថា ដែលមានកូនពិការភាព ៣នាក់ រស់នៅក្នុងបន្ទុក នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះនៅខេត្តស្វាយរៀង ។
លោកស្រី ប្រាក់ មន្ថា (ជាស្ត្រីមេម៉ាយ) អាយុ៥១ឆ្នាំ រស់នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ អ៊ុំ តេង អាយុ៤៦ឆ្នាំ មានកូន ៣នាក់ជាចំណងដៃ ក៏ប៉ុន្តែកូនទាំង៣នាក់នេះ អភ័ព្វណាស់កើតមកក្រិន ពិការ គម ដៃជើងខ្វិនដូចគ្នា ។
កូនទី១- ឈ្មោះតក់ ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ បានរៀនដល់ថ្នាក់ទី៥ ក៏ត្រូវបានឈប់រៀន ,កូនទី ២- ឈ្មោះតក់ ធារី ភេទស្រី អាយុ២១ឆ្នាំ បានទៅរៀននៅភ្នំពេញ ក្រោមការឧបត្ថម្ភរបស់អង្កការ LAVALA ស្ថិតនៅក្នុងក្រុងតាខ្មៅ និងកូនទី៣- ឈ្មោះតក់ រាត្រី ភេទប្រុស អាយុ១២ឆ្នាំ ពុំ ទាន់បានចូលរៀននៅឡើយទេ ។
លោកស្រីបានបន្តទៀតថា នៅក្នុងសម័យកូវីដ១៩នេះ លោកស្រីក៏បានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈបណ្ណសមធម៌នៃគ្រួសារកីក្រ (ក្រ២) ចំនួន៥ខែ រួចមកហើយដោយក្នុងមួយខែៗទទួលបាន១៩២.០០០រៀល។
លោកស្រីម៉ែន សំអន បានថ្លែងថា ការនាំយកអំណោយមកប្រគល់ជូននាពេលនេះ បន្ទាប់ពីលោកស្រីបានឃើញការអំពាវនាវរបស់លោកស្រីប្រាក់ មន្ថា បានផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មានទើបលោកស្រីបានចាត់ឲ្យលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារដោយផ្ទាល់ និងមានការជួបជុំនាថ្ងៃនេះ ។
លោកជំទាវក៏បានផ្តាំផ្ញើឲ្យអភិបាលស្រុកកំពង់រោទិ៍ ធ្វើការសម្របសម្រួលក្នុងការនាំយកក្មួយៗបានទៅចុះឈ្មោះចូលរៀននៅក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ ។ អំណោយនាពេលនេះ រួមមាន ៖ រទេះរុញ ២គ្រឿង អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី សម្លៀកបំពាក់ ស្ករស ទឹកដោះគោ ទឹកសុទ្ធ មី និងថវិកាមួយចំនួន និងការឧបត្ថម្ភជាប្រចាំខែរបស់លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ៕
ចែករំលែកព័តមាននេះ