ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែគ្រួសារ មានជីវភាព​ប្រសើរ ទើបកងទ័ពមានលំនឹង ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១…

ខេត្តសៀមរាប៖ ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ​បានលើកឡើងថា សិក្ខាសាលានេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ, ពង្រីកកិច្ចសន្ទនា និងពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ពជាមួយនឹងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងនៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពីស្ថាប័នសហគ្រាសរដ្ឋ ឯកជន និងសប្បុរសជននានា ដល់កងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។

ក្រៅពីនេះ លោកបន្តថា កងយោធពលខេមរភូមិន្ទ ក៏តែងទទួលបានការជួយឧបត្ថម្ភគាំទ្ររបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងបាន និងបន្តផ្តល់ជំនួយឧបត្ថម្ភជួយបណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិនដោយផ្ទាល់ និងជាប្រចាំ។

លោកថា ការប្រែក្លាយជំនួយសម្ព័ន្ធមេត្រីភាពពីការដោះស្រាយបញ្ហាចំពោះមុខ ទៅជាការជួយមួយផ្នែកទៅលើការធានានិរន្តរភាពរបស់អង្គភាព គឺជាកិច្ចការ ដែលបានគិតគូរ និងចាប់ផ្តើមសាកល្បងអនុវត្តជាយូរឆ្នាំមកហើយ និងក៏បានដំណើរការទៅមុខផងដែរ ក្រោមរូបមន្ត “យកគ្រួសារទ័ព ចិញ្ចឹមទ័ព តាមរយៈក្រុមហ៊ុនឯកជន” ដែលជាគោលការណ៍ទិសដៅនៃការបង្វែរទិសនៅរកនិរន្តភាព និងភាពម្ចាស់ការ។ គ្រួសារទ័ព ដែលមានដីបង្ក​បង្កើនផល គឺជាអ្នកផ្គត់ផ្គង់ទិន្នផលឱ្យក្រុមហ៊ុន ដែលជួយផ្នែកបច្ចេកទេស និងទីផ្សារដល់គ្រួសារទ័ពវិញ។ “កងកម្លាំងប្រដាប់អាវុធ គឺជាខែលនៃការការពារជាតិ” គឺពិតជាត្រឹមត្រូវ ហើយរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជួយដោះស្រាយគោលនយោបាយជាច្រើន ដើម្បីឱ្យខែលនេះមានប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ លោកបន្ថែមថា ដើម្បីឱ្យគ្រួសារទ័ពមានជីវភាពប្រសើរ និងពង្រឹងស្មារតីរបស់កងទ័ពឱ្យកាន់តែមានលំនឹងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ចាំបាច់ត្រូវខិតខំអនុវត្តគោលការណ៍នេះ សំដៅធ្វើយ៉ាងណាឱ្យកងទ័ព និងគ្រួសារមានលទ្ធភាពចិញ្ចឹមខ្លួនឯងដោយប្រើប្រាស់យន្តការទីផ្សារនេះ បន្ថែមលើគោលរបប និងជំនួយឧបត្ថម្ភផ្សេងៗ។

លោកមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធ ក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ បណ្ដាស្ថាប័ន-អង្គភាពស៊ីវិល, សប្បុរសជន និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពយ៉ាងប្តូរផ្តាច់ សម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជានៅមានការជួបប្រទះនូវឧបសគ្គខ្លះៗមួយចំនួន ជាពិសេសក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងទទួលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០១ ឆ្នាំកន្លងមកនេះ។

សូមបញ្ជាក់ថា អង្គសិក្ខាសាលាបានគាំទ្រទិសដៅនៃការបង្វែរទិសមួយផ្នែក​នៃជំនួយសម្ព័ន្ធមេត្រីភាពឱ្យបម្រើទស្សនវិស័យយូរអង្វែង និងការសហការផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍន៍នានា ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពគ្រួសារយោធិន តាមរយៈការខិតខំជំរុញសកម្មភាពនានាជាអាទិ៍៖ ការខិតខំបន្តកសាងពង្រឹងអង្គភាពឱ្យបានរឹងមាំលើគ្រប់វិស័យ, ការបន្តកសាងនិងពង្រឹងប្រៀបការពារជាតិ, ការបន្តរៀបចំគម្រោងអភិវឌ្ឍផ្នែកកសិកម្ម ដោយភ្ជាប់នឹងការជួយគាំទ្រផ្នែកគ្រឿងយន្តកសិកម្ម កម្ចីឥណទានអត់ការប្រាក់ និងការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញដល់យោធិនមុនចូលនិវត្តន៍ និងកូនចៅយោធិន ដែលនេះគឺជាការផ្តល់ឱកាសលើកទឹកចិត្តសំខាន់ ដោយពិតជាបានជួយឱ្យពួកគាត់មានលំនឹងជីវភាពគ្រួសារសមរម្យក្នុងសង្គមជាតិ។

ជាទិសដៅទៅមុខ សូមចូលរួមមតិយោបល់ដូចខាងក្រោម៖​ បន្តពង្រឹងប្រព័ន្ធការងារ គណនេយ្យភាព និងប្រសិទ្ធភាពលើកិច្ចការសម្ព័ន្ធមេត្រីភាព ដើម្បីនិរន្តរភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ និងទទួលបាននូវការគាំទ្រ ការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។​ បន្តផ្តល់ជាត្រីវិស័យ និងការតម្រង់ទិសដល់​បណ្តាប្រតិបត្តិករពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ សំដៅពង្រឹងឱ្យបាននូវការ​អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងគោលការណ៍ពាក់ព័ន្ធនឹងការងារ​សម្ព័ន្ធមេត្រីភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅ និងឈរលើ​ផែនការច្បាស់លាស់ទាំងចំពោះមុខ និងយុទ្ធសាស្ត្រ។​ បន្តលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកិច្ចសន្ទនា រវាងភាគីទទួលជំនួយ និងភាគីអ្នកផ្តល់ជំនួយឱ្យបានគ្រប់កម្រិត ដើម្បីពង្រឹងនូវទំនុកចិត្ត និងទំនាក់ទំនងកាន់តែជិតស្និទ្ធ៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ