ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! លោកតា​ទាំង​២​នាក់​រស់នៅ​ពឹង​សំយាបផ្ទះ​អ្នកស្រុក និង​ជាប់​ចិញ្ចើម​ផ្លូវ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកតា​២​នាក់ រស់នៅ​ក្រោម​សំយាបផ្ទះ​អ្នកស្រុក និង​ជាប់​ចិញ្ចើម​ផ្លូវ​ផង ដេក​គ្មាន​មុង និង​ម្នាក់​គ្មាន​ទាំង​ខ្នើយកើយ​ជា​យូរ​មក​ហើយ ពិតជា​អាណិត​ពួក​គាត់​ណាស់ ។ លោកតា​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ លោកតា​២​នាក់ រស់នៅ​ក្រោម​សំយាបផ្ទះ​អ្នកស្រុក និង​ជាប់​ចិញ្ចើម​ផ្លូវ​ផង ដេក​គ្មាន​មុង និង​ម្នាក់​គ្មាន​ទាំង​ខ្នើយកើយ​ជា​យូរ​មក​ហើយ ពិតជា​អាណិត​ពួក​គាត់​ណាស់ ។

លោកតា​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ ស៊ឹ​ម សៃ អាយុ​៦០​ឆ្នាំ ជា​ជន​អាណា​ថា គ្មាន​ទីពឹង មានស្រុក​កំណើត នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​ឈ្មោះ គឹ​ម ចំរើន អាយុ​៥៤​ឆ្នាំ ។

លោកតា​ទី​១ អះអាង​ថា ជា​អតីត​អ្នក​មក​ពី​ជំរុំសាយធូ ហើយ​ថា គាត់​មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ នៅ​ខេត្ត​ស៊ី​សាកេ​ត ប៉ុន្តែ​ប្រពន្ធ​គាត់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បន្សល់​នៅ​កូនប្រុស​ទាំង​២ រស់នៅ​ស្រុក​ថៃ រហូត​ដល់​បច្ចុប្បន្ន ។ គាត់​បន្ត​ថា ក្រោយ​មាតុភូមិនិវត្តន៍​ពី​ជំរុំ​ជាយ​ដែន គាត់​បានរ​សាត់អណ្តែត​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អតីត​ស្រុក​អូរ​ជ្រៅ តាំងពី​សម័យ​ផ្ទះ​ហោះ​ផ្ទះ​ហើរ ប៉ុន្តែ​មិន​មាន​ដី​១​ដុំ ដើម្បី​ធ្វើ​ផ្ទះ​ស្នាក់​នៅឡើយ ដោយពេល​ខ្លះទៅ​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ ដោយ​មួយ​រយៈ​ចុង​ក្រោយ ពិសេស​សម័យ​កូ​វី​ដ​គ្មាន​ប្រាក់​ជួល​ផ្ទះ​គេ គាត់​ក៏​ធ្លាក់ខ្លួន​យក​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក​នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត​ធ្វើ​ជា​ជម្រក​តែ​ម្តង ។

ដោយឡែក បុរស​ចំណាស់​ទី​២ អះអាង​ថា គាត់​មាន​ប្រពន្ធ និង​កូន​ត្រឹមត្រូវ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ប៉ុន្តែ​គាត់​អះអាង​ថា ដោយសារ​អាណិត​បុរស​ចំណាស់​ទី​១ ដេក​ម្នាក់ឯង គាត់​ក៏​ចាក​ចេញពីផ្ទះ​មក​ដេក​ជាមួយ​គ្នា គ្រាន់​ជជែក​លេង​ពេល​អផ្សុក ។ អ្វី​ដែល​មើលទៅ​គួរ​ឲ្យ​អាណិត​ជីវិត​គាត់​ទាំង​២​នាក់​ហាក់​កំសត់​និង​វេទនាណាស់ ព្រោះ​ចាស់​ហើយ មុង​ក៏​គ្មាន ហើយ​បុរស​ទី​១ យក​កា​រ៉ុ​ង​ធ្វើ​ខ្នើយ​សម្រាប់​កើយ​ទៀត​ផង ។ តើ​វាសនា​ពួក​គាត់ និង​ទៅ​ជា​យ៉ាងណា បើ​ការ​ទទួលទាន និង​រស់នៅ​ដូច​ទិដ្ឋភាព​ឃើញជាក់ស្តែង​នេះ?​។

ក្រោយ​សាកសួរ​ពី​ប័​ណ្ឌ​ក្រីក្រ​លោកតា​ទី​១ អះអាង​ថា មិន​ដែល​បាន​ទទួល​ទេ ។ លោកតា​ទី​១ លើក​ឡើង​ថា ជីវិត​ដ៏​កំសត់​របស់​គាត់ បច្ចុប្បន្ន​រស់​អាស្រ័យ​លើ​ការ​រើស​អេ​ត​ចាយ​ដោះស្រាយ​បាយ​ទឹក និង​ចំណាយ​លើ​ការ​ទិញ​ធូបមូស​ដុត​រាល់​យប់ ដោយ​១​យប់​១​ប្រអប់​ផង​ដែរ ។ ក្រោម​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក​ជិត​២​ឆ្នាំ គាត់​អះអាង​ថា បាន​ទទួល​របប​អង្គការ​លើ​ទឹកដី​កាស៊ីណូ​៥​គីឡូក្រាម​ម្តង និង​កាលពី​យប់​ថ្ងៃមុន មាន​ក្រុមការងារ​មួយ​មិន​ស្គាល់ ជួប​គាត់​ដល់​កន្លែង​ស្នាក់​នៅ​ប្រគល់​ប្រាក់​ឲ្យ​ជិត​២​ម៉ឺន​រៀល ។ ដ្បិត​លោកតា​ទាំង​២​អុជ​ធូបមូស ជុំវិញ​ទីតាំង​ដេក ប៉ុន្តែ​មិន​អាច​ជៀស​ផុត​ពី​មូស​ខាំ​បាន​ឡើយ ព្រោះ​ពេល​ឃើញ​សភាព​ដេក​ពួន​របស់​គាត់​ផ្ទាល់​ធូបមូស​បាន​រលត់​អស់ហើយ​ក្បាល ឬ​ដៃជើង​ពួក​គាត់​នៅ​កណ្តាលវាល ។

ឆ្លើយ​តប​សំណួរ​លោកតា​ទាំង​២​និយាយ​ថា បើ​មាន​មុង​មិន​អាច​ចងបាន​ព្រោះ​ជា​ចំណី​ផ្លូវ​អាច​ទើស​យានយន្ត​គេ​ចេញចូល​ទៅ​រក​សេវា​កោស​ជប់​នៅ​ម្តុំ​នោះ ។ លោកតា​ទី​១ ប្រាថ្នា​ចង់​មាន​កន្លែង​ស្នាក់​នៅ​ព្រោះ​គាត់​ចាស់​ហើយ គ្មាន​ទីពឹង​ទេ ហើយ​ទទូច​សុំ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​គាត់​ផង ។

អាជ្ញាធរ​កន្លង​មក​បាន​លើក​ឡើង​ថា ពលរដ្ឋ​ដែល​ទទួល​បាន​ប័​ណ្ឌ​ក្រីក្រ​ដ៍រាបណា​ជា​សមាជិក​ក្នុង​មូលដ្ឋាន​ដោយ​មាន​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ​ត្រឹមត្រូវ និង​ឆ្លងកាត់​ការ​ចុះ​សម្ភាសន៍​សួរនាំ​យ៉ាង​ល្អិតល្អន់​ពី​ក្រុមការងារ​សង្គមកិច្ច ឬ​សង្កាត់ បើជា​អ្នក​បន្លាស់​ទី ឬ​អ្នក​ចំណូល​ថ្មី​មិន​ទទួល​បាន​ប័​ណ្ឌ​ក្រីក្រ​ឡើយ ប៉ុន្តែ​អាជ្ញាធរ​ថា តែងតែ​ឲ្យ​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ និង​បរិភោគ​ជា​បន្តបន្ទាប់ ចំពោះ​អ្នកមាន​ជីវភាព​ខ្វះខាត​ទាំងនេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ