ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម ដោះលែងអ្នកលេងល្បែង​ស៊ីសងជល់មាន់ ដែលប៉ូលិសចាប់ នៅស្រុកអង្គស្នួល

3 ឆ្នាំ មុន
  • កណ្តាល

កណ្តាល៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តកណ្តាល បានសម្រេចជំនុំជម្រះផ្ទាល់…

កណ្តាល៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តកណ្តាល បានសម្រេចជំនុំជម្រះផ្ទាល់ និង​ដោះលែងអ្នកលេង​ល្បែងស៊ីសងជល់មាន់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអង្គស្នួល អោយមានសេរីភាព​ឡើងវិញ​។ ការសម្រេចជំនុំជម្រះផ្ទាល់​នេះ គឺ​បន្ទាប់ពីលោកស្រី ផាត់ សុគន្ធា ព្រះរាជ​អាជ្ញា​រង​សាលាដំបូងខេត្តកណ្តាល បានសម្រេច​ចោទប្រកាន់​ជនសង្ស័យ ២នាក់ ពីបទ លេងល្បែងស៊ីសងដោយខុសច្បាប់ ពុំរាងចាល តាមមាត្រា៤ កថាខណ្ឌ២ ស្តីពី ការបង្ក្រាបល្បែងស៊ីសង​។

មាត្រា៤ កថាខណ្ឌ២ ក្នុង​ច្បាប់បង្ក្រាបល្បែងស៊ីសង ចែងថា «ជនណាលេងល្បែង​ស៊ីសងជននោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល ដល់ប្រាំម៉ឺនរៀល ឬ​ជាប់ពន្ធនាគារ​ពី ១​សប្តាហ៍ ទៅ ១ខែ​។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យ​ជាប្រាក់ ៥ម៉ឺនរៀល ទៅ ៥សែនរៀល និងដាក់ពន្ធនាគារ​ពី ១ខែ ទៅ ១ឆ្នាំ»​។

ជនត្រូវចោទទី១ ឈ្មោះ អ៊ំ សំអាត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនត្រូវចោទទី២ ឈ្មោះ ឈឿង សុភក្រ័ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក នៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ម៉ូតូចំនួន ៣គ្រឿង ម៉ាកហុងដា សង់សេ១២៥ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GB 9447 ពណ៌ខ្មៅ ១គ្រឿង, ម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១៥ ពាក់ស្លាកកលេខ ភ្នំពេញ 1FL 4959 ចំនួន ១គ្រឿង, និងម៉ូតូម៉ាកហុងដាសង់សេ១២៥ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BH 6557 ចំនួន១គ្រឿង, មាន់ជល់ចំនួន ២ក្បាល, ជញ្ជីងថ្លឹងមាន់ ១គ្រឿង រួមទាំង​វត្ថុតាជាច្រើនទៀតផងដែរ​។

គួររម្លឹកថា ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២១ វេលាម៉ោង១៤៖២៥នាទីរសៀល នៅចំណុចគម្ពោធព្រៃខាងកើត ភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល៕ ដោយ៖ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ