វេណេស៊ុយអេឡា-អាមេរិក ៖ កាលពីល្ងាចថ្ងៃទី៥ មករា អ្នកគាំទ្រប្រធាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ ដែលកងទ័ពអាមេរិកចាប់ខ្លួនច្រើនពាន់នាក់ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងការ៉ាកាស់ ដោយស្រែកពាក្យថា លោកម៉ាឌូរ៉ូ សូមតាំងអារម្មណ៍ឲ្យមាំវេណេស៊ុយអេឡាក្រោកតស៊ូ ។ ពួកបាតុករទាមទារឲ្យដោះលែងលោកម៉ាឌូរ៉ូជាបន្ទាន់។
បាតុកម្មនោះ រៀបចំធ្វើតាមការអំពាវនាវរបស់រដ្ឋអំណាច ហើយប្រព្រឹត្តទៅដំណាលគ្នានឹងការធ្វើសច្ចាប្រណិធានរបស់លោកស្រីណានស៊ីរ៉ូឌ្រីហ្គេស ចូលកាន់តំណែងប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា និងក្នុងពេលដែលលោកម៉ាឌូរ៉ូនៅមុខតុលាការក្រុងញូវយ៉កបានបដិសេធរាល់ការចោទប្រកាន់និងថាលោកជាមនុស្សស្លូតត្រង់ ។ លោកថា លោកនៅតែជាប្រធានាធិបតីវេណេស៊ុយអេឡា។
ពួកបាតុករនាំគ្នាដើរហែក្បួនដោយលើកប៉ង់កាតដែលសរសេរថា ត្រាំ-ម៉ាកូរ៉ូប៊ីយ៉ូសុទ្ធតែជាឃាតករនិងជាអ្នកចាប់ពង្រត់ ។ តើឯណាទៅយុត្តិធម៌ពិតប្រាកដនៅសហរដ្ឋអាមេរិក? គ្មានការបង្ហូរឈាមដើម្បីដណ្ដើមប្រេងឡើយ ។ ពាក្យនោះ ចង់និយាយសំដៅលើបំណងរបស់លោកត្រាំដណ្ដើមយកធនធានប្រេងដែលសម្បូរបែបរបស់វេណេស៊ុយអេឡា។ លោកត្រាំនិយាយថានឹងកាន់កាប់វេណេស៊ុយអេឡាគ្មានកាលកំណត់ ហើយនឹងគ្រប់គ្រងធនធានប្រេងដ៏មហាសាលរបស់ប្រទេសនេះ។
ពួកបាតុករក៏លើកផងដែរតុក្កតាជារូបសំណាកលោកម៉ាឌូរ៉ូ និងភរិយាលោកស្រីស៊ីលីយ៉ាហ្វូរេសដែលនាំខ្លួន ដោយកម្លាំងទៅកាន់អាមេរិកដែរ ។ ពួកបាតុករនាំគ្នាស្រែកថា យើងដើរធ្វើបាតុកម្មតាមដងវិថីនានា ព្រោះយើងចង់បង្ហាញពិភពលោកថា ប្រធានាធិបតីរបស់យើងនិងភរិយាមិនមែនស្ថិតនៅតែឯងឡើយ។ ប្រជាជនត្រៀមបូជាជីវិតដើម្បីអ្នកទាំង២។
នៅក្នុងសភាវេណេស៊ុយអេឡា កូនប្រុសលោកម៉ាឌូរ៉ូលោកនីកូឡាស់អ័រនេស្តូម៉ាឌូរ៉ូហ្គ័ររ៉ាហៅនីកូឡាស់តូច ដែលជាសមាជិកសភាថ្លែងថា លោករង់ចាំនិងជឿជាក់ថាបិតាលោកនឹងបានវិលត្រឡប់មកប្រទេសវិញ ។ នាថ្ងៃទី៥ មករា លោកសម្ដែងពីការគាំទ្រដោយគ្មានលក្ខខណ្ឌ ចំពោះប្រធានាធិបតីស្ដីទីលោកស្រីរ៉ូឌ្រីហ្គេស ដោយលោកអះអាងថា បិតាលោកនិងម្ដាយចុងលោកនឹងបានវិលត្រឡប់មកវិញ ៕
ចែករំលែកព័តមាននេះ