រាជធានីភ្នំពេញ ៖ ក្រោមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវ និងបង្ក្រាបបានករណីលួចរថយន្ត ១ គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ជាបន្តបន្ទាប់ ។
ជាក់ស្តែង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះថា ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបបានករណីលួច (រថយន្ត) ០១គ្រឿង ឃាត់ជនសង្ស័យ៤នាក់ ។
ជនសង្ស័យចំនួន០៤នាក់រួមមាន:
១-ឈ្មោះ ឈឹម បូរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ លី រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៣-ឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទ្រា១ សងា្កត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ប្រាក់ អុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទ្រា១ សងា្កត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យក ៖ រថយន្ត០១គ្រឿងម៉ាក Prius ពណ៌ខៀវ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខភ្នំពេញ2BK-0148 មានលេខតួ JTDKB20U367081254 លេខម៉ាស៊ីន1NZU051712 ។
ចំពោះហេតុការណ៍ ៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១និង៣០នាទី ជនរងគ្រោះឈ្មោះ គ្រី រីកូ ភេទប្រុស អាយុ៤៦ឆ្នាំ បានទុករថយន្ត០១គ្រឿង ម៉ាក Prius នៅមុខផ្ទះលេខ៣៥B ផ្លូវលេខ២B ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោទ្វាររថយន្តត្រឹមត្រូវ រួចជនរងគ្រោះក៏បានចូលសម្រាកក្នុងផ្ទះ ។ លុះរហូតដល់វេលាម៉ោង០៤និង១៥នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានក្រោកពីដេកចេញទៅមើលរថយន្ត ស្រាប់តែបាត់រថយន្តពីកន្លែងទុក ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ ។
សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវតាមជំនាញ គឺឃើញសកម្មភាពជនសង្ស័យលួចរថយន្តរបស់ជនរងគ្រោះ នៅវេលាម៉ោង០២និង២៥នាទី យប់អធ្រាត្រ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ រួចសមត្ថកិច្ចក៏បានចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ខាងលើ រួម និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ