អន្តរជាតិ ៖ យោងតាមការព្យាករណ៍ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Deloitte បានឱ្យដឹងថា ក្លិបកំពូលដែលរកចំណូលបានខ្ពស់បំផុតទាំង២០នៅទី្វបអឺរ៉ុប នឹងត្រូវបាត់បង់ប្រាក់ចំណូលប្រមាណជាង២,៤ពាន់លានដុល្លារអាមេរិកនៅបញ្ចប់រដូវកាល ២០២០/២០២១ ដោយសារតែការរាតត្បាតកូវីដ១៩។
របាយការណ៍ចុងក្រោយបង្ហាញថា ក្លិបកំពូលទាំង២០បានបាត់បង់ចំណូលប្រមាណ ១,៣ពាន់លានដុល្លារអាមេរិកកាលពីរដូវកាល ២០១៩/២០ រួចទៅហើយ ដោយសារតែពួកគេតម្រូវលេងដោយគ្មានអ្នកទស្សនា និងប៉ះពាល់ប្រាក់ចំណូលពីសិទ្ធិការផ្សាយទូរទស្សន៍ផងដែរ។
ក្លិបដែលបាត់បង់ប្រាក់ចំណូលដោយសារវីបត្តិកូវីដ សុទ្ធតែចេញពីលីគកំពូលទាំង៥របស់អឺរ៉ុបដែលមានដូចជា៖ អង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់, បារាំង និង អ៊ីតាលី ហើយក្នុងចំណោមនោះក្លិប Barcelona ស្ថិតនៅកំពូលតារាងដែលបាត់បង់ប្រាក់ចំណូលច្រើនជាងបំផុត។
តាមការប្រៀបធៀបប្រាក់ចំណូលសម្រាប់រដូវកាល ២០១៨/២០១៩ ទៅនឹងរដូវកាល ២០១៩/២០២០ របស់ Deloitte បានបង្ហាញថា Barcelona បាត់ចំណូលពី១ពាន់លានដុល្លារមកនៅ ៨៦២លានដុល្លារ។ លេខ២ Real Madrid ពី៩១៧លានដុល្លារ មកនៅ ៨៦២លានដុល្លារ។ លេខ៣ Bayern Munich ពី៧៩៨លានដុល្លារ មកនៅ ៧៦៤លានដុល្លារ។ លេខ៤ Manchester United ពី៨៦១លានដុល្លារ មកនៅ ៦៩៩លានដុល្លារ។ លេខ៥ Liverpool ពី៧៣២លានដុល្លារ មកនៅ ៦៧១លានដុល្លារ៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ