រាជធានីភ្នំពេញ ៖ យុវជនជាបុគ្គលិកក្រុមហ៊ុនសេវាកម្មបោកអ៊ុតម្នាក់ សង្ស័យគេចម៉ោងការងារទៅបើករថយន្តក្រុមហ៊ុនដោយចិត្តខ្លួនឯង ស្រាប់តែបើកទៅកៀររថយន្ដមួយគ្រឿងម៉ាកឡិចស៊ីស ៤៧០(Lexus LX 470) បណ្តាលឱ្យរងការខូចខាត ហើយមិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមបើកគេច ប៉ុន្តែត្រូវម្ចាស់រថយន្តម៉ាកឡិចស៊ីស តាមទាន់ ទារសំណងខូចខាតចំនួន2500ដុល្លារ លុះគ្មានលទ្ធភាពសង ក៏សុំឱ្យក្រុមហ៊ុនជួយ តែក្រុមហ៊ុនមិនជួយ ថែមទាំងដាក់ពាក្យប្តឹងទៀត។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង9និង30នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ2021 នៅចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្ដបង្កមួយគ្រឿងខាងលើម៉ាក KIA BONGO iii ជាប្រភេទរថយន្តដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1831 ជារបស់ក្រុមហ៊ុនសេវាកម្មបោកអ៊ុត បើកបរដោយយុវជនម្នាក់ មិនស្គាល់ឈ្មោះ ជាបុគ្គលិកក្រុមហ៊ុន ។ ចំណែករថយន្តដែលរងការខូចខាតម៉ាកឡិចស៊ីស ៤៧០ (Lexus LX 470) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-9229 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពពីយុវជនបើករថយន្តបង្កបានប្រាប់អោយដឹងថា រូបគាត់ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនខាងលើនោះ តែនៅផ្នែកផ្សេង ហើយស្គាល់គ្នាជាមួយអ្នកបើកបររថយន្តដឹកអីវ៉ាន់របស់ក្រុមហ៊ុន ។
តាមប្រភពដដែលបានបន្តថា រាល់ពេលអ្នកបើកបរបើករថយន្តដឹកអីវ៉ាន់យកទៅអោយភ្ញៀវ រូបគាត់ក៏គេចម៉ោងការងារលួចឡើងរថយន្ដ សុំទៅជាមួយគេដែរ និងបានសុំបើករថយន្តជំនួសអ្នកបើកបរ ។ ដោយយល់ថាជាអ្នកស្គាល់គ្នា អ្នកបើកបររថយន្ដក៏ព្រមអោយគាត់បើក នៅពេលធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី គាត់ក៏បើកវ៉ាគេឯង ដោយងាកចង្កូតជ្រុលទៅកៀររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ៤៧០ (Lexus LX470) ពណ៌ទឹកប្រាក់ ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យខូចខាតកំពិតថ្ពាល់មុខខាងស្តាំ ធ្លាក់ស្តុបមួយចំហៀង ធ្វើឲ្យគាត់ភ័យស្លន់ស្លោ ក៏បន្ថែមល្បឿនរថយន្ដព្យាយាមបើកគេច ក៏ត្រូវម្ចាស់រថយន្តឡិចស៊ីសតាមឃាត់ទាន់នៅចំនុចស្តុបក្តាន់ពីរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះជួយសម្របសម្រួល ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តម៉ាកឡិចស៊ីសបានទារសំណងខូចខាតចំនួន2500ដុល្លារ ដើម្បីជាការព្រមានខ្លះដល់អ្នកបើកបរដែលគ្មានទំនួលខុសត្រូវ ។ ដោយសារតែមិនមានលទ្ធភាពសងប្រាក់ទៅខាងរថយន្តម៉ាកឡិចស៊ីស គាត់បានទាក់ទងទៅថៅកែសុំការជួយអន្តរាគមន៍ តែខាងថៅកែបានបដិសេធមិនជួយទេ និងឱ្យគាត់ដោះស្រាយដោយខ្លួនឯងទៅ ថែមទាំងដាក់ពាក្យប្តឹងរូបគាត់ទៀត ព្រោះគាត់បានល្មើសនឹងច្បាប់ការងារក្រុមហ៊ុន គេចម៉ោងការងារទៅបើករថយន្តក្រុមហ៊ុនដោយចិត្តឯង បង្កគ្រោះថ្នាក់ ហើយមិនព្រមឈប់ដោះស្រាយ ធ្វើអោយប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនទៀត ។
ក្រោយពេលកើតហេតុ យុវជនបើករថយន្តបង្កត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន ចំណែករថយន្ដទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយបន្តនៅនៅពេលក្រោយ ៕






ចែករំលែកព័តមាននេះ