រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធវីឡាមួយកន្លែងរបស់លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ជាអ្នកលក់ឡេតាមអនឡាញល្បីឈ្មោះ ដែលការឡោមព័ទ្ធនេះ មានបំណងឃាត់ខ្លួនលោកស្រីឧកញ៉ា តាមដីកាតែម្ដង ប៉ុន្តែពុំបានសម្រេចឡើយ ដោយសង្ស័យថា លោកស្រីឧញ៉ារូបនោះបានគេចខ្លួនបាត់ទៅហើយ ។
ហេតុការណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅស្ថិតនៅក្នុងបុរីមូនថោន (MOON TOWN) ក្នុងភូមិគោកចំបក់ សង្កាតចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពុំទាន់មានប្រភពច្បាស់ការណ៍ណាមួយ អះអាងថា មានរឿងអ្វីពិតប្រាកដនៅឡើយទេ ទើបឈានដល់កម្លាំងសមត្ថកិច្ចនគរបាល ទៅឡោមព័ទ្ធវីឡាមួយនេះ យ៉ាងជុំជិតបែបនេះទេ ។
បើយោងតាមការបង្ហើប ឲ្យដឹងពីមន្ត្រីនគរបាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យកោះសន្តិភាពដឹងថា លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ដែលជាម្ចាស់វីឡាខាងលើ មានរឿងបរិហារកេរ្តិ៍ ទៅលើលោកជំទាវមានឥទ្ធិពលចំនួន ២រូប ហើយត្រូវបានលោកជំទាវទាំង ២រូបនោះ ដាក់ពាក្យប្ដឹង ទៅកាន់នគរបាលក្រសួងមហាផ្ទៃ ។ រហូតដល់សំណុំរឿងធ្លាក់ដល់ដៃតុលាការ ទើបមានដីកាកោះអញ្ជើញលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី រូបនេះ ឲ្យចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញជាច្រើនលើក ប៉ុន្តែសាម៉ីខ្លួន មិនព្រមចូល ទើបពេលនេះ ឈានដល់ដីកានាំខ្លួនតែម្តង ។
ប្រភពដដែល បានប្រាប់កោះសន្តិភាពទៀតថា កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅតាមឃ្លាំមើល លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី តាំងតែវេលាម៉ោង១០ព្រឹកថ្ងៃដដែល មកម្ល៉េះ ដោយមានទាំងមេធាវី ដើមបណ្ដឹង ក៏ចុះទៅដែរ ក្នុងបំណងឃាត់ខ្លួនឧកញ៉ារូបនេះ ។ ប៉ុន្តែការឃ្លាំមើលរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ទើបកម្លាំងសម្រេចធ្វើការឡោមព័ទ្ធវីឡានោះតែម្ដង ខណៈនោះបានប្រទះឃើញរថយន្តឡិចស៊ីស ពណ៍ស ១គ្រឿងបើកចេញពីវីឡានេះ ហើយកម្លាំងបានឃាត់ដែរ ប៉ុន្តែមិនបានរកឃើញសាម៉ីខ្លួន ជិះក្នុងរថយន្តនេះឡើយ បន្ទាប់មកកម្លាំងបានដោះលែងរថយន្តនោះទៅវិញ ។
ទាក់ទងទៅនិងរឿងរ៉ាវនេះពុំទាន់ដឹងថា តើពិតប្រាកដបែបណានៅឡើយទេ ហើយមានការនិយាយតៗ គ្នាថា លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានកំពុងគេចខ្លួនហើយ ក៏ពុំទាន់ដឹងថា មានវាសនាបែបណានៅឡើយដែរ ។
គួររម្លឹកដែរថា កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ គេឃើញវត្តមានឧកញ៉ា អ៊ាន សៀវម៉ី ចូលមកបំភ្លឺ ចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅចូលមកបំភ្លឺ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីបរិហារកេរ្ដិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្ដទៅ នៅរាជធានីភ្នំពេញ ប៉ុន្តែបែរជាឃើញវត្តមាននាព្រឹកថ្ងៃទី២៣ ទៅវិញ មិនដឹងជាមូលហេតុអ្វី បានជាលោកស្រីឧកញ៉ា មកបំភ្លឺ មុនកាលកំណត់ដូច្នេះនោះទេ ។
សូមជម្រាបថា លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី មានអាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV01 តាមបណ្ដោយផ្លូវ គ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កាលនោះ បន្ទាប់ចូលមកបំភ្លឺ រយៈពេលជិត២ម៉ោងរួច លោកស្រី អ៊ាន សៀវម៉ី ចេញពីតុលាការវិញ គាត់មិនបានបកស្រាយអ្វី ជាមួយក្រុមអ្នកសារព័ត៌មាននោះទេ រួចឡើងរថយន្តម៉ាក Prus ជិះចេញទៅបាត់ ៕
ចែករំលែកព័តមាននេះ